Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អាហារូបករណ៍ចំនួន ៧០ កន្លែង សម្រាប់កុមារប្រទេសម៉ាលីរយៈពេល ១០ ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អាហារូបករណ៍ចំនួន ៧០ កន្លែង សម្រាប់កុមារប្រទេសម៉ាលីរយៈពេល ១០ ឆ្នាំ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបលោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិនិងលោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃ គ្រឹះស្ថានពហុសិក្សាសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២៣នេះដើម្បីពិនិត្យលើស្ថានការណ៍និងសមិទ្ធផលព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថាន ពហុសិក្សានេះនៅពេលអនាគត។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ៧០ កន្លែងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសម្រាប់រយៈពេល ១០ ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០ កន្លែងសម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សានិង៣០កន្លែងសម្រាប់កម្រិតមធ្យមសិក្សា។


នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អរបស់គ្រឹះស្ថានដែលមានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់របស់ ខ្លួនចាប់តាំងពីឆ្នាំ ២០១៨មកដោយសារចំណូលនៃការបង់ថ្លៃសិក្សានិងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង ៥ នៅទូទាំងប្រទេសម៉ាលី។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាបន្តខិតខំប្រឹងប្រែងធានានិរន្តរភាពរបស់សាលាបន្តទៅទៀត។ ជាមួយគ្នានេះដែរសម្រាប់ការអភិ វឌ្ឍនៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ៧០ កន្លែងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសម្រាប់រយៈពេល ១០ ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០ កន្លែងសម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សានិង ៣០កន្លែងសម្រាប់កម្រិតមធ្យមសិក្សា។
ជាកិច្ចឆ្លើយតបលោកស្រី អេវ៉ា មីស្លីវីក និងលោក មហាម៉ាត់ ឌៀររ៉ា បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅក្នុងនាមកុមារម៉ាលីទាំងអស់នៃគ្រឹះស្ថានពហុសិក្សាចំពោះអំណោយ និង កាយវិការដ៏វិសេសថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដល់វិស័យសិក្សាធិការនៃប្រទេសម៉ាលី។
សូមជម្រាបថាគ្រឹះស្ថានពហុសិក្សាសម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងអ្នកស្រី អេវ៉ា មីស្លីវិក និងដៃគូជនជាតិម៉ាលីមួយរូបទៀតនៅក្នុងក្របខណ្ឌនៃការពង្រឹងនូវសាមគ្គីភាព រវាងប្រទេសទាំងពីរ នៅក្នុងក្រុមគ្រួសារហ្វ្រង់កូហ្វូន និងក្របខ័ណ្ឌនៃប្រទេសកំពុង អភិវឌ្ឍន៍ហើយនិងកិច្ចសហប្រតិបត្តិការភាពជាដៃគូត្បូង-ត្បូង៕

អត្ថបទដែលជាប់ទាក់ទង