Banner KNP Detail Top

ប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាទីផ្សារ ម៉ាត ផ្ទះលក់ទំនិញ និងឃ្លាំងជាដើម ដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាព

ប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាទីផ្សារ ម៉ាត ផ្ទះលក់ទំនិញ និងឃ្លាំងជាដើម ដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាព

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. បានប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាទីផ្សារ ម៉ាត ផ្ទះលក់ទំនិញ និងឃ្លាំងជាដើម ដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាព។

ម្យ៉ាងទៀតគឺដើម្បីទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម តាមរយៈប្រកបអាជីវកម្មមិនសុចរិត ការលក់ទំនិញមិនមានគុណភាពជូនអ្នកប្រើប្រាស់ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ណាមួយ ដែលទាំងអស់នេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ខាតបង់សេដ្ឋកិច្ចប្រជាពលរដ្ឋជាដើម ក៏ដូចជាការអនុវត្តនូវយន្តការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

ជាក់ស្ដែងទំនិញខូចគុណភាពចំនួន ៧៨.២៩គីឡូក្រាមត្រូវបានមន្រ្តីជំនាញ កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ រកឃើញក្នុងខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។ ទំនិញទាំងអស់ត្រូវបានដកហូតមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីជាធរមាន។
ជាមួយគ្នានោះ មន្រ្តីជំនាញ ក.ប.ប បានឱ្យដឹងដែរថា សូមប្រកបអាជីវកម្មដោយភាពស្មោះត្រង់ សុចរិតភាព និងចៀសវាងការកេងប្រវ័ញ្ចពីអតិថិជនដែលជាអ្នកប្រើប្រាស់ និងជាប់ទោសទណ្ឌ។


ជាក់ស្ដែងនៅថ្ងៃដដែលនេះ មន្រ្តីជំនាញ ក.ប.ប. បាននឹងបន្តប្រតិបត្តិការត្រួតពិនិត្យនៅតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុង ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ គោលបំណងនៃការត្រួតពិនិត្យគឺការពារសកម្មភាពណាដែលមិនសុចរិតភាព ភាពមិនស្មោះត្រង់ និងអំពើកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ។ ជាក់ស្ដែងមន្រ្តីជំនាញបានត្រួតពិនិត្យលើ ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១៥ទីតាំងឃើញថាពុំមានស្ថានីយ/ដេប៉ូណាមួយមិនមានអនុលោមភាពនោះទេ។

សូមរំឭកដែរថា អំពើមិនសុចរិត ការធ្វើធុរកិច្ចមិនស្មោះត្រង់ ការកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ សុទ្ធសឹងបទល្មើសទៅនឹងច្បាប់ការពារអ្នកប្រើប្រាស់ និងចូលរួមគោរពច្បាប់ដើម្បីជៀសផុតពីទោសទណ្ឌផ្សេងៗដែលមានចែងជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង