Banner KNP Detail Top

តុលាការបើកការស៊ើបសួរលើជនជាតិចិនដីគោក ចិនតៃវ៉ាន់ និងវៀតណាម៣៣នាក់ ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់

តុលាការបើកការស៊ើបសួរលើជនជាតិចិនដីគោក ចិនតៃវ៉ាន់ និងវៀតណាម៣៣នាក់ ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់


(ភ្នំពេញ)៖ នេះបើយោងតាមប្រភពពីមន្ត្រីសាលាដំបូងបានឱ្យអង្គភាពព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមជនសងស្ស័យពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជម្រិតទារប្រាក់ចំនួន៣៣នាក់ ក្នុងនោះមានជនជាតិចិនដីគោកចំនួន៣១នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ ត្រូវបានលោក ជា សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ដើម្បីឈានទៅរកការចោទប្រកាន់តាមផ្លូវច្បាប់។
ប្រសិនបើតំណាងអយ្យការ ដែលទទួលចំណាត់ការលើរឿងក្តីនេះរកឃើញថា ក្រុមជនសង្ស័យពាក់ព័ន្ធខាងលើ មានពិរុទ្ធភាពគ្រប់គ្រាន់ពួកគេគេនឹងត្រូវចោទប្រកាន់ជាផ្លូវការ និងហើយត្រូវបន្តបញ្ជូនសំណុំរឿងទៅកាន់ ចៅក្រមស៊ើបសួរ តាមនីតិវិធី។


យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កាលពីសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយ ខុសច្បាប់ដើម្បីជម្រិតទារប្រាក់ទៅកាន់តុលាការ ចំនួន៣៣នាក់ ក្នុងនោះមានជនជាតិ ចិនដីគោកចំនួន៣១នាក់ ចិនតៃវ៉ាន់ ម្នាក់ និងវៀតណាមម្នាក់។
ដោយឡែកចំពោះខ្មែរចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យទៅផ្ទះវិញព្រោះពួកគេ សុទ្ធសឹងជាកម្មករស៊ីឈ្នួលដាំបាយ និងជូតផ្ទះឱ្យជនជាតិចិនមួយក្រុមនោះតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានចុះធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សចំនួន៤១នាក់ នៅចំណុចមុខ សាលាអូស្ត្រាលី សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជម្រិតទារប្រាក់ និងបើកល្បែងស៊ីសងអនឡាញដោយខុសច្បាប់។


ការចុះបង្ក្រាបរបស់សមត្ថកិច្ច ធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីម្នាក់ជាជនជាតិវៀតណាម ដែលចេះនិយាយភាសាខ្មែរ ដោយអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានជនជាតិចិនមួយក្រុមចាប់បង្ខាំង និងជម្រិតទារប្រាក់ចំនួន ២,៥០០ដុល្លារ។
ក្រោយពីពួកគេល្បួងលួងលោមឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុមឧក្រិដ្ឋជនទាំងអស់នោះ បែរជាចាប់ប្អូនប្រុសគាត់ (ដើមបណ្តឹង) បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្ខាំងជម្រិតទារប្រាក់ទៅវិញ។
នៅក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចនគរបាល បានឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានអគារកម្ពស់៣ជាន់ រួចឃាត់ខ្លួនមនុស្ស ចំនួន ៤១នាក់ ក្នុងនោះមានជនជាតិបរទេស ចំនួន៣៣នាក់ (ស្រីម្នាក់) និងជនជាតិខ្មែរ ចំនួន ៨នាក់។
ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានដកហូតរថយន្តចំនួន៤គ្រឿង រួមមាន៖ រថយន្តម៉ាក រ៉ូសរ៉ូយមួយគ្រឿង, រថយន្តម៉ាក ធន់ត្រាមួយគ្រឿង, រថយន្តម៉ាកអាល់ហ្វាត មួយគ្រឿង, រថយន្តម៉ាកឡង់គ្រីស័រមួយ គ្រឿង និងទូរស័ព្ទដៃចំនួន ១៧គ្រឿង ព្រមទាំងម៉ូតូ ០២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង