Banner KNP Detail Top

សមត្ថកិច្ចឃាត់ជនដៃដល់២នាក់ ករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ ដល់ក្នុងមន្ទីរពេទ្យនៅស្រុកបាទី ខេត្តតាកែវ ខណៈ៥នាក់ ផ្សេងទៀតបន្ដគេចខ្លួន

សមត្ថកិច្ចឃាត់ជនដៃដល់២នាក់ ករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ ដល់ក្នុងមន្ទីរពេទ្យនៅស្រុកបាទី ខេត្តតាកែវ ខណៈ៥នាក់ ផ្សេងទៀតបន្ដគេចខ្លួន

(តាកែវ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ អំពើឃាតកម្មនេះ បានបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ឈ្មោះ លីម ឆៃឡេង ហៅចេ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ឡាច វិច្ឆិកា ហៅឆេះ រងរបួស។
យុវជន២នាក់ ត្រូវបានគូជម្លោះដេញកាប់ប្រហារតាមដងផ្លូវ រួចបន្ដចូលកាន់ដល់ក្នុងមន្ទីរពហុព្យាបាល និងសម្ភព អង្គរពេជ្រចំបក់ ស្ថិតក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យម្នាក់ស្លាប់ក្នុងថ្លុកឈាមនៅក្នុងមន្ទីរពេទ្យតែម្ដង។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឡាច វិច្ឆិកា និងឈ្មោះ លីម ឆៃឡេង បានឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យមួយក្រុមមានគ្នា៧នាក់ ដោយក្នុងនោះក្រុមជនសង្ស័យទាំង៧នាក់ បានធ្វើសកម្មភាពដកដាវដេញកាប់ជនរងគ្រោះឈ្មោះ ឡាច វិច្ឆិកា ពេលនោះជនរងគ្រោះបានលោតចុះពីលើម៉ូតូរួចយកដុំថ្មក្បែរចិញ្ចើមផ្លូវគប់មកលើបក្សពួកក្រុមជនសង្ស័យហើយគេចខ្លួន។
រីឯជនរងគ្រោះឈ្មោះ លីម ឆៃឡេង ហៅចេ ព្យាយាមជិះម៉ូតូគេចខ្លួនទៅទិសខាងជើង មកដល់មុខមន្ទីរពហុព្យាបាល និងសម្ភព អង្គរពេជ្រចំបក់ បានផ្ទួលម៉ូតូចោល រួចរត់ចូលទៅក្នុងមន្ទីរពេទ្យ ជនសង្ស័យម្នាក់កាន់ដាវមួយដើម រត់ដេញតាមក្រោយ ទាន់កាប់យកៗតែម្ដងជាច្រើនដាវ រហូតជនរងគ្រោះដេកសន្លប់ក្នុងថ្លុកឈាមក្នុងមន្ទីរពេទ្យ ជនសង្ស័យ និងបក្ខពួករត់ឡើងម៉ូតូគេចខ្លួនបាត់។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី បានបន្ដថា រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក៏មានឈ្មោះ វ៉ន ណាត់ ហៅខ្នាត់ អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ចូលមកសារភាពថាខ្លួន និងបក្ខពួកមានគ្នាចំនួន៦នាក់ផ្សេងទៀត សរុបទាំងអស់៧នាក់។


ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ផាន់ណា សារ៉ា ហៅឆារ៉ា អាយុ១៨ឆ្នាំ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នៅចំណុចផ្ទះជួលមួយកន្លែងនៅភូមិកាន់តំរ៉ា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងនោះ ដកហូតវត្ថុតាងបាន ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ចំនួន១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ1IJ-8891 ដែលជាមធ្យោបាយជិះធ្វើសកម្មភាព ដាវសាំម៉ូរៃចំនួន៣ដើម កាំបិតតាំងតោចំនួន១ដើម ពូថៅចំនួន១ដើម កាំបិតស្នៀតចំនួន១ដើម កាំបិតចិតបន្លែចំនួន១ដើម និងកាំបិតចិតបន្ទួសចំនួន១ដើម យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង