Banner KNP Detail Top

បង្ក្រាបឈើសន្និធិខុសច្បាប់ ២ទីតាំង រឹបអូសបានជិត១០ម៉ែត្រគូប នៅជាប់ព្រំដែនឡាវ

បង្ក្រាបឈើសន្និធិខុសច្បាប់ ២ទីតាំង រឹបអូសបានជិត១០ម៉ែត្រគូប នៅជាប់ព្រំដែនឡាវ

(ព្រះវិហារ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហាររួមមានកម្លាំងមន្ត្រីឧទ្យាននុរក្សស្នាក់ការកំពង់សង្កែ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ និងផ្នែកសឹករងឆែប បានចុះបង្ក្រាបការធ្វើសន្និធិឈើខុសច្បាប់ចំនួន២ទីតាំង ដោយធ្វើការរឹបអូសឈើបានជិត១០ម៉ែត្រគូប។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ បានឱ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចចម្រុះបានចុះដល់ចំណុចណាំសាម ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានប្រទះឈើញឈើសន្និធិខុសច្បាប់ប្រភេទឈើត្បែងមួយកន្លែងចំនួន៧ម៉ែត្រគូបស្មើ១៦៨កន្ទុយ ក្រោយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកណាំសាមប្រហែល១០០ម៉ែត្រ បន្ទាប់មកកម្លាំងចម្រុះក៏ដើរល្បាតដល់ចំណុចព្រីងចាស់ បានប្រទះឃើញឈើប្រភេទផ្ចឹកចំនួន២.៤ម៉ែត្រគូប ស្មើនិង៨៦កន្ទុយទៀត។
ឈើខុសច្បាប់ទាំង២ទីតាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រើប្រាស់គោយន្តកន្ត្រៃយ៍ចំនួន៤គ្រឿង ដឹកយកមករក្សាទុកនៅស្នាក់ការអូកាប៉ុក និងស្នាក់ការភ្នំសង្កែ។
ពាក់ព័ន្ធនឹងការឈានទៅបង្រ្កាបបានឈើខុសច្បាប់ទាំង២ទីតាំងនេះ មន្ត្រីមួយរូបនិយាយថាគឺដោយសារប្រជាពលរដ្ឋរកសុីដងជ័រទឹកជាអ្នកប្រាប់ ហើយប្រជាពលរដ្ឋនិយាយថាក្នុងមួយសប្តាហ៍ៗឈើដឹកចេញតាមរថយន្តដឹកដំឡូងប្រមាណ៥គ្រឿង។ ជាមួយនឹងការបង្កាបឈើដែលរក្សាទុកក្រោយប៉ុស្តិ៍នគរបាលព្រំដែនគោកណាំសាមប្រហែល១០០ម៉ែត្រនេះ លោកមេប៉ុស្តិ៍ណាំសាម និយាយថាឈើទាំងនេះទុកធ្វើផ្ទះជូនកងកម្លាំង៕

អត្ថបទដែលជាប់ទាក់ទង