សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តម តាកាហាស៊ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគម ជប៉ុន-កម្ពុជា ដែលក្នុងនោះទី១-កំពុងរៀបចំវេទិកាព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែងរកការវិនិយោគនៅក្រៅប្រទេស។
ទី២-កំពុងជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកែសម្ផស្ស, លើសវិស័យជួសជុលយានយន្ត និងលើវិស័យ បដិសណ្ឋារកិច្ច។
ទី៣-កំពុងរៀបចំខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក្នុងនោះនឹងមានការអុចកាំជ្រួចអបអរសាទរផងដែរនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។
ទី៤-ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើកទីផ្សារ។
ទី៥-គោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ដែលបានធ្វើរបាយការណ៍ជូនសម្ដេច ហើយបានលើកទឹកចិត្តឱ្យបន្តការខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ដែលជាអាទិភាពរបស់កម្ពុជា ហើយនៅពេលនេះ កម្ពុជា ក៏មានច្បាប់វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោគនោះ នឹងផ្ដល់នូវភាពអនុគ្រោះច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា។
សម្ដេចតេជោ ក៏បានស្នើសុំឲ្យឯកឧត្តម តាកាហាស៊ី បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ហើយក៏បានជម្រាបជូនឯកឧត្តមផងដែរថា កម្ពុជា នៅពេលនេះ កំពុងមានគម្រោងបណ្ដុះបណ្ដាលជនក្រីក្រ ប្រមាណ១លាន ៥សែននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ បានស្នើសុំឲ្យឯកឧត្តម តាកាហាស៊ី ជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ សម្ដេចបានមានប្រសាសន៍ថា ផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើនទេ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ីដែលបានអបអរសាទរចំពោះការដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្ដេច ថា នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ គឺស្ថានភាពមានការពិបាកច្រើន ទាំងនៅក្នុងតំបន់ និងទាំងក្នុងពិភពលោក ព្រោះថា នៅពេលនោះ គឺមានបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា, ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាតៃវ៉ាន់, បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាការប្រឈមមុខខាងផ្នែកភូមិសាស្ត្រនយោបាយផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជា បានដឹកនាំកិច្ចប្រជុំដោយរក្សាបាននៅមជ្ឈភាពអាស៊ាន, សាមគ្គីភាពអាស៊ាន និងរក្សាបាននូវឥទ្ធិពលអាស៊ាន ក៏ដូចជាបានចេញសេចក្ដីថ្លែងការណ៍ និងឯកសារទាំងអស់ ដោយគ្មានការប្រឈមមុខដាក់គ្នាឡើយ ៕