សាលាគណរាជធានីភ្នំពេញ ស្នើគ្រប់វត្តអារាម វាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពង ដើម្បីចូលរួមអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា
សាលាគណរាជធានីភ្នំពេញ ស្នើគ្រប់វត្តអារាម វាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពង ដើម្បីចូលរួមអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា
(ភ្នំពេញ)៖ សាលាគណរាជធានីភ្នំពេញ បានស្នើដល់គ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ ធ្វើការវាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពង ដើម្បីចូលរួមអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងបានឲ្យដឹងថា សាលាគណរាជធានីភ្នំពេញ និងជំនាញពាក់ព័ន្ធ សូមប្រគេនព្រះអនុគណខណ្ឌទាំង១៤ ព្រះចៅអធិការ គ្រប់វត្ត ព្រះមេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគៀល-ណងណុក ស្មៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តឆ្ពោះទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។
នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៧៖២០នាទី សាលាគណ សូមស្នើព្រះអនុគណ ព្រះចៅអធិការគ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញ ព្រះមេត្តា វាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពងគ្រប់វត្តអារាម ដើម្បីចូលរួម អបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ បន្តឆ្ពោះទៅចំណុចវមណីយដ្ឋានវត្តភ្នំ នឹងទៅតម្កល់រក្សាទុកនៅ វត្តលង្កាព្រះកុសុមារាម រហូតដល់ចប់ក្បួនដង្ហែ៕