អគ្គិភ័យឆាបឆេះផ្ទះលោក ពុធ មេភូមិជ្រាវ អស់ស្ទើរទាំងស្រុង
អគ្គិភ័យឆាបឆេះផ្ទះលោក ពុធ មេភូមិជ្រាវ អស់ស្ទើរទាំងស្រុង
ខេត្តសៀមរាប ៖ នៅ យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ អគ្គិភ័យបានឆាបឆេះផ្ទះលោក ពុធ មេភូមិជ្រាវអស់ស្ទើរទាំងស្រុង ដោយសារតែធ្វេសប្រហែសអុជភ្លើង ទៀន និងធូបទុកចោល នេះបើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន ។
នៅក្បាលព្រលប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឧបាសិកា រៀល រឺ ដែលត្រូវជាម្តាយក្មេករបស់លោកមេភូមិជ្រាវ បានឡើងទៅអុជធូបទៀន នៅជាន់ខាងលើរួចគាត់ចុះមកសម្រាកនៅបន្ទប់ជាន់ផ្ទាល់ដីរហូតដល់ម៉ោង២២និង៣០នាទីយប់ ក៏ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះសន្ធោរសន្ធៅនៅកន្លែងអុជធូប។ ការឆេះផ្ទះនេះបាត់បង់ និងខូចខាតរួមមាន: ផ្ទះធ្វើអំពីថ្មក្រោម និងឈើលើទំហ៊ុ ៧ម៉ែត្រ x ១៣,៥០ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះ អស់ទាំងស្រុង ,សម្ភារៈបរិក្ខា ឬគ្រឿងសង្ហាររឹមនៅក្នុងផ្ទះ,ឯកសារផ្សេង៖-សៀវភៅស្នាក់នៅ (ក២) ០១ ក្បាល-សៀវភៅគ្រួសារ (ក៤) ០១ក្បាល -ប័ណ្ណបើកបររបស់លោកពុធ មេភូមិ០១សន្លឹក-សំបុត្រកំណើត០១សន្លឹក- គ្រឿងអលង្ការ ឬរូបបិយប័ណ្ណ លុយខ្មែរចំនួន១០,៤០០,០០០៛ (ដប់លានសែសិបម៉ឺនរៀល)ផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យដែលបានមកដល់កន្លែងកើតហេតុមាន ៖ ទី១.រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ០២គ្រឿង។ ទី២ រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរាខេត្តសៀមរាប០១ គ្រឿង ។ ប្រើប្រាស់ឡានទឹកសរុបចំនួន០៥ឡាន ៕