ជំនួយការលោកឧកញ៉ាម្នាក់ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណី
ជំនួយការលោកឧកញ៉ាម្នាក់ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីស៊ីដាច់លុយចំនួន ១៥ ០០០ ដុល្លារ យកទៅរត់ការដោះលែងជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ ល្បែងស៊ីសងអនឡាញខុសច្បាប់
ភ្នំពេញ ៖ កាលពីរៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣ ជំនួយការលោកឧកញ៉ាម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីស៊ីដាច់លុយចំនួន ១៥ ០០០ ដុល្លារអាមេរិក យកទៅរត់ការដោះលែងជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ.ល្បែងស៊ីសងអនឡាញខុសច្បាប់ ។
ជនសង្ស័យឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ លក់ផ្កា និងជាជំនួយការលោកឧកញ៉ាម្នាក់ មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សំណុំរឿងនេះបានស្ថិតនៅលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានអះអាងថា ខ្លួនជាជំនួយការលោកឧកញ៉ាម្នាក់ អាចដោះស្រាយស្រាយជនជាតិចិន៣ នាក់ ដែលត្រូវសមត្តកិច្ចចាប់ខ្លួនពាក់ពន្ធករណីលេងល្បែងស៊ីសងអនឡាញដោយខុសច្បាប់ ឲ្យរួចផុតពីការឃាត់ខ្លួន និងជួយពួកគេ”ជនជាតិចិន៣នាក់”ដែលមកស្នាក់ នៅក្នុងប្រទេសកម្ពុជាខុសច្បាប់នោះ ឲ្យបានស្របច្បាប់ទៀតផង ប៉ុន្តែតម្រូវឲ្យបង់ប្រាក់ក្នុង១ នាក់ ១៥ ០០០ ដុល្លារអាមេរិក ។ ដោយមានការជឿទុកចិត្តជំនួយការលោកឧកញ៉ានោះ ភាគីខាងដើមបណ្តឹបានប្រគល់លុយម្នាក់ ៥ ០០០ ដុល្លារអាមេរិកស្មើ ១៥ ០០០ ដុល្លារ ឲ្យទៅជនសង្ស័យ ដើម្បីយកទៅរត់ការដោះលែងចិនដែលសមត្តកិច្ចចាប់ខ្លួន ។
ក្នុងពេលភាគីទាំងពីបានប្រគល់និងទទួលប្រាក់ ១៥ ០០០ ដុល្លារនោះ ជនសង្ស័យបានធ្វើកិច្ច សន្យា បើសិនរត់ការក្នុងរយៈពេលមួយសប្តាហ៍ មិនបានសម្រេចទេ គេនិងប្រគល់ប្រាក់ឲ្យគ្រប់ចំនួនវិញ ហើយដើម្បីឲ្យមានភាពស្មោះត្រង់ជាមួយគ្នា ជនសង្ស័យបានចេញមូលប្បទានប័ត្រ “សែក”មួយសន្លឹកឲ្យទៅភាគីដើមបណ្តឹង ។ ទីបំផុតពេលបានប្រាក់ដល់ដៃហើយ ជនសង្ស័យមិនគោរពតាមកិច្ចសន្យានោះទេ ពោលគឺមិនអាចមានលទ្ធភាពទៅដោះលែងចិន៣ នោះបាន ក៏ស៊ីដាច់លុយ ១៥ ០០០ ដុល្លារអាមេរិក រួមទាំងប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ទៀតផង ។
ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាទទួលរងការចោទប្រកាន់នោះមែន តែលុយទាំងអស់គឺបានឲ្យមនុស្សម្នាក់ទៀត យកទៅធ្វើកិច្ចការនេះដោយមិនបានជោគជ័យ ទើបត្រូវម្ចាស់លុយគេប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួននោះ ។ ដូចច្នេះមកដល់ពេលនេះជនសង្ស័យបើសិនគ្មានប្រាក់ដាក់តំកល់ធានាខ្លួនទេ កុំសង្ឃឹមបានទៅជួបជុំប្រពន្ធកូនវិញឡើយ អាចទៅសម្រាកនៅពន្ធនាគារមួយរយៈ ៕