Banner KNP Detail Top

ចរាចរណ៍ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបើកឲ្យដំណើរការឡើងវិញហើយ

ចរាចរណ៍ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបើកឲ្យដំណើរការឡើងវិញហើយ


ព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ស៊ឹម សុខរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា គណៈបញ្ជាការឯកភាពស្រុក បានតាមដានពិនិត្យ ស្ថានភាពនៃជំនន់ទឹកភ្លៀងនេះរហូតមក ឃើញថា មានការស្រកចុះ ទើបបើកឲ្យរថយន្តតូចធំ ធ្វើចរាចរណ៍ឆ្លងកាត់ បានទៅមកជាធម្មតាវិញហើយ។


ចរាចរណ៍ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបើកឲ្យដំណើរការឡើងវិញ នៅវេលាម៉ោង ១២និង២៥នាទី រំលងអធ្រាត្រ ចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីជំនន់ទឹកភ្លៀង បានស្រកចុះ ។
លោកវរសេនីយ៍ ស៊ឹម សុខរិទ្ធ បានបន្តថាៈ ទោះជាចរាចរណ៍បានឆ្លងកាត់ជាធម្មតាវិញ យ៉ាងណាក្តី កម្លាំងគណៈបញ្ជាការឯកភាពស្រុក នៅតែជួយសម្រួលចរាចរណ៍ និងតាមដានស្ថានភាពជំនន់ទឹកភ្លៀងនោះ ដើម្បីធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ រហូតមានសភាពរលូនដូចដើមវិញ។
សូមរំលឹកថា ជំនន់ទឹកភ្លៀង បានកាត់ផ្តាច់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៤ មានចំនួន ២ កន្លែង ត្រង់ចំណុចគីឡូម៉ែត្រលេខ១១៦ ក្នុងភូមិសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងចំណុចស្ពានអូរគគី ព្រំសីមាខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ ។
កម្ពស់ទឹកហក់ឡើងដល់ ៦ តឹក ប្រវែងជាង ៤០០ ម៉ែត្រ នៅចំណុចភូមិសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា រីឯនៅចំណុចស្ពានអូរគគី ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ កម្រិតទឹក ក៏ហក់ឡើងដល់ជាង ៤ តឹក ហើយរថយន្តតូចធំត្រូវបាន ផ្អាកចរាចរណ៍ទាំងអស់ និងបង្វែរទិសចរាចរណ៍ តាមផ្លូវល្បឿនលឿន បានខ្លះៗផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង