Banner KNP Detail Top

ភ្ញាក់ផ្អើល! បុរសជនជាតិចិនម្នាក់ បានលោតចុះពីលើផ្ទះល្វែងជាន់ទី១ នៅក្នុង «បុរីរំចេក»

ភ្ញាក់ផ្អើល! បុរសជនជាតិចិនម្នាក់ បានលោតចុះពីលើផ្ទះល្វែងជាន់ទី១ នៅក្នុង «បុរីរំចេក»

ខេត្តបាត់ដំបង ៖ នៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ មានរថយន្តមួយគ្រឿងបានទៅដឹកជម្លៀសបុរសរូបនោះចេញភ្លាមៗពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែស្លាកស្នាមឈាមប៉ុន្មានដំណក់នៅលើការ៉ូ និងបក្សពួកចំនួន០៥នាក់ រាប់ទាំងស្ត្រីអ្នកបកប្រែម្នាក់ផង ត្រូវបានមន្ត្រីការិយាល័យអន្តោប្រវេសន៍ នាំយកទៅកាន់ស្នងការខេត្ត ដើម្បីសួរនាំ។
ហេតុការណ៍នេះ ពុំមានសមត្ថកិច្ចដឹងភ្លាមៗ ក្រោយពេលកើតហេតុនោះទេ បើទោះបីជាកន្លែងកើតហេតុ ស្ថិតនៅខាងកើតស្នងការដ្ឋានខេត្ត ចម្ងាយប្រមាណ៣០០ម៉ែត្រក្ដី។ លុះនៅថ្ងៃទី១៣ ខែមករា ទើបមានការភ្ញាក់ផ្អើល និងជ្រាបព័ត៌មាននេះដល់សមត្ថកិច្ច ក្រោយពីមានការខ្សិបខ្សៀវសួរនាំតៗគ្នា។
កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ និងកម្លាំងកងរាជអាវុធហត្ថប៉ុន្មាននាក់ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីសួរនាំព័ត៌មាន តែគេពុំឃើញវត្តមានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តចុះទៅកាន់ទីនោះទេ។ ហើយនៅកន្លែងកើតហេតុ ពុំមានប្រភពណាជាក់លាក់ទេ តែគេឃើញមានស្លាកស្នាមឈា.មប៉ុន្មានដំណក់បន្សល់ទុកលើឥដ្ឋការ៉ូខាងមុខផ្ទះល្វែង ដែលពួកចិនជួលស្នាក់នៅ (កន្លែងកើតហេតុ)។
នៅ ថ្ងៃទី១៣ ខែមករា ឆ្នំា២០២៣នេះ គេបានឃើញបុរសជនជាតិចិនម្នាក់លោតចុះពីលើផ្ទះល្វែងជាន់ទី១។ ប៉ុន្តែគេមិនដឹងថា តើជនជាតិចិនម្នាក់នោះមានរឿងអ្វីកើតឡើងទេ? ខណៈបក្សពួកគេប៉ុន្មាននាក់ទៀត បាននិងកំពុងស្នាក់នៅក្នុងផ្ទះនោះដែរ។ គេមិនបានដឹងថា តើជននោះរងរបួសបែបណា? ស្រាប់តែបន្តិចក្រោយមក គេឃើញមានរថយន្តមួយគ្រឿងដែលគេមិនចាំម៉ាក បានមកដឹកបុរសរូបនោះចាកចេញពីកន្លែងកើតហេតុភ្លាមៗផងដែរ។
ជនជាតិចិនមួយក្រុមនេះ មានទាំងស្ត្រីជាអ្នកបកប្រែម្នាក់ផង បានជួលផ្ទះនោះស្នាក់នៅ និងជិះសុទ្ធតែរថយន្តទំនើបៗ ចេញចូលយ៉ាងស្ងាត់ស្ងៀមពុំដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកក្បែរខាងឡើយ។ ហើយនៅកន្លែងកើតហេតុ ពេលមន្ត្រីការិយាល័យនគរបាលអន្តោប្រវេសន៍ចុះទៅដល់ ក្រុមចិនទាំងនោះកំពុងសម្ងំនៅក្នុងផ្ទះ ហើយត្រូវបានសមត្ថកិច្ចហៅឲ្យចេញក្រៅ ដើម្បីសួរនាំ។


ជាក់ស្ដែងពួកគេមានគ្នាចំនួន០៥នាក់ រាប់ទាំងស្ត្រីជនជាតិខ្មែរម្នាក់ជាអ្នកបកប្រែផង តែបើរាប់ទាំងជនម្នាក់ដែលលោតចុះពីលើផ្ទះទៀត គឺពួកគេមានគ្នាចំនួន០៦នាក់។ នៅខាងមុខផ្ទះគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងដែលក្រុមចិននេះជិះ គឺរថយន្តម៉ាកTOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-BP-6613 តែពុំមាននរណាបានដឹងថា តើជនជាតិកឺកឺមួយក្រុមនេះ ធ្វើការងារអ្វី មានមុខរបរអ្វីទេ?។
ជុំវិញករណីនេះ បើតាមមន្ត្រីអន្តោប្រវេសន៍ បាននិយាយថា គេបានត្រួតពិនិត្យជាបឋមទៅលើក្រុមជនជាតិចិននោះ ពាក់ព័ន្ធនឹងឯកសារ ឬលិខិតស្នាមនានា តែពួកគេហាក់ពុំមានឯកសារអ្វីត្រឹមត្រូវទេ។ ដោយឡែកបើនិយាយពីម្ចាស់ផ្ទះជួលវិញ ទំនងក៏មិនបានផ្ដល់ព័ត៌មានទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងតាមច្បាប់ទម្លាប់ដែរ នៅពេលជួលផ្ទះឲ្យក្រុមជនជាតិចិននេះស្នាក់នៅ លុះពេលមានបញ្ហាកើតឡើង ទើបមានការភ្ញាក់ផ្អើល ៕

អត្ថបទដែលជាប់ទាក់ទង