Banner KNP Detail Top

ទ្វារទឹកទាំង៥ នៃសំណង់ស្ទាក់ទឹកស្ទឹងព្រែកត្នោត នៅរលាំងជ្រៃ ក្នុងខេត្តកំពង់ស្ពឺ បានបើកដល់កម្ពស់ ៧ ម៉ែត្រហើយ

ទ្វារទឹកទាំង៥ នៃសំណង់ស្ទាក់ទឹកស្ទឹងព្រែកត្នោត នៅរលាំងជ្រៃ ក្នុងខេត្តកំពង់ស្ពឺ បានបើកដល់កម្ពស់ ៧ ម៉ែត្រហើយ


ភ្នំពេញៈ នាថ្ងៃទី១៣ ខែមករា ឆ្នំា២០២៣ តែទឹកនៅប៉ែក នេះ នៅតែបន្តកើនឡើង ខណៈទឹកស្ទឹងព្រែកត្នោត នៅប៉ែកខាងក្រោម បានឡើងប្រៀបមាត់ស្ទឹង ។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំក្រសួងធនធានទឹក នៅតែអះអាងថា ជំនន់ទឹកស្ទឹងព្រែក ត្នោត នៅក្នុងរដូវប្រាំង ដែលមិនធ្លាប់មាននេះ វាមិនធ្ងន់ធ្ងរទេ ដោយសារក្រសួង បានចាត់វិធានការដោះទឹកជំនន់នេះ បានទាន់ពេលវេលា និងម៉្យាងស្ថានភាពភ្លៀងធ្លាក់ ខុសប្រក្រតីនេះ វាបានអស់ទៅវិញហើយ ចាប់ពីថ្ងៃទី១៣ មករាទៅ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅប៉ែកខាងលើ សំណង់ស្ទាក់ទឹករលាំងជ្រៃ មិនទាន់បានស្រកចុះនៅឡើយទេ ទោះបីជាទ្វារទឹកទាំង ៥ របស់សំណង់ បានបើកមួយទ្វារកម្ពស់ ៧ ម៉ែត្រ ពីរទ្វារកម្ពស់ ៦ ម៉ែត្រ សម្រាប់ទ្វារនីយមួយៗ និងពីរទៀត កម្ពស់ ៥ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ ហើយ យ៉ាងណាក៏ដោយ។ នៅពេលនេះ យើងមិនអាចទម្លាក់ទ្វារចុះ ឬលើកទ្វារទឹកឡើង ថែមទៀត បានទេ បើទម្លាក់ទ្វារ ចុះបន្តិច នឹងធ្វើឱ្យមានការលិចលង់ នៅតំបន់ខាងលើ ទំនប់រលាំងជ្រៃ និងបើកទ្វារទឹកបន្ថែមបន្តិចទៀត នឹងធ្វើឱ្យទឹកលិច តាមបណ្តោយ ស្ទឹងព្រែកត្នោត នៅប៉ែកខាងក្រោម និងធ្វើឱ្យទឹកស្ទឹងព្រែកត្នោត នៅទំនប់ ៧ មករា ជន់ឡើងខ្លាំង។


