បណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រជាជនជាម្ចាស់ប្រទេស ហើយ មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ
បណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រជាជនជាម្ចាស់ប្រទេស ហើយ មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ
ភ្នំពេញ ៖ ការបញ្ជាក់នេះ ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុក កំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមាន ប្រសាសន៍បញ្ជាក់ថា ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការ ជាអ្នកបម្រើរាស្ត្រ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍របស់ ប្រជាជនជាធំ ក្នុងគ្រប់កាលៈទេសៈ ដូចដែលស្តែងឡើងតាមរយៈ ការបង្កើតយន្តការជាច្រើនចុះបម្រើប្រជាពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន និងការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីការនៅក្នុង ពេលបំពេញមុខងារផងដែរ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងកាលៈទេសៈសុខ សន្តិភាព សេរីភាព និងភាពសម្បូរសប្បាយរុងរឿងដូចបច្ចុប្បន្ន, ប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនានាទាំងផ្នែកសាសនា និងអាណាចក្រ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន ព្រោះប្រជាពលរដ្ឋមានក្តី សង្ឃឹម ជឿជាក់ថា សមិទ្ធផលទាំងអស់ដែលកើតមានឡើង នឹងនៅបន្តឋិតថេរ គង់វង្សរាប់ជំនាន់តទៅ នៅក្រោមស្ថិរភាពរឹងមាំ ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្តេជ្ញាការពារដាច់ខាតសម្រាប់ជាតិ និងប្រជា ជន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអនុមោទនាត្រេកអរជា មួយ ប្រជាពលរដ្ឋក្នុងឃុំអន្សោង ស្រុកកំពង់ត្របែក ក៏ដូចជានៅទូទាំង ខេត្តព្រៃវែង ចំពោះសមិទ្ធផលជាច្រើនដែលបន្តកើតមានឡើង ក្នុងទីអារាមវត្តគ្រើលដ៏ចំណាស់ដែលរងការបំផ្លិចបំផ្លាញខ្លាំងក្នុងសម័យសង្គ្រាម ក្រោមកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមជាមួយនឹងការចូលរួមគាំទ្រពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត។
ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត, កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការក្នុងខេត្តព្រៃវែងទាំងមូល ដែលបាន បំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង ការរក្សានូវសន្តិសុខ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រម ជាមួយនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅធ្វើយ៉ាងណា បង្កលក្ខណៈដល់ការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរទ្បើងបន្ថែមទៀត៕