Banner KNP Detail Top

នាឱកាសបុណ្យឯករាជ្យជាតិ និងពិធីអុំទូក ទណ្ឌិតជាង៩០០នាក់ នឹងត្រូវបន្ធូរបន្ថយលើកលែងទោស

នាឱកាសបុណ្យឯករាជ្យជាតិ និងពិធីអុំទូក ទណ្ឌិតជាង៩០០នាក់ នឹងត្រូវបន្ធូរបន្ថយលើកលែងទោស

ភ្នំពេញ ៖ ជារៀងរាល់ពេលបុណ្យជាតិ និងព្រឹត្ដិការណ៍ជាតិធំៗ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់តែងឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យ ដើម្បីព្រះរាជទានផ្ដល់នូវការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតដែលជាប់ឃុំឃាំងក្នុងពន្ធនាគារ ដើម្បីឱ្យជនទាំងនោះរួចផុតរយៈពេលនៃការអនុវត្ដទោសនៅពន្ធនាគារ ពីច្រើនមកតិចជាងមុន ឬឱ្យរួចផុតពីទោសដាក់ពន្ធនាគារ ដោយត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។
ព្រះរាជទានរបស់ព្រះមហាក្សត្រក្នុងការបន្ធូរបន្ថយ និងលើកលែងទោសចំពោះទណ្ឌិតនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅរួមរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌។ មិនខុសពីពេលមុនៗទណ្ឌិតចំនួន៩០២នាក់ នឹងត្រូវវាយតម្លៃបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ វិច្ឆិកា នាទីស្តីការក្រសួងយុត្តិធម៌ នឹងមានការរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើសុំបន្ធូរបន្ថយ លើកលែងទោសក្នុងឱកាសពិធីបុណ្យជាតិទាំងពីរនោះ។


គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានទទួលសំណើពីគណៈកម្មការរាជធានី-ខេត្ត គឺពន្ធនាគាររាជធានី-ខេត្តចំនួន២៣ និងពីគណៈកម្មការក្រសួងមហាផ្ទៃ គឺមណ្ឌលអប់រំកែប្រែទាំង៤ បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនាឱកាសនៃពិធីបុណ្យទាំងពីរនេះ សរុបចំនួន៩០២នាក់ ស្រីចំនួន៦១នាក់។ សម្រាប់ការស្នើសុំ ក្នុងនោះពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា មានទណ្ឌិតចំនួន៤៦៤នាក់ ស្រីចំនួន៣៤នាក់ សុំបន្ធូរបន្ថយទោសចំនួន៤៣២នាក់ ស្រី២៩នាក់ និងស្នើសុំលើកលែងទោសចំនួន៣២នាក់ ស្រី០៥នាក់ផងដែរ។ រីឯក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦-២៧-២៨ វិចិ្ឆកាខាងមុខនេះ មានបញ្ជីទណ្ឌិតចំនួន៤៣៨នាក់ ស្រី២៧នាក់ ក្នុងនោះស្នើសុំបន្ធូរបន្ថយទោសចំនួន៤១៨នាក់ ស្រី២៦នាក់ និងស្នើសុំលើកលែងទោសចំនួន២០នាក់ ស្រី០១នាក់ផងដែរ។
គួរជម្រាបថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា២៧បានបញ្ញត្តិថា «ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស»។ ចំពោះលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយទោស និងការលើកលែងទោសនេះ ត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គឺការបន្ធូរបន្ថយ និងការលើកលែងទោសចំពោះទណ្ឌិតត្រូវកំណត់អាចស្នើសុំ៥ដង ក្នុង១ឆ្នាំ ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ធំៗ ដូចជា៖ ទី១.ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍,ទី២.ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ,ទី៣.ពិធីបុណ្យវិសាខបូជា,ទី៤.ពិធីបុណ្យឯករាជ្យជាតិ និងទី៥. ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ ការបន្ធូរបន្ថយ និងការលើកលែងទោស ក៏អាចធ្វើបានដែរក្នុងពិធីបុណ្យ ឬព្រឹត្ដិការណ៍ធំៗរបស់ជាតិ ហើយអាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើដាច់ដោយឡែក ឬរួមគ្នាបានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង