Banner KNP Detail Top

កម្ពុជាទទួលបានមេដាយមាស ៥គ្រឿង ថៃ ១គ្រឿង ហ្វីលីពីន ២គ្រឿង ឡាវ ១គ្រឿង

កម្ពុជាទទួលបានមេដាយមាស ៥គ្រឿង ថៃ ១គ្រឿង ហ្វីលីពីន ២គ្រឿង ឡាវ ១គ្រឿង

ភ្នំពេញ៖ កីឡាករកីឡាការិនីកម្ពុជា ចំនួន ៦រូប ដែលទទួលបានមេដាយមាស ៥គ្រឿង នៅថ្ងៃទី៤ឧសភានេះ លើ ២ប្រភេទកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ក្នុងនោះ កីឡាជឺជិតស៊ូ មេដាយមាស ១គ្រឿង ( សម្តែងគូផ្នែកបុរស ២នាក់) និងក្បាច់គុនល្បុក្កតោ ៤គ្រឿង ( ស្ត្រី ២នាក់ បុរស ២នាក់ )។

ទទួលមេដាយមាស ដំបូងគេ គឺកីឡាករកម្ពុជា គង់មូណា មិថុរ៉ា និងទូច ពីរកក្កដា បានឈ្នះមេដាយមាស ក្នុងប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសាសម្តែងបុរសជាគូ។

ចំណែកមេដាយមាស ៤គ្រឿងទៀត បានទៅលើកីឡាករកីឡាការិនីកម្ពុជា ដែលសម្តែងទោលផ្នែកបុរស និងស្ត្រី ក្នុងប្រភេទវិញ្ញាសារក្បាច់គុនល្បុក្កតោ គឺវិញ្ញាសារ សម្តែងព្រលឹងគុនល្បុក្កតោ៖ ១-កីឡាករ ពន្លឺ ពេជ្រមរកត និង២-កីឡាការិនី ម៉ៅ លក្ខិណា។ ៣-វិញ្ញាសារ ទ្វារគុនអាវុធឥតមុខ គឺកីឡាករ គឹម ទិត្យសុវឌ្ឍន:។ ៤-កីឡាការិនី យស សញ្ចនា ទទួលបានមេដាយមាស លើវិញ្ញាសាសម្ដែងគុនល្បុក្កតោ គ្មានអាវុធ ផ្នែកនារី។
ដោយឡែក មេដាយមាស ៤គ្រឿងទៀត រួមមាន៖ ១-កីឡាជឺជីតស៊ូ វិញ្ញាសាសម្ដែងគូស្ត្រី កីឡាការិនីថៃ Kunsatri Kumsroi និង Suphawadee Kaeosrasaen។ ២-កីឡាការិនី ហ្វីលីពីន Kaila Isip Napolis ក្នុងប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសាប្រយុទ្ធ ផ្នែកស្ត្រី ទម្ងន់ ៥២គ.ក ( កីឡាការិនីហ្វីលីពីននេះ ឈ្នះកីឡាការិនីកម្ពុជា ខាន់ ចេសា )។ ៣-កីឡាករឡាវ Kongngern Inthisarn លើវិញ្ញាសាសម្តែងទ្វារមេគុនដៃ គុនល្បុក្កតោ។ ៤-កីឡាការិនីហ្វីលីពីន Angel Alcances Derla លើវិញ្ញាសាសម្ដែងទ្វាមេគុនអាវុធឥតមុខ (ខែលឬស្សី)។
សូមរម្លឹកថា នៅថ្ងៃទី៤ ខែឧសភានេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានផ្តល់ជូនមេដាយមាស ៩គ្រឿង ដល់កីឡាករកីឡាការិនី ក្នុងប្រភេទកីឡា ២ប្រភេទ គឺជឺជិតស៊ូ ៣គ្រឿង និងគុនល្បុក្កតោ ៦គ្រឿង។ ក្នុងនោះ កម្ពុជាយើង ទទួលបានមេដាយ ៩គ្រឿង ( មេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ៤គ្រឿង)។
តាមតារាងមេដាយនៃការប្រកួតស៊ីហ្គេម គិតត្រឹមយប់ថ្ងៃទី៤ឧសភានេះ គឺកម្ពុជា ឈរលេខរៀងទី១ ទទួលបានមេដាយ ៩គ្រឿង ( មាស ៥ និងប្រាក់ ៤គ្រឿង )។ ហ្វីលីពីន ៧គ្រឿង ( មាស ២ ប្រាក់ ២ និងសំរិទ្ធ ៣ )។ ថៃ ៣គ្រឿង ( មាស ១ ប្រាក់ ១ និងសំរិទ្ធ ១ )។ ឡាវ ៤គ្រឿង ( មាស ១ និងសំរិទ្ធ ៣ )។ ឥណ្ឌូនេស៊ី ៦គ្រឿង ( ប្រាក់ ១ និងសំរិទ្ធ ៥ )។ ហ្វីលីពីន ៤គ្រឿង ( ប្រាក់ ១ និងសំរិទ្ធ ៣ )។ វៀតណាម ទទួលបានមេដាយសំរិទ្ធ ៣គ្រឿង។
ការប្រកួតស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ នឹងបន្តប្រកួត រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយមាន ៣៧ប្រភេទកីឡា និងមាន ៥៨៦វិញ្ញាសា ស្មើនឹង ៥៨៦មេដាយមាស។ ដោយឡែក នៅថ្ងៃទី៥ឧសភាស្អែកនេះ ជាថ្ងៃប្រារព្ធពិធីបើកកីឡាស៊ីហ្គេម នៅស្តាតថ្មី មរតកតេជោ ដែលមិនមានការប្រកួតកីឡាអ្វីឡើយ។ ការប្រកួត នឹងបន្តនៅថ្ងៃទី៦ឧសភា បន្តរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៦ឧសភា ហើយនៅថ្ងៃទី១៧ឧសភា ជាថ្ងៃប្រារព្ធពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង