Banner KNP Detail Top

អ្នកជំនាញការព័ត៌មានអូឡាំពិកប្រចាំអាស៊ី ៖ ការមិនយកថ្លៃសព្វបែបយ៉ាង ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមនៅកម្ពុជា ជារឿងពិសេសបំផុតមិនធ្លាប់មាន កំពុងនាំឱ្យមានការចាប់អារម្មណ៍ពីលើពិភពលោក

អ្នកជំនាញការព័ត៌មានអូឡាំពិកប្រចាំអាស៊ី ៖ ការមិនយកថ្លៃសព្វបែបយ៉ាង ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមនៅកម្ពុជា ជារឿងពិសេសបំផុតមិនធ្លាប់មាន កំពុងនាំឱ្យមានការចាប់អារម្មណ៍ពីលើពិភពលោក


(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ ទីប្រឹក្សាយោបល់ផ្នែកព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម (CAMSOC) និងជាអ្នកជំនាញការព័ត៌មានអូឡាំពិកប្រចាំអាស៊ី លោកស្រី ញៀន ទយយ៉ុកហោ បានថ្លែងថា ការមិនយកថ្លៃសព្វបែបយ៉ាងក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជារឿងពិសេសបំផុតមិនធ្លាប់មាន កំពុងនាំឱ្យមានការចាប់អារម្មណ៍ពីលើពិភពលោក។
ថ្លែងក្នុងកិច្ចសម្ភាសន៍ក្រោយពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានកណ្តាល (Main Press Conference) នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោកស្រី ហោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា វាជារឿងមួយ ដែលមិនធ្លាប់មានពីមុនមក ហើយដែលឥឡូវនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីពិភពលោកទាំងមូល។ វាមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់តែក្របខណ្ឌអាស៊ានមួយទៀតទេ ព្រោះដូចដែលខ្ញុំបានរៀបរាប់ប្រាប់អ្នកថា វាជាព្រឹត្តិការណ៍ដំបូងគេនៅក្នុងស៉ីហ្គេម ដែលមិនគិតថ្លៃលើអ្វីទាំងអស់។ ចំពោះការមិនយកថ្លៃផ្សាយបន្ត និងសិទ្ធិផ្សព្វផ្សាយ អាចថាជារឿងធម្មតា ព្រោះក្នុងប្រវត្តិសាស្ត្រស៉ីហ្គេម មានតែប្រទេសឡាវប៉ុណ្ណោះ ដែលក្នុងពេលមួយនោះ បានលក់សិទ្ធិផ្សាយបន្តនេះ ប៉ុន្តែប្រទេសផ្សេងទៀត បានផ្តល់ជូនដោយមិនគិតថ្លៃ។ រីឯការផ្តល់ការស្នាក់នៅ និងសេវាកម្មដោយមិនគិតថ្លៃ គឺមានលក្ខណៈពិសេសមិនធ្លាប់មានពីមុនមកនោះទេ ហើយខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា ចំពោះទង្វើនេះ»។
ជំនាញផ្នែកព័ត៌មាន ដែលទទួលបន្ទុកលើប្រទេសចំនួន ៤៤ នៅតំបន់អាស៉ី បានបន្ថែមថា លោកស្រីរីករាយណាស់ដែលបានមកកម្ពុជា ហើយលោកស្រីបានកោតសរសើរចំពោះការរៀបចំទាំងអស់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាពិសេស និងជាទូទៅ សម្រាប់អ្នកចូលរួមទាំងអស់។ អ្វីដែលពិសេសនោះ គឺវាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស៉ីហ្គេម ដែលគណៈកម្មាធិការរៀបចំស៉ីហ្គេមកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មិនយកថ្លៃលើអ្វីទាំងអស់ ជាក់ស្តែង អាហារសម្រន់ដែលរៀបចំសម្រាប់អ្នកសារព័ត៌មាន និងការស្នាក់នៅ ក៏ដូចជាសេវាកម្មផ្សេងៗ សម្រាប់អ្នកចូលរួមផ្សេងទៀត។ ដូច្នេះ លោកស្រីគិតថា វាជាឱកាសល្អសម្រាប់អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ ដែលមកទីនេះ ដើម្បីសង្កេតការណ៍លើព្រឹត្តិការណ៍នេះ និងដើម្បីឃើញពីការអភិវឌ្ឍដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ហោ បានថ្លែងទៀតថា ទោះបីជាវាជាលើកទីមួយរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេមនេះ ប៉ុន្តែនៅឆ្នាំ១៩៦៦ កម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះ GANEFO ហើយវាក៏ជាព្រឹត្តិការណ៍កីឡាមួយផងដែរ។ ទោះបីជាអស់រយៈពេល ៦០ឆ្នាំមកហើយ។
ឥឡូវនេះ ជាមួយនឹងការអភិវឌ្ឍដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដឹកនាំដ៏អស្ចារ្យពីរដ្ឋាភិបាល ដូច្នេះលោកស្រីអាចមើលឃើញថា វាគឺជាការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជាខ្លួនឯង និងវិស័យកីឡា ដោយក្នុងនោះរួមមាន ៖
* ទី១៖ ហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះ អ្នកអាចមើលឃើញពីពហុកីឡដ្ឋានថ្មី ស្ថាបត្យកម្ម ក៏ដូចជាកន្លែងកីឡាផ្សេងៗ ដែលវាពិតជាល្អណាស់ និងមានផាសុកភាពសម្រាប់គ្រួសារកីឡាទាំងអស់នៅទីនេះ។
* ទី២៖ ការរៀបចំសម្រាប់អ្នកចូលរួមទាំងអស់។ វាគឺជាការរៀបចំ និងសមិទ្ធិផលដ៏ល្អប្រសើររបស់ CAMSOC។ លោកស្រី ហោ បន្តថា ក្នុងអំឡុងពេលជាច្រើនថ្ងៃដែលលោកស្រីនៅទីនេះ លោកស្រីបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងពីសំណាក់ អ្នកចូលរួមទាំងអស់របដ់គណៈកម្មការ CAMSOC ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។ លោកស្រីគិតថា អ្វីដែលគួរឱ្យវាយតម្លៃល្អបំផុត នៅទីនេះ គឺថាមពលរបស់យុវជននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការដឹកនាំដ៏អស្ចារ្យពីរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង