សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ នៅខេត្តបាត់ដំបង
សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ នៅខេត្តបាត់ដំបង
(បាត់ដំបង)៖ នៅចុងសប្តាហ៍នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ និងមានការអញ្ជើញចូលរួមពីសំណាក់សហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់ សមាជិកា សមាជិកសរុបប្រមាណជាង៤០០ នាក់នៅមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានបង្ហាញ មោទនភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជួយដល់កុមារី និងយុវតីតាមរយៈការអប់រំ ក្រៅប្រព័ន្ធ បណ្ដុះភាពក្លាហាន និងការជឿជាក់លើខ្លួនឯង បណ្ដុះគុណធម៌ សីលធម៌ និងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិនិងពេញចិត្តនូវការចូលរួមដោយស្មគ្រ័ចិត្តនិងជឿរជាក់ជាសមាជិកគ្រូសារថ្មីនៅថ្ងៃនេះផងដែរ។ លោកជំទាវ នឹងខិតខំឱ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី ឱ្យក្លាយជាសិស្សល្អ កូនល្អ ប្រជាពលរដ្ឋល្អ ដើម្បីជាសសរទ្រូងដ៏រឹងមាំដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។
លោកជំទាវបញ្ជាក់ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សាការបង្កើនសមត្ថភាព និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនងទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ទទួលបានការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។
លោកជំទាវ អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណចំពោះការចូលរួមជាមូលនិធិរបស់សប្បុរសជន និងសមាជិកភាពរបស់សមាជិកា សមាជិករបស់សមាគមតាមរយ:ការឧបត្ថម្ភជាសម្ភារៈ ថវិកា ស្មារតី ចំណេះដឹង សីលធម៌ គុណធម៌ និងបទពិសោធន៍ជីវិតល្អៗជាច្រើនដើម្បីឲ្យកុមារី យុវតីជាបុគ្គលល្អជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិ។
សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយដែលសមាគមកាយឫទ្ធិនារីកម្ពុជាប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីបន្ទាប់ពីលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ត្រូវបានបោះឆ្នោតគាំទ្រជាអគ្គស្នងការសមាគម ។គួរបញ្ជាក់ផងដែរថាសមាជិកទាំងអស់ដែលបានបញ្ចូលមានចំនួន២០៧៤រហូតមកដល់ថ្ងៃនេះ៕