Banner KNP Detail Top

ព្រះអគ្គិជ័យកីឡា បន្តមកដល់ខេត្តកំពង់ចាម ទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់

ព្រះអគ្គិជ័យកីឡា បន្តមកដល់ខេត្តកំពង់ចាម ទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់

(ភ្នំពេញ)៖ យោងតាមតារាងកម្មវិធី ដែលបណ្តាញ ទទួលបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖៤៥នាទីល្ងាចនេះ នឹងមានពិធីទទួលព្រះអគ្គិជ័យកីទ្បា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដង្ហែទៅវត្តលង្កាព្រះកុសុមារាម។ បន្ថែមលើនេះនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទីព្រឹក នឹងមានពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា នៅមុខស្ថានទូតសិង្ហបុរី ដង្ហែទៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។
ព្រះអគ្គិជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានបន្តដំណើរមកដល់ខេត្តកំពង់ចាមហើយ បន្ទាប់ពីទទួលបានជោគជ័យលើការដង្ហែតាមបណ្តាខេត្ត គិតចាប់តាំងពីព្រះអគ្គិជ័យកីឡាចាកចេញពីខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ ខណៈបានបន្តដង្ហែតាមក្បួនដែលអមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿងឆ្ពោះមកកាន់រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសានេះ។
ពិធីដង្ហែនេះដឹកនាំដោយ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ទទួលបានការស្វាគមន៍ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ មុនបន្តដំណើរទៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។
សូមជម្រាបថា ព្រះអគ្គីជ័យកីឡា ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញនាថ្ងៃទី២៧ ខែមេសា ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា។
សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។
ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅកាន់ប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង