Banner KNP Detail Top

ប្រចណ្ឌ គឺជាផ្កាភ្លើងនៃឃាតកម្មនៅក្នុងគ្រួសារ មួយដ៏ក្តៅគគុក នៅក្នុងសង្គមកម្ពុជា nv

ប្រចណ្ឌ គឺជាផ្កាភ្លើងនៃឃាតកម្មនៅក្នុងគ្រួសារ មួយដ៏ក្តៅគគុក នៅក្នុងសង្គមកម្ពុជា

ភ្នំពេញ ៖ ប្រចណ្ឌ គឺជាផ្កាភ្លើងនៃឃាតកម្មនៅក្នុងគ្រួសារមួយដ៏ក្តៅគគុកនៅក្នុងសង្គមកម្ពុជា ដូច្នេះយើងគប្បីជួយគ្នារំលត់ផ្កាភ្លើងនៃបញ្ហាឧក្រិដ្ឋកម្មមួយនេះចេញពីសង្គមកម្ពុជា ជាមួយនឹងការយល់ដឹងអំពីមូលហេតុនៅពីក្រោយការប្រចណ្ឌ និងផលវិបាកនានា ដែលបណ្តាមកពីភ្លើងប្រចណ្ឌនេះ។
ករណីទាំងនោះ គឺមានតាំងពីករណីបាញ់ ចាក់ វាយ និងកាប់ជាដើម ហើយក៏មានករណីខ្លះទៀត រហូតដល់អត្តឃាតថែមទៀតផង ។ ជាក់ស្តែងនៅខែសីហាកន្លងទៅ បុរសនិងស្ត្រីម្នាក់ ដែលជាគូស្នេហ៍រួមបន្ទប់បានស្លាប់ទាំងពីរ នៅភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញថ្មីៗនេះ ដោយអ្នកទាំង២សុទ្ធតែធ្វើការនៅខារ៉ាអូខេមួយកន្លែង ហើយខាងស្ត្រីស្លាប់នៅលើឥដ្ឋការ៉ូ និងខាងបុរសវិញ ចង.ក។


ករណីមួយទៀត ខេត្តប៉ៃលិនមួយសប្តាហ៍កន្លងមកនេះ ដោយបុរសបានស្លាប់ ហើយ ស្ត្រីចូលមកសារភាព ខណៈពេលដែលគេដឹងថា គ្រួសារនេះ បានកើតអំពើហិង្សាជាបន្តបន្ទាប់ ដោយសារតែភ្លើងប្រចណ្ឌ ពោលគឺតាំងពីកូនតូចៗរហូតកូនធំ ហើយខាងស្ត្រីទ្រាំមិនបាន ទើបកាប់ប្តីនឹងកាំបិតប៉័ងតោស្លាប់តែម្ដង។
ករណីមួយទៀត ខែមុននេះ នៅចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញដែរ ដោយបុរសចាក់ប្រពន្ធស្លាប់នៅក្នុងបន្ទប់ដេក ហើយបីកូនតូចចេញទៅបាត់ ដោយទុកកូនម្នាក់នៅជាមួយនឹងសពម្តាយ ដោយសារតែភ្លើងប្រចណ្ឌនេះដែរ ។
ករណីឃាតកម្មដោយភ្លើងប្រចណ្ឌនេះ នៅមានច្រើនករណីទៀត ប្រសិនបើនៅបន្តដកស្រង់ ដូច្នេះ ហើយវាគឺជាផ្កាភ្លើងនៃអំពើឃាតកម្មដែលគួរតែយកចិត្តទុកដាក់ ។


មកដល់ពេលនេះ ពាក្យប្រចណ្ឌ គឺជាសកម្មភាពខាងចិត្តអារម្មណ៍ដែលបណ្តាលអោយមនុស្សមានចិត្តក្ដៅក្រហាយ ហើយមានអារម្មណ៍រំជួល និងជ្រាលជ្រៅ ចំពោះអ្នកណាមួយ ឬអ្វីមួយ។ វាគឺជាបាតុភូតចិត្ត បណ្តាលមកពីការស្រលាញ់ និងការហួងហែង។
ការប្រចណ្ឌអាចចាត់ទុកថា ជាសភាវៈគតិរបស់មនុស្ស ពីព្រោះ នរណាក៏មានបាតុភូតចិត្តនេះដែរ ប៉ុន្តែមនុស្សយកប្រពៃណីច្បាប់ គុណធម៌ និងមនៈសិការ ដើម្បីកុំឱ្យវាវិវត្តន៍ទៅជាបញ្ហាផ្សេង។ ប៉ុន្តែជាការពិត ការប្រចណ្ឌរបស់បុគ្គលមួយចំនួនដែលងងឹតងងុល ទើបប្រែក្លាយការប្រចណ្ឌឱ្យទៅជាគំនុំទុកក្នុងចិត្ត មិនព្រមស្វែងរកដំណោះស្រាយ និងអាចឈានទៅដល់កើតមានបញ្ហាផ្លូវចិត្ត និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃបាន។
បច្ចុប្បន្ននេះ ការប្រើប្រាស់ហិ.ង្សាមួយចំនួន និងការធ្វើអ.ត្តឃា.តភាគច្រើន បណ្តាលមកពីភ្លើងប្រចណ្ឌ ។ ការប្រចណ្ឌកើតឡើងរវាងការលាយឡំគ្នានៃអារម្មណ៍ខឹង, កើតទុក្ខ, ភាពល្វីងជូរចត់ និងការស្អ.ប់ដែលបង្កប់ទុកក្នុងចិត្ត ។ ការប្រចណ្ឌហួសហេតុ អាចបង្កឱ្យមានផលប៉ះពាល់ជាច្រើន ដូចជាប៉ះពាល់ដល់បុគ្គលខ្លួនឯង ដៃគូរប្ដី ឬប្រពន្ធ រួមទាំងក្រុមគ្រួសារ ជាពិសេសអាចបណ្ដាលឱ្យកើតមានបញ្ហាផ្លូវចិត្ដ ឬជំងឺផ្លូវចិត្ដថែមទៀតផង។
ការមានប្តី ឬប្រពន្ធ ហើយទៅលួចមានស្នេហាជាមួយមនុស្សទី៣ គឺជាការក្បត់ចិត្ត និងខុសសីលធម៌មួយ ដែលអាចធ្វើឱ្យអ្នកទទួលរងការក្ប.ត់ចិត្តនៅក្នុងទំនាក់ទំនងស្នេហា មានភ្លើងប្រចណ្ឌឆាបឆេះក្នុងបេះដូង និងអាចឈានដល់ការប្រព្រឹត្តអំពើផ្សេងៗដែលពិបាកនឹកស្មានដល់។
ពាក្យភ្លើងប្រចណ្ឌ និងការក្បត់ចិត្ត គឺវាមានទំនាក់ទំនងគ្នា។ ការរក្សាចិត្តស្មោះត្រង់នឹងស្នេហា គឺជាថ្នាំបង្ការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ស្កាត់កុំឱ្យមានភ្លើងប្រចណ្ឌឆាបឆេះ និងអាចឈានដល់ការប្រព្រឹត្តិរឿងគ្រោះថ្នាក់សម្រាប់ខ្លួនឯង សម្រាប់ដៃគូរស្នេហា និងសម្រាប់កូនចៅ ព្រមទាំងក្រុមគ្រួសារផងដែរ។ យើងទាំងអស់គ្នា ត្រូវមានភាពស្មោះត្រង់ក្នុងបេះដូង ហើយមិនត្រូវក្ប.ត់ចិត្តប្តី ឬប្រពន្ធឡើយ ដើម្បីកុំឱ្យរឿងរ៉ាវកើតឡើង និងបំផ្លាញក្តីសុខរបស់ក្រុមគ្រួសារ និងដើម្បីចៀសវាងកុំឱ្យបញ្ហានេះ ក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរទៅៗ៕

អត្ថបទដែលជាប់ទាក់ទង