Banner KNP Detail Top

អ៊ីស្រាអែលសុខចិត្តផ្អាកប្រយុទ្ធមួយថ្ងៃ៤ម៉ោងដើម្បីមនុស្សធម៌ ហើយប្រធានាធិបតីអាម៉េរិកចាត់ទុកជាទិសដៅត្រឹមត្រូវ

អ៊ីស្រាអែលសុខចិត្តផ្អាកប្រយុទ្ធមួយថ្ងៃ៤ម៉ោងដើម្បីមនុស្សធម៌ ហើយប្រធានាធិបតីអាម៉េរិកចាត់ទុកជាទិសដៅត្រឹមត្រូវ

អន្តរជាតិ ៖ប្រធានាធិបតីអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានយល់ព្រម«ផ្អាកការប្រយុទ្ធសំរាប់មនុស្សធ៌»ក្នុងការវាយប្រហាររបស់ខ្លួនលើពួកហាម៉ាសនៅតំបន់ហ្កាហ្សាក្រោយពីរងសម្ពាធពីអាម៉េរិក។
លោកប្រធានាធិបតីចូ បៃដិន បាននិយាយថា «វាជាចំណាត់ការនៅក្នុងទិសដៅត្រឹមត្រូវ» ដែលនឹងជួយអោយជនស៊ីវិលភៀសខ្លួនចេញពីការប្រយុទ្ធគ្នានិងអោយជំនួយច្រើនទៀតចូលទៅកាន់តំបន់បិទខ្ទប់នេះ។
សេតវិមានបាននិយាយថា នឹងមានការផ្អាកការប្រយុទ្ធគ្នាមួយថ្ងៃបួនម៉ោងនៅហ្កាហ្សាខាងជើង ជាមួយនឹងការប្រកាសប្រាប់មុនបីម៉ោង។
សូមបញ្ជាក់ថាលោកបៃដិន បានខិតខំជំរុញអោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ផ្អាកការប្រយុទ្ធគ្នាក្រោយការធ្វើសង្គ្រាមជាងមួយខែចាប់តាំងពីថ្ងៃ៧តុលាមក ដែលនាំអោយស្លាប់មនុស្សជាង១០.០០០នាក់ ភាគច្រើនជាជនស៊ីវិល មនុស្សភៀសខ្លួនជាងមួយលាននាក់និងវិបត្តិមនុស្សធម៌ធំធេងបំផុតនៅហ្កាហ្សា។


បៃដិនបានសរសេរបង្ហោះក្នុងបណ្តាញសង្គមថា «អស់ពេលជាច្រើនសប្តាហ៍ ខ្ញុំបាននិងកំពុងនិយាយជាមួយក្រុមមេដឹកនាំអ៊ីស្រាអែលអំពីសារសំខាន់នៃការផ្អាកការប្រយុទ្ធដើម្បីមនុស្សធម៌។មកត្រឹមថ្ងៃនេះនឹងមានច្រកមនុស្សធម៌ពីរដែលនឹងអនុញ្ញាតអោយមនុស្សភៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នានៅហ្កាហ្សា ហើយវាបានអនុញ្ញាតអោយមនុស្សរាប់ពាន់នាក់ទៅដល់កន្លែងមានសុវត្ថិភាពរួចហើយ»។
លោកបានបន្ថែមថា «ការផ្អាកការប្រយុទ្ធគ្នានេះនឹងជួយអោយជនស៊ីវិលចាកចេញពីតំបន់ប្រយុទ្ធគ្នាសកម្មទៅកាន់តំបន់មានសុវត្ថិភាពជាងមុន។វាជាការបោះជំហានមួយទៅកាន់ទិសដៅត្រឹមត្រូវ»។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៅសេតវិមាន លោក ចន ឃឺប៊ឺ មុននេះបាននិយាយថា នឹងមានការផ្អាកការប្រយុទ្ធគ្នាដើម្បីមនុស្សធម៌និងច្រកសំរាប់ជនស៊ីវិលចាកចេញពីហ្កាហ្សា។លោកបានប្រាប់អ្នកយកព័ត៌មានថា«អ៊ីស្រាអែលនឹងចាប់ផ្តើមអនុវត្តការផ្អាកប្រយុទ្ធមួយថ្ងៃបួនម៉ោងនៅក្នុងតំបន់ហ្កាហ្សាខាងជើង ដោយការចាប់ផ្តើមអនុវត្តមួយលើកៗនឹងត្រូវប្រកាសជាមុនបីម៉ោង»។
តែអ្នកនាំពាក្យយោធាអ៊ីស្រាអែលទំនងជានិយាយផ្សេងអំពីការផ្អាកការប្រយុទ្ធប្រចាំថ្ងៃនេះ ដោយលោកថា«វាមិនមែនជាការដូរវេនមួយទេ តែជាការផ្អាកការប្រយុទ្ធនៅនឹងកន្លែងតាមយុទ្ធវិធីសំរាប់ជំនួយមនុស្សធម៌ដែលពេលវេលានិងតំបន់មានកំហិត»។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មនុស្សប្រមាណ១,៥លាននាក់បានស្វះស្វែងរកកន្លែងមានសុវត្ថិភាពនៅហ្កាហ្សាខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង