Banner KNP Detail Top

ម្ចាស់រថយន្ដផ្លាកលេខនគរបាល ដែលបំពានភ្លើងស្ដុបក្រហម ត្រូវនគរបាលរាជធានីភ្នំពេញ កោះហៅចូលខ្លួនមកផាកពិន័យតាមច្បាប់

ម្ចាស់រថយន្ដផ្លាកលេខនគរបាល ដែលបំពានភ្លើងស្ដុបក្រហម ត្រូវនគរបាលរាជធានីភ្នំពេញ កោះហៅចូលខ្លួនមកផាកពិន័យតាមច្បាប់


(ភ្នំពេញ)៖ មន្ដ្រីនគរបាលម្នាក់ ដែលបើករថយន្ដមួយគ្រឿងពាក់ផ្លាកលេខនគរបាល ហើយជិះបំពានភ្លើងស្ដុបក្រហម ដែលត្រូវប្រជាពលរដ្ឋថតបង្ហោះតាមបណ្ដាញសង្គមនោះ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅចូលខ្លួនមកផាកពិន័យតាមផ្លូវច្បាប់។


ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្ដាញ TikTok បានធ្វើការបង្ហោះផ្សព្ធផ្សាយកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យស្រាវជ្រាវករណីនេះជាបន្ទាន់។
ក្រោយមកជំនាញធ្វើការស្រាវជ្រាវរហូតដល់នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣៥នាទី បានរកឃើញអ្នកបើកបររថយន្តល្មើសម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ នគរបាល2-4365 បើកបរដោយលោកវរសេនីយ៍ទោ គង់ សុខា នាយរងការិយាល័យនរគបាលការពារបេតិកភណ្ឌ។
បន្ទាប់មកលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកោះហៅអ្នកបើកបរល្មើស យកមកសាកសួរ និងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម នូវទឹកប្រាក់ចំនួន១៥០,០០០រៀល និងដក៣ពិន្ទុ។
ខណៈនោះក៏បានសុំគោលការណ៍ពីស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ឲ្យលោកវរសេនីយ៍ទោ គង់ សុខា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវបញ្ឈប់សកម្មភាពទាំងឡាយណាដែលជាអំពើខុសច្បាប់បង្កឲ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង