Banner KNP Detail Top

សង្ឃក្លែងក្លាយចំនួន៧នាក់ និងអ្នកបើកបររថយន្តម្នាក់ សមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួន ក្រោយពីនាំគ្នាគ្រងស្បង់ចីវរដើរបិណ្ឌបាត ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

សង្ឃក្លែងក្លាយចំនួន៧នាក់ និងអ្នកបើកបររថយន្តម្នាក់ សមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួន ក្រោយពីនាំគ្នាគ្រងស្បង់ចីវរដើរបិណ្ឌបាត ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវតាកន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៨នាក់ ៖ ទី១-ឈ្មោះ ជៀវ តាក់ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។ ទី២-ឈ្មោះ សៀន ម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ ទី៣-ឈ្មោះ ខាត់ ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ ទី៤-ឈ្មោះ ឈិន មិនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។ ទី៥-ឈ្មោះ ញិន គឹម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រាញ់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។ ទី៦-ឈ្មោះ ញិន សុខជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (ទើបចូលក្នុងក្រុមបាន៣ថ្ងៃ)។ ទី៧-ឈ្មោះ ផាន់ ប៊ុននុត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ទើបចូលក្នុងក្រុមបាន៣ថ្ងៃ) ។ ទី៨-ឈ្មោះ គិន ប៉ាវ ភេទប្រុស អាយុ៥៥ឆ្នាំ ជាអ្នកបើកបររថយន្តដឹកជញ្ជូនជនសង្ស័យ មានទីលំនៅភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។
សមត្ថកិច្ចដកហូតបានរថយន្តមួយគ្រឿងម៉ាកឡិចសុីស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2J-9003 , ស្បង់ចីវរ បាតលោក ឆត្រ ចំនួន៧ឈុត និងសម្ភារមួយចំនួនទៀត ។ បន្ទាប់ពីប្រទះឃើញជនសង្ស័យមួយក្រុម ធ្វើដំណើរតាមរថយន្តមួយគ្រឿងខាងលើ ហើយគ្រាដែលកំពុងនៅក្នុងរថយន្តបើកបណ្តើរ នាំគ្នាផ្លាស់ប្តូរខោអាវ ស្បង់ចីវរបណ្តើរ ខ្លះស្លៀកខោក្នុង តែមានគ្រងចីវរ ទើបកម្លាំងសមត្ថកិច្ចមានការសង្ស័យក៏ដេញតាមឃាត់ ពិនិត្យជាក់ស្តែង សាកសួរទើបបែកធ្លាយជាសង្ឃក្លែងក្លាយ បន្លំដើរបិណ្ឌបាតរកលុយកាក់ សម្ភារដើម្បីប្រយោជន៍របស់ខ្លួន ។


ឃាត់ខ្លួនបានជនសង្ស័យបន្លំធ្វើជាព្រះសង្ឃ បំភ័ន្តភ្នែកពុទ្ធបរិស័ទ ដើររៃអង្គាសសុំបច្ច័យតាមផ្ទះពលរដ្ឋ តាមផ្សារ តាមផ្លូវសាធារណៈ រួចមក ជនទាំងនោះត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងសហការជាមួយមន្ទីរធម្មការ និងសាសនាដើម្បីអនុវត្តបន្តតាមនីតិវិធី ។ ជនសង្ស័យទាំង៨នាក់បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគាត់ទិញស្បង់ចីវរ បាត កោរសក់ បន្លំធ្វើជាព្រះសង្ឃដើម្បីដើររកលុយកាក់ ៕

អត្ថបទដែលជាប់ទាក់ទង