Banner KNP Detail Top

ប្ដឹងទៅសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន ចោទមនុស្សមួយក្រុមថា បាននាំគ្នាជិះរថយន្តដើរលក់គ្រឿងអគ្គិសនី (សូឡា) បោកប្រាស់យកប្រាក់គ្រប់អស់ហើយ តែមិនប្រគល់ទំនិញគ្រប់ចំនួន

ប្ដឹងទៅសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន ចោទមនុស្សមួយក្រុមថា បាននាំគ្នាជិះរថយន្តដើរលក់គ្រឿងអគ្គិសនី (សូឡា) បោកប្រាស់យកប្រាក់គ្រប់អស់ហើយ តែមិនប្រគល់ទំនិញគ្រប់ចំនួន

ខេត្តបាត់ដំបង ៖ ករណីនេះ បានកើតឡើងកាលពី រសៀលថ្ងៃទី ៩ ឧសភា ឆ្នំា២០២៣នេះ នៅចំណុចភូមិបួរុន ឃុំត្រែង ស្រុករតនមណ្ឌល ទៅលើជនរងគ្រោះឈ្មោះ អឹម គុន្ធា ស្រីអាយុ២០ឆ្នាំ មានមុខរបរលក់ដូរ ។ ជនបោកប្រាស់មួយក្រុមនោះ មានគ្នាពី៥ទៅ៦នាក់ មានស្រី មានប្រុស ជិះរថយន្តម៉ាកសាំយ៉ុងពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2BG-2087 ។
ជនរងគ្រោះនាង អឹម គុន្ធា បានឲ្យដឹងថា ពេលនាងកំពុងលក់ដូរនៅផ្ទះ មានមនុស្សមួយក្រុមបានជិះរថយន្តដូចមានភិនភាគនេះ ទៅឈប់នៅខាងមុខផ្ទះនាង ។ ពេលនោះ មានមនុស្សចំនួន០៣នាក់ មានស្រីម្នាក់ផង និងខ្លះទៀតអង្គុយក្នុងរថយន្ត បានចុះដើរទៅជួបនិយាយជាមួយនាង ដោយបានអះអាងថា ពួកគេជាអ្នកលក់ស្រាបៀរ ហើយថែមទាំងមានលក់គ្រឿងអគ្គិសនីផងដែរ (សូឡា) បើត្រូវការអាចទិញយកទៅលក់បន្តបាន ។ ពេលនោះពួកគេបានយក«សូឡា»ប៉ុន្មានគ្រាប់មកបង្ហាញ។ ដោយសារនាងមានមុខរបរលក់ដូរ និងចង់លក់គ្រឿងសូឡាផង ទើបនាងសួរនាំពីតំលៃ«សូឡា» រហូតត្រូវថ្លៃគ្នា នាងក៏កុម្មង់ទិញយកប៉ុន្មានគ្រាប់ទុកលក់បន្ត ដែលគិតជាទឹកប្រាក់អស់ចំនួន៦៤៤ដុល្លា ។
នាងបញ្ជាក់ថា នាងបានប្រគល់ប្រាក់ឲ្យក្រុមឆបោកនោះគ្រប់ចំនួនភ្លាមៗ តែក្រុមឆបោកនេះ មិនបានប្រគល់ទំនិញឲ្យនាងគ្រប់ចំនួនទេ ប្រគល់តែវិក័យបត្ររាយមុខទំនិញ ដោយប្រាប់នាងថា ពួកគេដាក់អីវ៉ាន់(សូឡា) មកមិនគ្រប់ ហើយប្រាប់ឲ្យនាងជិះម៉ូតូតាមក្រោយទៅយកទំនិញឲ្យគ្រប់ចំនួនដែលពួកគេមានទីតាំងនៅផ្សារ«បាដាក» ស្ថិតក្នុងឃុំរស្មីសង្ហា។ ជាមួយនឹងបណ្ដាំឲ្យនាងជិះម៉ូតូតាមក្រោយទៅយកទំនិញបង្គ្រប់នោះ និងក្រោយទទួលបានប្រាក់គ្រប់ចំនួនដល់ដៃ ពួកគេហាក់បង្ហាញនូវសកម្មភាពគួរឲ្យសង្ស័យយ៉ាងខ្លាំង ។
ពួកគេហាក់ប្រញាប់ប្រញាល់បំផុត នាំគ្នាឡើងរថយន្ត ជាមួយនឹងការបញ្ជាក់ចុងក្រោយ ប្រាប់ឲ្យនាងទៅតាមយកទំនិញបង្គ្រប់នៅផ្សារ«បាដាក»។ ប៉ុន្តែជាមួយនឹងសកម្មភាពគួរឲ្យសង្ស័យនោះ នាងក៏បានថតស្លាកលេខរថយន្តនោះទុកបានមួយប្លង់ដែរ។ ក្រោយរថយន្តនោះចាកចេញផុតបន្តិច នាងក៏បានជិះទៅតាមក្រោយរហូតដល់ផ្សារ«បាដាក» ក្នុងឃុំរស្មីសង្ហា ហើយនាងក៏ទូរស័ព្ទទំនាក់ទំនងទៅក្រុមបោកប្រាសទាំងនោះតាមរយៈលេខដែលពួកគេបានឲ្យ តែពួកគេបិទទូរស័ព្ទស្ងាត់ឈឹង ទើបនាងដឹងច្បាស់ថា មនុស្សមួយក្រុមនោះ គឺជាក្រុមលក់គ្រឿងអគ្គិសនីបោកប្រាស់ ហើយនាងក៏បានរូសរាន់ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋាន សុំឲ្យជួយអន្តរាគមន៍ភ្លាមៗដែរ។
បច្ចុប្បន្ន គេសង្កេតឃើញមានរថយន្ត គ្រប់ប្រភេទ គ្រប់ម៉ាកដឹកទំនិញ ឬ ផលិតផលផ្សេងៗ ដើរលក់ព្រោងព្រាតនៅតាមទីជនបទដាច់ស្រយាល តែគេមិនដឹងថា ក្រុមហ៊ុនអ្វីខ្លះ លក់អ្វីឲ្យប្រាកដទេ។ អ្នកដឹកទំនិញលក់តាមរថយន្តចល័តទាំងនោះ តែងចុះទៅលក់ដូរនៅតាមតូប ឬតាមផ្ទះលក់ដូរនានា នៅតាមជនបទ ព្រោះងាយស្រូលភូតកុហកបោកប្រាស់។ ករណីនេះ គេមិនទាន់ដឹងថា តើសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និង ចាត់វិធានការ ឬមានតម្រុយពីក្រុមជនបោកប្រាស់ទាំងនោះខ្លះដែរ ឬ យ៉ាងណាទេ រហូតមកដល់ពេលនេះ ? ៕

អត្ថបទដែលជាប់ទាក់ទង