Banner KNP Detail Top

ជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន ឃាតកម្មនេះ ! ករណីបាញ់ប្រហារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ផ្ដើមចេញពីទំនាស់ក្នុងគ្រួសារ

ជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន ឃាតកម្មនេះ ! ករណីបាញ់ប្រហារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ផ្ដើមចេញពីទំនាស់ក្នុងគ្រួសារ


(កំពង់ចាម)៖ ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន២នាក់ ក្នុងនោះឈ្មោះ ផុន សុភ័ណ្ឌ ហៅចាប អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ជិន ចាន់ណា អាយុ៣៩ឆ្នាំ។
ឃាតកម្មនេះ! ដោយប្រើប្រាស់អាវុធខ្លីបាញ់ទៅលើជនរងគ្រោះ២នាក់ប្ដីប្រពន្ធ នៅភូមិអណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ផ្ដើមចេញពីទំនាស់ក្នុងគ្រួសារ។
របាយការណ៍បន្ថែមរបស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា ដើមឡើយជនរងគ្រោះ បានទូរស័ព្ទទៅជនដៃដល់ដែលត្រូវជាប្អូនជីទួតមួយ ឈ្មោះ ឆេង សេង ហៅធីវ ដើម្បីពិភាក្សាគ្នារឿង លើកផ្នូរជីដូនដែលបានកប់នៅលើដីរបស់ជនរងគ្រោះឈ្មោះ ផុន សុភ័ណ្ឌ ហៅចាប (ប្ដីស្ដ្រីដែលបាត់បង់ជីវិត)។
ក្រោយមកជនដៃដល់បានបើករថយន្ដមួយគ្រឿង មកដល់ផ្ទះជនរងគ្រោះ ដែលមានទីតាំងនៅភូមិឃុំខាងលើ ដើម្បីពិភាក្សាគ្នាតែនិយាយមិនត្រូវគ្នានោះទេ ភ្លាមនោះជនដៃដល់បានស្ទុះទៅវាយជនរងគ្រោះឈ្មោះ ផុន សុភ័ណ្ឌ ដែលត្រូវបងជីទួតមួយចំកណ្ដាលមុខ រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះបានបាញ់រះចំនួន៥ទៅ៦គ្រាប់ ទៅលើឈ្មោះ ផុន សុភ័ណ្ឌ បណ្ដាលឲ្យរងរបួសចំប្រអប់ដៃ ខាងស្ដាំចំនួន១កន្លែង និងចំក្បាលផ្នែកខាងស្តាំ ចំនួន១កន្លែង (គ្រាប់បៀមនៅនឹងក្បាល) និងប្រពន្ធឈ្មោះ ជិន ចាន់ណា ត្រូវចំក្បាលចំនួន១កន្លែងបណ្ដាលឲ្យស្លាប់ភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពជនដៃដល់បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ គេចខ្លួនបាត់ចេញពីកន្លែងកើតហេតុ។ ប៉ុន្ដែក្រោយមកត្រូវបានគេប្រទះឃើញផ្លុកចោលនៅស្រុកបាធាយ ខេត្តកំពង់ចាម។
នៅរសៀលរហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដែលដឹកនាំដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត រួមជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថខេត្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង