Banner KNP Detail Top

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសមេតុងទីន ២នាក់ប្តីប្រពន្ធ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសមេតុងទីន ២នាក់ប្តីប្រពន្ធ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ


(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសស្ត្រីមេតុងទីន ឡុង រ៉ានី (ឈ្មោះក្នុងហ្វេសប៊ុក ម៉ាក់ សក្កិសក្កិ) និងប្តីឈ្មោះ គីម ខេមរិទ្ធិ ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ព្រមទាំងសងជម្ងឺចិត្តមកដេីមបណ្តឹងវិញ។
នេះបើយោងតាមសាលក្រមដែលបណ្តាញព័ត៌មាន ទទួលបាននៅ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ យោងតាមសាលាក្រមសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងឆបោក និង សមគំនិតក្នុងអំពើឆបោក។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេតុងទីនឈ្មោះ ឡុង រ៉ានី ត្រូវបានសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទស ធ្វើការចាប់ខ្លួនតាមដីការបញ្ជាឲ្យចូលខ្លួនលេខ ០៤០ អ.យ.ក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់តំណាងអយ្យការ មេតុងទីនរូបនេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ ។


គិតមកទល់បច្ចុប្បន្ននេះ មេតុងទីនឈ្មោះ ឡុង រ៉ានី និងប្ដីឈ្មោះ គឹម ខេមរឹទ្ធ កំពុងប្រឈមមុខនឹងពាក្យបណ្ដឹងព្រហ្មទណ្ឌប្រមាណជា ១០បណ្ដឹង ដែលមានកូនតុងទីនជាច្រើននាក់ ធ្វើការប្ដឹងចោទប្រកាន់មកលើមេតុងទីនរូបនេះ និងប្ដី អំពីករណីឆបោកប្រាក់តុងទីន។
ករណីឆបោក តាមរយៈការលេងតុងទីននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានបណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ក្លាយខ្លួនជាជនរងគ្រោះ ទទួលរងនូវការខាតបង់ប្រាក់កាសអស់ពីខ្លួន ដោយសារតែមានការជឿទុកចិត្ត ទៅលើមេតុងទីន ដែលតែងតែសំញែងទ្រព្យសម្បត្តិ លុយ ឡាន វីឡា និងផ្ដល់ការធានាលើការបង្ខិលប្រាក់ជូនកូនតុងទីនវិញ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦)(ដូចមានក្នុងឧបសម្ពន្ធភ្ជាប់) ដោយដើមបណ្តឹងជាកូនតុងទីនបានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប៣២៧,១៦០ដុល្លារអាមេរិកពីមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានប័ត្រមួយសន្លឹកចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន២២៩,៦៦០ដុល្លារអាមេរិក និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឲ្យបានគ្រប់ចំនួនបន្ថែមទៀត។
ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ក្នុងមូលប្បទានបត្រខាងលើនៅធនាគារ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់តាមកាលកំណត់ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានបត្រនេះមិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីនប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង។
ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះ ដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត ២លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបន្តបន្ទាប់ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង