Banner KNP Detail Top

បំបែកសំណុំរឿងឃាតកម្ម ២ឆ្នាំមុន លើកុមារីឈ្មោះ លួត លីហ្សា នៅភូមិទំនប់ ក៥ ក្រុងប៉ោយប៉ែត

បំបែកសំណុំរឿងឃាតកម្ម ២ឆ្នាំមុន លើកុមារីឈ្មោះ លួត លីហ្សា នៅភូមិទំនប់ ក៥ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ កាលពីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដែលជាមេនគរបាលជំនាញព្រហ្មទណ្ឌ ប៉ិនប្រសប់ម្នាក់ បានដឹកនាំកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវ ហើយចិញ្ចឹមចិត្តបំបែកសំណុំរឿង ១ឆ្នាំមុននេះ ទីបំផុត ពិតជាបំបែកបានមែន។
បំបែកបានហើយ ! នូវសំណុំរឿងឃាតកម្មលើកុមារី ឈ្មោះ លួត លីហ្សា អាយុ ៧ ឆ្នាំ សិស្សសាលាបឋម សិក្សាទំនប់ក៥ នាភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ដែលកើតឡើង កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ម៉ោង ១២ៈ៣០នាទី ឬ ១ឆ្នាំមុន។

សូមរំលឹកថា យោងបណ្ដឹងពីពលរដ្ឋ ឈ្មោះ សំ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាកម្មករ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ជាឪពុករបស់កុមារីរងគ្រោះ ឈ្មោះ លួត លីហ្សា ភេទស្រី អាយុ៧ឆ្នាំ ជាសិស្ស ដូចខាងលើ បានបាត់ខ្លួននៅម៉ោង ១១ ថ្ងៃត្រង់ នាថ្ងៃនោះ គឺមិនឃើញត្រឡប់មកផ្ទះ ហើយក៏មិនឃើញនៅសាលាដែរ ។
ការព្រួយបារម្ភ និងសង្ស័យបានផ្ទះឡើង។ ប៉ុន្តែ បន្ទាប់មក បានរកឃើញកាតាប សៀវភៅ និងស្បែកជើងរបស់នាង នៅផ្លូវលំ ១កន្លែង រួចនៅយប់នាថ្ងៃដដែលនោះ ក៏រកឃើញសពដែលឃាតក ជីកកប់រាក់ ក្បែររបងដីពលរដ្ឋ ១កន្លែង ។
សមត្ថកិច្ចចម្រុះ បានចុះធ្វើកោសល្យវិច័យសព និងត្រួតពិនិត្យកន្លែងកើតហេតុ ហើយខិតខំស្រាវជ្រាវ ស្ទើរអស់លទ្ធភាព និងសមត្ថភាព នៅតែមិនអាចបំបែកបាន ។
ជាមួយគ្នានោះដែរ នគរបាលជំនាញ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងរហូតពីនគរបាលអូស្ត្រាលី ដែលមានកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើយុត្តិធម៌លើកុមារ ក៏បានចូលរួមស្រាវជ្រាវយ៉ាងសកម្ម លើករណីឃាតកម្ម ដែលប្រែជាអាថ៌កំបាំងនេះ ។
ព្រឹត្តិការណ៍ដោយឡែកមួយទៀត ជួនជាខួប ១ឆ្នាំ នៃអំពើឃាតកម្មនេះហើយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យ រយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្ដបន្ទាយមានជ័យ» នៅទីស្ដីការគណៈ រដ្ឋមន្ដ្រី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ កន្លងមក អ្នកសារព័ត៌មាននានា ក្រៅពីសួរសំណួរសំខាន់ៗ ទៅកាន់លោកអភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព បញ្ជាការដ្ឋាន ក្នុងនោះ ក៏សួសំណួរស្រួចមួយ បានឆ្ពោះទៅលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទាក់ទិនការអនុវត្ត ផែនការគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ សំណួរមួយ ស្រាប់តែ ផ្តោតសើរើ និងជជីកលើករណីឃាតកម្ម លើកុមារី លួត លីហ្សា សិស្សសាលាបឋម សិក្សា ទំនប់ ក៥ នោះ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ស្នងការ បានសង្ខេបពីសារបានសាច់រឿង ខ្លីខ្លឹម ជាមួយលំហូរសាច់រឿងណែងណង ទាំងអង្គហេតុ ទាំងអង្គច្បាប់ យ៉ាងកន្ត្រាក់ អារម្មណ៍ ដែលអាចទទួលយកបាន និងប្រកបដោយការទទួលខុសត្រូវ ។
វិលមកការបង្ហើបលទ្ធផលស្រាវជ្រាវឯណេះវិញ បានបង្ហាញថា ” ឃាតក គឺជាបុរស អ្នកជិតខាងម្នាក់ ដែលជិះម៉ូតូបុកចំពីមុខ និងថ្ងាសកុមារី បណ្តាលឱ្យដួលស្លាប់ ហើយរកវិធីលាក់សព រួចជីកដីកប់រាក់ៗ ដូចខាងលើ “ គឺមិនមែនជាអ្នកបើកឡាន ឬជាអ្នកពីឆ្ងាយឯណាឡើយ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានប្រាប់ឲ្យដឹងថា ក្រោយសន្និសីទសារព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកពិតជាបានរៀបចំផែនការសកម្មភាពលម្អិត ជំនាញស៊ីជម្រៅឡើងវិញមួយ ដើម្បីឈានទៅបំបែកសំណុំរឿងព្រហ្មទ័ណ្ឌ លើកុមារី សិស្ស លួត លីហ្សា នោះមែន ។ ប៉ុន្តែលោកមិនព្រមប្រាប់ថា ពិតជាបំបែកបាន ឬក៏មិនបាននៅឡើយទេ ។ លោកបាននិយាយថា សំណុំរឿង សមត្ថកិច្ចនៅបន្ត ស្រាវជ្រាវ តែមានពន្លឺខ្លះហើយ ៕

អត្ថបទដែលជាប់ទាក់ទង