គោយន្តកន្ត្រៃរាប់សិបគ្រឿងសម្រុកចូលទៅក្នុងដែនជម្រកសត្វព្រៃឡង់ ដើម្បីធ្វើការកាត់នឹងអារឈើលក់ឲ្យក្រុមហ៊ុន ស៊ីង បាយអូថេក
គោយន្តកន្ត្រៃរាប់សិបគ្រឿងសម្រុកចូលទៅក្នុងដែនជម្រកសត្វព្រៃឡង់ ដើម្បីធ្វើការកាត់នឹងអារឈើលក់ឲ្យក្រុមហ៊ុន ស៊ីង បាយអូថេក ក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ
ក្រចេះ៖ សកម្មភាពឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ស្ថិតតំបន់ការពារដែនជម្រកសត្វ «ព្រៃឡង់ » កំពុងរងការគំរាម
កំហែងពីសំណាក់ក្រុមឈ្មួញទុចរិតរកបទល្មើសព្រៃឈើដោយខុសច្បាប់ដឹកចូលក្រុមហ៊ុន ស៊ីង បាយអូថេក Think-Biotech;Co.ltd និងមានការឃុបឃិតជាបណ្តាញជាមន្ត្រីអនុរក្សបរិស្ថាន ដែលមានភារកិច្ចគ្រប់គ្រង និងការពារតំបន់ព្រៃឡង់តែម្តង។
សេចក្តីរាយការណ៍របស់ភ្នាក់ងារ អាណាចក្រខ្មែរបានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញសកម្មភាពនៃការកាប់អាឈើចេញពីក្នុងព្រៃក្បែរស្នាក់ការបរិស្ថានត្រពាំងសង្កែ កើតមានយ៉ាងអាណាធិបតេយ្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក សាំង សុខន នាយកដែនជំរកសត្វព្រៃឡង់តែម្តង។ សេចក្តីរាយការណ៍ បានឱ្យដឹងទៀតថា ក្រុមឈ្មួញបានគៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ប្រភេទឈើឈ្លិក ចំណុចទីតាំងមួយចំនួនដូចជា៖ អូរកំបោរ ,កំបោរជ្រោង ,ចែម៉ែ ,ត្រពាំងទា និងត្រពាំងសង្កែរ ភូមិសាស្ត្រទាំងនេះ ស្ថិតទល់មុខស្នាក់ការបរិស្ថានត្រពាំងសង្កែរ ប្រហែលជា១គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ប្រជាសហគមន៍ការពារព្រៃឡង់ បានប្រាប់ឱ្យដឹងថា ពួកគាត់បានសង្កេតឃើញមានជំរុំជាច្រើនត្រូវបោះក្នុងតំបន់អូរកំបោរ ដែលនៅមិនឆ្ងាយពីស្នាក់ការរបស់មន្ត្រីបរិស្ថានដែនជម្រកព្រៃឡង់ឡើយ ដោយពួកគេធ្វើសកម្មភាពអារផ្តូលរំលំដើមឈើធំពុះជ្រាកជាជ្រុងរួចដឹកតាមគោយន្តកន្ត្រៃ ឬគោយន្តកែឆ្នៃផ្សេងៗចូលទៅលក់ឱ្យក្រុមហ៊ុន ស៊ីង បាយអូថេក ដោយគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញបរិស្ថានឡើយ។ ប្រជាសងគមន៍បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសមន្ត្រីជាន់ខ្ពស់ថ្នាក់ក្រសួងមេត្តាជួយអន្តរាគមន៍ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ផង។ ពុំដូច្នេះទេ ព្រៃឡង់នឹងត្រូវរលាហិនហោចអស់ជាក់ជាមិនខាន។
សកម្មជនការពារព្រៃឈើ បានឲ្យដឹងទៀតថា ក្រុមហ៊ុន ស៊ីង បាយអូថេក ដែលមានទីតាំងជាប់ព្រំប្រទល់ ជាមួយតំបន់ព្រៃឡង់ កំពុងតែមមាញឹកក្នុងការដឹកជញ្ជូនឈើចេញព្រៃការពារចូលទៅក្នុងក្រុមហ៊ុនរបស់ ខ្លួន ដោយកែនប្រជាពលរដ្ឋនៅតំបន់នោះចូលទៅកាប់ឈើ នៅក្នុងព្រៃអភិរក្សយកមកលក់ឲ្យខ្លួនក្នុង មួយ ម៉ែត្រគូប ៤០ទៅ៥០ម៉ឺនរៀល។ ចំពោះក្រុមហ៊ុន ស៊ីង បាយអូថេកនេះ បានលក់ឈើបន្តឱ្យក្រុមហ៊ុន អង្គរផ្លាយវូត ដែលជាក្រុមហ៊ុនធំនាំឈើចេញទៅលក់នៅក្រៅប្រទេស។
សកម្មជនការពារព្រៃឈើ បាននិយាយថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ ឃើញមានសកម្មភាពឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃមុខកាត់ធំៗ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ពិសេសគឺនៅក្បែរស្នាក់ការបរិស្ថានត្រពាំងសង្កែរ មានសំឡេងរណាយន្តបំពង ទ្រហឹងពេញព្រៃ ប៉ុន្តែលោក សាំង សុខន នាយកដែនជំរកសត្វព្រៃឡង់ ឆ្លើយតបយ៉ាងខ្លីប្រាប់ថា «លោកមិនបានដឹងអំពីសកម្មភាពការកាត់ឈើនៅចំណុចទាំងប៉ុន្មាននោះឡើយចាំឱ្យកូនចៅទៅមើល»។
រឿងរ៉ាវកាប់បំផ្លិចបំផ្លាញព្រៃឈើ ក្នុងតំបន់ការពារព្រៃឡង់នេះ ស្រាប់តែមកម្លាំងសមត្ថកិច្ចក៏បានឆ្មក់ទៅបង្ក្រាបគោយន្តកន្ត្រៃដែលមានដឹកឈើមុខកាត់ធំៗបម្រុងនាំចូលទៅលក់ឲ្យក្រុមហ៊ុន ស៊ីង បាយអូថេក បានជាច្រើនគ្រឿងផងដែរ។
ប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា ចំពោះមន្ត្រីបរិស្ថានដែលប្រចាំការការពារនៅក្នុងដែនជម្រកសត្វព្រៃឡង់ ហាក់មានការតឹងរឹងចំពោះប្រជាពលរដ្ឋធម្មតា មិនឱ្យមានការចូលកាប់ឈើ ឬកាប់ឆ្ការវៀតយកដីធ្លីរបស់រដ្ឋ ប៉ុន្តែចំណែកឈ្មួញធំៗដែលមានឥទ្ធិពល និងមានលុយអាចចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋរាប់រយហិចតាយកជាកម្មសិទ្ធិ។ រីឯព្រៃឈើដែលនៅសេសសល់ក្នុងដែនជម្រកសត្វព្រៃបានការបើកដៃឲ្យក្រុមឈ្មួញកាប់អាឈើយកចេញយ៉ាងអាធិបតេយ្យយកទៅលក់ឱ្យក្រុមហ៊ុនគ្មានការបង្ក្រាបទប់ស្កាត់នោះឡើយ។
លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ក្រុមការងារសារព័ត៌មាន មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទរបស់លោកឆ្លើយប្រាប់ថាមិនអាចទំនាក់ទំនងបានរហូត ៕