លោកប្រធានមន្ទីរ បានបញ្ជាក់ថា នៅពេលបើកទ្វារទឹកទាំង ៥ ដូចខាងលើហើយ ទឹកនៅខាងលើ ទំនប់រលាំងជ្រៃ នៅតែបន្តឡើង តែមិនឈានទៅដល់ការលិចលង់ នៅពាមឃ្លៃនោះនៅឡើយទេ។ ឯទឹកស្ទឹងព្រែកត្នោត នៅខាងក្រោមទំនប់រលាំងជ្រៃ ឡើងពេញប្រៀបមាត់ស្ទឹង។ ទឹកស្ទឹងបានឡើង ខ្វះបីតឹកទៀត ដល់ស្ពានថ្ម ក្បែរសាលា ខេត្តកំពង់ស្ពឺ ព្រមពេលទឹកធ្លាក់ពីចាន់ថ្នាល ចូលដល់ស្ទឹងព្រែកត្នោត តាមស្ពានអូរក្រាំង អំបិល និងទឹកហូរមកពីប៉ែកភ្នំជាល ក៏បានដល់ស្ទឹងព្រែកត្នោត នៅក្បែរវត្តអំពែភ្នំ ។ ជំនន់ទឹកភ្លៀង នៅប៉ែក ខាងចាន់ថ្នាល មុននឹងហូរមកដល់ស្ទឹងព្រែកត្នោត បានលិចផ្លូវ និងភូមិមួយចំនួន ដែលពេលនេះ មិនទាន់ស្រកនៅឡើយទេ។ កម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន នៅទ្វារទឹករលាំងជ្រៃ នៅពេលទឹកឡើង ដល់កម្ពស់ ៧,៥០ ម៉ែត្រ តែពេលនេះ ទឹកបានឡើងដល់កម្ពស់ ៧,៧៨ ម៉ែត្រហើយ។
ស្ថានភាពទឹកស្ទឹងព្រែកត្នោត ថ្ងៃទី១៣ ខែមករា នៅរលាំងជ្រៃ មានកម្ពស់ ៧,៧៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១២ ខែមករា ០,២៦ ម៉ែត្រ ទឹកហូរពីលើកម្រិតកម្ពស់សន្ទះទ្វារធម្មតា ផ្នែកខាងលើកម្ពស់ ០,៧៨ មីលីម៉ែត្រ។ នៅពាមឃ្លៃ ទឹកមានកម្ពស់ ៧,២០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១២ ខែមករា ៣,១៤ ម៉ែត្រ។ នៅតាសាលទឹក មានកម្ពស់ ២០,២៥ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១២ ខែមករា ០,០៣ ម៉ែត្រ ទឹកហូរលើទំនប់បង្ហៀរកម្ពស់ ១,២៥ ម៉ែត្រ។ នៅទំនប់ ៧មករា ទឹកមានកម្ពស់ ៤,៤៦ ម៉ែត្រ ទាបជាងទំនប់បង្ហៀរ ០,៣៤ ម៉ែត្រ បើកទ្វារធំដោះទឹក ៤ សន្លឹក ដោយពីរសន្លឹក កម្ពស់ ៣ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ និងពីរទ្វារទៀត កម្ពស់ ២,៥០ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ។ នៅប៉ែកខាងក្រោមទ្វារទឹក មានកម្ពស់ ៦,៧០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១២ មករា ៣,៥០ ម៉ែត្រ។ កម្ពស់ទឹកមុខទ្វារ និងក្រោយទ្វារខុសគ្នា ០,៧៦ ម៉ែត្រ។
ស្ថានភាពភ្លៀងធ្លាក់ រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី១៣ ខែមករា នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ដែលជាផ្ទៃរងទឹកភ្លៀង របស់ស្ទឹងព្រែកត្នោត មានបរិមាណដល់កម្រិតពី ១ ដល់ ៨២ មីលីម៉ែត្រ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ ដឹងថា ទឹកស្ទឹងព្រែកត្នោត នៅប៉ែក ខាងលើ អាចបន្តឡើងថែមបន្តិចទៀត ហើយវានឹងស្រកចុះវិញ ដោយសារក្រសួង បានចាត់វិធាន ការគ្រប់គ្រងទឹក បានត្រឹមត្រូវ តាមបច្ចេកទេស និង ចាប់ពីថ្ងៃទី១៣ មករា ទៅ លែងមាន ភ្លៀងច្រើនថែមមកទៀតហើយ រហូតដល់ក្រោយថ្ងៃទី២០ ខែមករា។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថាៈ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃ ជាប់គ្នាមកនេះ មានបរិមាណ ដល់កម្រិតជាង ៣០០ មីលីម៉ែត្រ នៅស្ទើរគ្រប់កន្លែង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នាំឱ្យទឹកស្ទឹងព្រែកត្នោត ជន់ឡើងនៅក្នុងរដូវប្រាំង ដែលស្ថានភាពបែបនេះ មិនដែលមានរយៈពេលជាង ២០ ឆ្នាំមកហើយ នេះជាការបញ្ជាក់ថា ធាតុអាកាស ពិតជាមានការប្រែ ប្រួល មែនហើយ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ភ្លៀងដែលធ្លាក់នៅក្នុងខេត្តកំពង់ស្ពឺ មួយផ្នែកធំ វានឹងធ្លាក់ចូលមកក្នុងស្ទឹងព្រែកត្នោត និងមួយផ្នែកទៀត វានឹងធ្លាក់ទៅផ្លូវជាតិលេខ៥(គីឡូម៉ែត្រលេខ៣៩ និង ៤០ ) ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង តាមស្ទឹងក្រាំងពន្លៃ ដែល ពេលនេះ លោកបានបញ្ជាទៅប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ឆ្នាំង ឱ្យយកចិត្តទុកដាក់ តាមដានបិទ បើកទ្វារអាងទឹកអន្លង់ជ្រៃ ដើម្បីកាត់បន្ថយការលិចលង់ នៅផ្នែកខាងក្រោម ដោយមកដល់ពេលនេះ មិនទាន់មានការលិចលង់ ដល់ផ្លូវជាតិនៅឡើយទេ។ចំណែក ស្ថានភាពទឹកស្ទឹងព្រែកត្នោតវិញ លោកលឹម គានហោ បាននិយាយឱ្យដឹងថា មិនទាន់មានជំនន់មកដល់ រាជធានីភ្នំពេញនៅឡើយទេ។ ទឹកបានធ្លាក់ចូលស្ទឹង នៅក្នុងខេត្តកំពង់ស្ពឺ ព្រមពេលស្ថានភាពភ្លៀង នឹងអស់ទៅវិញ (នៅថ្ងៃ១៣ មករា) ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលអាចនឹងកើមានឡើងនេះ មិនធ្ងន់ធ្ងរទេ គឺអាចមានការលិច តែនៅតាមសងខាង មាត់ស្ទឹងរយៈពេលខ្លី ដោយសារយើង (លឹម គានហោ) បានចាត់ វិធានការបើកទ្វារទឹក មុនពេលជំនន់មកដល់ និងមានក្រុមការងារ បានប្រចាំការនៅតាម គោលដៅ ដែលក្រសួងបានបែងចែក ជាមួយនឹងគ្រឿងចក្រទាំងរបស់ក្រសួង និងរបស់ ក្រុមហ៊ុនចិន ដែលកំពុងសាងសង់ប្រព័ន្ធដោះទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានី ។ ស្ថានភាពទឹកស្ទឹងព្រែក ត្នោត នៅពេលនេះ មិនមានអ្វីគួរឱ្យបារម្ភទេ ដោយសារយើង សាកល្បងដោះទឹកជំនន់បែបនេះ រួចមួយវស្សាកន្លងទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង