Banner KNP Detail Top

បណ្ឌិត ហ៊ុន ម៉ាណែត ៖ ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ គឺជាព្រឹតិ្តការណ៍ ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត

បណ្ឌិត ហ៊ុន ម៉ាណែត ៖ ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ គឺជាព្រឹតិ្តការណ៍ ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត តាមរយៈការបើកបង្ហាញ នូវសាវតារ និងភាពរុងរឿងថ្កើងថ្កាន នៃអរិយធម៌ខ្មែរ តាំងពីអតីតកាល រហូតមកដល់សម័យកាលទំនើប ជូនដល់សាកលលោក។ សមិទ្ធផលនេះ មិនមែនកើតឡើង ដោយចៃដន្យឡើយ ប៉ុន្តែគឺជាឧទាហរណ៍ជាក់ស្តែងមួយ នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះ ស្វែងរកគ្រប់ យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែចម្រុងចម្រើនរុងរឿង និងលើកកម្ពស់កិត្យានុភាពជាតិ ឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀត នៅលើឆាកអន្តរជាតិ។
ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផល នានា នៅក្នុងវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ស្ថិតក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៣។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរយៈកាលជាង ៤០ ឆ្នាំ, ការបង្កើត និងថែរក្សា សន្តិភាព បានពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ ព្រមទាំងការរួមសុខរួមទុក្ខ ជួយសង្គ្រោះអាយុជីវិតប្រជាជន ក្នុងគ្រោះអាសន្ន ដូចជាក្នុងកំឡុងនៃវិបត្តិជំងឺ កូវីដ-១៩ ហើយលើសពីនេះ គឺការធានាបាននូវនិរន្តភាព នៃឱកាសសម្រាប់ កំណើន និងការអភិវឌ្ឍ គឺជាសមិទ្ធផល ប្រកបសច្ចភាព ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។
ជាមួយគ្នានេះបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួម អនុមោទនាត្រេកអរ ចំពោះការកកើតឡើង ជាបន្តបន្ទាប់នូវ សមិទ្ធផលជាច្រើន ក្នុងទីអារាមដែលត្រូវបានផ្តួចផ្តើមកសាង ដោយព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៦២ និងបន្ទាប់មក ត្រូវបានបំផ្លិចបំផ្លាញ ដោយរបបប៉ុលពត គឺដូចនឹងស្ថានភាព សោកនាដកម្ម នៅទូទាំងប្រទេស ក្នុងសម័យកាលដ៏ ខ្មៅងងឹតនោះ។ ចាប់ពីឆ្នាំ១៩៧៩ ទីអារាមនេះ ក៏ត្រូវបានកសាង ទ្បើងវិញ ដោយការចូលរួមពីសំណាក់ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ រួមជាមួយនឹងរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុងមហាសាមគ្គីជាតិដ៏រឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង