Banner KNP Detail Top

ក្រុមហ៊ុន «សៀង ជីន» ម៉ៅការសំណង់មួយកន្លែង មិនបានបើកប្រាក់ខែឲ្យកម្មករ ធ្វើឱ្យក្រុមកម្មករនាំគ្នាទៅឈរតវ៉ា នៅខាងមុខអគារ

ក្រុមហ៊ុន «សៀង ជីន» ម៉ៅការសំណង់មួយកន្លែង មិនបានបើកប្រាក់ខែឲ្យកម្មករ ធ្វើឱ្យក្រុមកម្មករនាំគ្នាទៅឈរតវ៉ា នៅខាងមុខអគារ

ភ្នំពេញ ៖ បុរសម្នាក់ ជាមេការសំណង់ តំណាងឱ្យក្រុមកម្មករទាំងអស់ បានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានម៉ៅការផ្នែកការ៉ូ និកបូកពីក្រុមហ៊ុន «សៀង ជីន» ហើយក្រុមហ៊ុននោះ ក៏បានម៉ៅការបន្តពីក្រុមហ៊ុនមួយទៀត។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមហ៊ុន «សៀង ជីន» ម៉ៅការសំណង់មួយកន្លែង មិនបានបើកប្រាក់ខែឲ្យកម្មករ ធ្វើឱ្យក្រុមកម្មករនាំគ្នាទៅឈរតវ៉ានៅខាងមុខអគារដែលកំពុងសាងសង់ នៅត្រង់ចំណុចអគារយីហោ «ROYAL GROUP PLAINUM» តាមបណ្ដោយផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។


បុរសជាមេការសំណង់បានបញ្ជាក់ថា ពួកគាត់មានទាំងជាង និងកម្មករសរុបប្រមាណ១៥០នាក់ បានធ្វើការនៅអគារនោះអស់រយៈពេល២ខែមកហើយ ដោយពួកគាត់ធ្វើការចំនួន៥ជាន់ ចំពោះលទ្ធផល គឺសម្រេចបានប្រមាណ៩០%ទៅហើយ។ ប៉ុន្តែតាំងពីពួកគាត់ចូលមកធ្វើការ គឺទើបតែទទួលប្រាក់ចំនួន៣០០០ដុល្លារតែប៉ុណ្ណោះ ដោយទឹកប្រាក់សរុបសម្រាប់ការសាងសង់ ដែលគាត់ម៉ៅការបានមានចំនួន៥៩៥២៨ដុល្លារ។
បុរសជាមេការសំណង់បន្តទៀតថា នៅថ្ងៃទី២៥ ខែសីហាកន្លងទៅ គាត់បានស្នើសុំបើកប្រាក់ចំនួន៤៧៦២៣ដុល្លារ ស្នើ៨០%នឹងទឹកលុយសរុប ព្រោះរយៈពេល២ខែកន្លងមកនោះ គាត់បានចេញលុយខ្លួនឯងបើកឲ្យកម្មករអស់ពីខ្លួនទៅហើយ។ ចំណែកខាងក្រុមហ៊ុនវិញ មិនព្រមបើកតាមការស្នើសុំរបស់គាត់នោះទេ គឺព្រមបើកឱ្យតែជាង២ម៉ឺនដុល្លារតែប៉ុណ្ណោះ តែគាត់មិនព្រមយកឡើយ ព្រោះថា បើយកទៅក៏បើកឱ្យកម្មករមិនគ្រាន់ដដែល។ លុះរហូតដល់វេលាកើតហេតុ ក្រុមកម្មករក៏បាននាំគ្នាទៅឈរតវ៉ានៅត្រង់ចំណុចកើតហេតុ ដើម្បីឲ្យខាងក្រុមហ៊ុនចេញមកធ្វើដោះស្រាយ។ បន្ទាប់មក ក៏មានបុរសជាជនជាតិចិន ដែលតំណាងឱ្យខាងក្រុមហ៊ុន «សៀង ជីន» បានចេញមកធ្វើការដោះស្រាយ និងយល់ព្រមបើកប្រាក់៣ម៉ឺនដុល្លារឱ្យទៅគាត់សិន។ រង់ចាំខាងក្រុមហ៊ុនទៅពិនិត្យមើលការងារ ទើបបើកឲ្យបន្ថែមទៀត ប៉ុន្តែកម្មករទាំងអស់មិនព្រម ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អជ្ញាធរមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍តែម្ដង។
តំណាងខាងក្រុមហ៊ុន ដែលជាអ្នកម៉ៅការឲ្យទៅក្រុមហ៊ុន «សៀង ជីន» បានចេញមុខមកធ្វើការដោះស្រាយ ដោយសន្យាថា នៅព្រឹកស្អែក គាត់នឹងធ្វើការហៅខាងក្រុមហ៊ុន «សៀង ជីន» និងខាងកម្មករ ទៅធ្វើការដោះស្រាយគ្នា ទើបក្រុមកម្មករទាំងអស់យល់ព្រមបំបែកគ្នា រួចត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ទៅ៕

អត្ថបទដែលជាប់ទាក់ទង