Banner KNP Detail Top

រកឃើញមានវត្តមានសត្វខ្លាធំ នៅកម្ពុជា

រកឃើញមានវត្តមានសត្វខ្លាធំ នៅកម្ពុជា

ភ្នំពេញ៖ បើតាមប្រភពពីក្រសួងបរិស្ថាន បានឱ្យដឹង ទាក់ទិនក្នុងការរកឃើញនេះ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះថា ការរកឃើញដំណឹងដ៏អស្ចារ្យនេះ បន្ទាប់ពីពេលដែល មន្រ្តីឧទ្យានុរក្ស នៅក្នុងតំបន់ជួរភ្នំក្រវាញ ថតបានខ្លាធំ ចំនួន ១ក្បាល ដែលប្រភេទសត្វ កម្របំផុត និង សង្ស័យផុតពូជពីកម្ពុជា នាយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។


ទាក់ទិនក្នុងរឿងនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ជុំវិញ បញ្ហានេះថា ” ច្រើនឆ្នាំហើយ ដែលយើងខិតខំការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងតាមដាន ស្រាវជ្រាវ ដោយដាក់កាម៉េរ៉ា បង្កប់ក្នុងព្រៃ ដើម្បីតាមដានប្រភេទ ជីវៈចម្រុះ ប៉ុន្តែមិនដែលជួបប្រទះ”។
លោករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីរីករាយ ចំពោះព័ត៌មានការរកឃើញវត្តមានខ្លាធំ និងសំណូមពរឲ្យមានការតាមដានបន្ត ស្រាវជ្រាវប្រភេទសត្វខ្លាធំ ព្រមទាំងធ្វើការអំពាវ នាវ ដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋយើង ដាច់ខាតកុំប្រមាញ់ និងជួយការពារប្រភេទខ្លាធំ នៅកម្ពុជា ឲ្យបានគង់វង្ស។
គួរបញ្ជាក់ដែរថា ខ្លាធំ ឬ ខ្លាដំបង បានចាត់ក្នុងក្រុមប្រភេទជិតផុតពូជ ក្នុងបញ្ជីឧបសម្ព័ន្ធ ទី១ នៃអនុសញ្ញាសាយតេស និងត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការសហភាព អន្តរជាតិ ដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ ជិតផុតពូជ។ វត្តមានរបស់ខ្លាធំ មាននៅសេសសល់កម្របំផុត នៅតាមតំបន់មួយចំនួន ដូចជាភូមិភាគឦសាន និរតី និងខាងជើង ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង