Banner KNP Detail Top

មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រ ៥០សន្លឹក សម្រាប់មើលបាល់ទាត់ទេ

មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រ ៥០សន្លឹក សម្រាប់មើលបាល់ទាត់ទេ


(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងប្រាប់បណ្តាញថា មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រ ចំនួន ៥០សន្លឹក សម្រាប់មើលការប្រកួតបាល់ទាត់វិញ្ញាសារផ្នែកបុរស អាយុក្រោម ២២ឆ្នាំឡើយ។
បើតាមការលើកឡើងរបស់លោក កែវ សារ៉េត បានឲ្យដឹងទៀតថា ចំពោះករណីការចែកចាយរឿងមនុស្សម្នាក់ ទទួលបានសំបុត្រ ៥០សន្លឹក គឺជាការថតលេងសើចខុសទំនង របស់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបត្រូវមហាជនរិះគន់។
លោក កែវ សារ៉េត បានសម្តែងការពេញចិត្តលើលោក ប្រាក់ សុវណ្ណារ៉ា មន្ត្រីម្នាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានចេញមកបកស្រាយករណីនេះទាន់ពេលវេលា។ ជាមួយគ្នានេះ លោកក៏ស្នើសូមឲ្យមន្ត្រីមានការ ប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើសកម្មភាពនានា ជាពិសេសការបង្ហោះសារលើបណ្តាញសង្គម។
លោក កែវ សារ៉េត បានស្រង់ខ្លឹមសារបកស្រាយរបស់លោក ប្រាក់ សុវណ្ណារ៉ា យ៉ាងដូច្នេះ «គ្មាននរណាម្នាក់ មានសិទ្ធិទទួលបានសំបុត្រទាំងដុំទេ។ អ្នកទទួល សុទ្ធតែជាអ្នកតំណាងក្លិប ទទួលពីសហព័ន្ធផ្ទាល់ ដែលសហព័ន្ធផ្តល់ជូនគ្រប់ក្លិបទាំងអស់ រាល់ការប្រកួតអន្តរជាតិ មិនមែនតែលើកហ្នឹងទេ។ ហើយប្អូនវិសាល ដែលមិត្តភក្តិថត Tiktok គឺជានាយបេសកកម្ម ដែលមានតួនាទីទទួលសំបុត្រចែកជូនគ្រប់ប្រទេស ដែលពាក់ព័ន្ធចូលគាំទ្រក្រុមរបស់ខ្លួន។ សូមពិចារណាផង មិនគួរមើលតែមួយជ្រុងទេ»។
សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការប្រកួតសន្សំពិន្ទុមុនគេចេញពីពូល A ក្នុងចំណោម ៥ក្រុមរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា នៃយុទ្ធនាការមានរយៈពេល ២ឆ្នាំម្តងលើកទី៣២ នេះ។
ក្រៅពីឥណ្ឌនេស៊ី ប៉ះហ្វីលីពីន នាម៉ោង ៤៖០០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នោះ U22 របស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប៉ះ U22 ទីម័រខាងកើតផងដែរនៅម៉ោង ៧យប់ថ្ងៃដដែលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់ គ្រាដែលសំបុត្រចូលទស្សនាពុំមានគិតថ្លៃឡើយ។ ប៉ុន្តែ សំបុត្រសម្រាប់ចូលទស្សនាត្រូវបានចែកអស់យ៉ាងឆាប់រហ័សបំផុត។
តាមរយៈសារពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានផ្ញើសារណែនាំជូនអភិបាលរាជធានី-ខេត្ត ឱ្យរៀបចំការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ ក្រោយសាលទស្សនាមិនអាចផ្ទុកមនុស្សច្រើនតាមតម្រូវការជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង