Banner KNP Detail Top

ចាប់ខ្លួនភ្នាក់ងារទារប្រាក់កម្ចី អនឡាញខុសច្បាប់ ចំនួន ៣នាក់ បញ្ជូនទៅតុលាការ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត

ចាប់ខ្លួនភ្នាក់ងារទារប្រាក់កម្ចី អនឡាញខុសច្បាប់ ចំនួន ៣នាក់ បញ្ជូនទៅតុលាការ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត

ភ្នំពេញ ៖ ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានភ្នំពេញ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។


យ៉ាងហោចមនុស្សចំនួនបីនាក់ ភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅថ្ងៃអង្គារនេះ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បន្ទាប់ពីសាកសួរ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ខ្លួនបានបម្រើការ ជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូល រកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗ តែងតែគំរាមកំហែង ដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ ករណីនេះនាយកដ្ឋានបានរកឃើញផងដែរថា ក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។


យោងតាមប្រកាសរវាងអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ចុះថ្ងៃទី 23 ខែមករា ឆ្នាំ2023 បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹង តាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធ នឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។
សេចក្តីប្រកាសរួមក៏បានណែនាំ ឲ្យ ប្រជាពលរដ្ឋត្រូវជៀសវាងដាច់ខាត ចំពោះការខ្ចីប្រាក់ ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលពុំមានការអនុញ្ញាតពីធនាគារជាតិ និងដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធ អាចចាត់វិធានការផ្លូវច្បាប់ ទាន់ពេលវេលា.សូមប្រជាពលរដ្ឋ ដែលមានព័ត៌មានពាក់ព័ន្ធ.និងសកម្មភាពផ្ដល់ឥណទាន ខុសច្បាប់ រាយការណ៍មកធនាគារជាតិកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ប្រាំខ្សែ ÷ 0៨៨ ៦០០ ០០២, 0៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០ ៕

អត្ថបទដែលជាប់ទាក់ទង