Banner KNP Detail Top

បង្ហាញមុខសញ្ញាចោរឆក់ ០២នាក់ ធ្លាប់ធ្វើសកម្មភាពអំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ និងជនបរទេស

បង្ហាញមុខសញ្ញាចោរឆក់ ០២នាក់ ធ្លាប់ធ្វើសកម្មភាពអំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ និងជនបរទេស

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខសញ្ញាចោរឆក់០២នាក់ ធ្លាប់ធ្វើសកម្មភាពអំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ និងជនបរទេសចំនួន ១៨ករណីក្នុងរាជធានីភ្នំពេញ ជាសាធារណៈ មុននិងត្រៀមខ្លួនបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
សូមជម្រាបជូនថា ករណីស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាជនសង្ស័យចំនួន០២នាក់ដែលធ្លាប់បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ និងជនបរទេសយ៉ាងសកម្មក្នុងរាជធានីភ្នំពេញរហូតដល់ចំនួន ១៨ករណី ខណៈដែលជនសង្ស័យបានកំពុងលេងល្បែងហ្គេមបាញ់ត្រីនៅខណ្ឌចំការមន។ ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្នុងអំពើឆក់ពីសំណាក់កងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញនៅគ្រាដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកងកម្លាំងជំនាញព្រហ្មទណ្ឌ និងជំនាញពាក់ព័ន្ធត្រូវពង្រឹងសន្តិសុខឱ្យបានម៉ឺងម៉ាត់ ជាពិសេសត្រូវរឹតបន្តឹងទប់ស្កាត់ និងបង្រ្កាបបទល្មើសឆក់ឱ្យមានប្រសិទ្ធិភាព ដើម្បីការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិមកអបអរសាទរប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅក្នុងរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៣ ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ។ ជនសង្ស័យរងការបង្រ្កាបចាប់ខ្លួនបានកាលពីថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នៅចំណុចកន្លែងលេងហ្គេមបាញ់ត្រីផ្សារចិន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០២នាក់មាន ១-ឈ្មោះ យ៉ាន់ សាន់ដេ ហៅឧត្តម សាន់ដេ ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅក្នុងវត្តចាន់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។ ២-ឈ្មោះ បាំង លេងហួរ ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែន សុខ ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងទៀតថា ៖ ជនសង្ស័យខាងលើធ្លាប់បានធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសសម្រេចចំនួន ១៨ករណី នៅចំណុចទី១-លើផ្លូវព្រះមុន្នីវង្សខណ្ឌចំការមន ២-នៅចំណុចមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ ៣-នៅចំណុចម្តុំផ្សារកាប់គោ ខណ្ឌចំការមន ៤-នៅចំណុចម្តុំវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ៥-នៅចំណុចផ្សារកាប់គោ ខណ្ឌចំការមន ៦-នៅចំណុចផ្សារកាប់គោ ខណ្ឌចំការមន ៧-នៅចំណុចក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ៨-នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ៩-នៅចំណុចក្រោយក្បែរផ្សារកាប់គោ ខណ្ឌចំការមន ១០-នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ១១-នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ១២-នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ១៣-ចំណុចផ្សារកាប់គោ ខណ្ឌចំការមន ១៤-នៅចំណុចផ្សារកាប់គោ ខណ្ឌចំការមន ១៥-នៅចំណុចផ្លូវខាងជើងអគារវឌ្ឍនៈ ខណ្ឌដូនពេញ ១៦-នៅចំណុចក្រោយផ្សារអ៊ីអន១ ខណ្ឌចំការមន ១៧-នៅចំណុចមុខហាងDOS ខណ្ឌចំការមន និង១៨-នៅចំណុចមុខវិទ្យាល័យវត្តភ្នំសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
កម្លាំងជំនាញព្រហ្មទណ្ឌកំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួកជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង