Banner KNP Detail Top

រដ្ឋបាលរាជធានីភ្នំពេញ ៖ ពិធីបុណ្យអុំទូក មានទូកចូលរួមប្រណាំងជាង៣០០ទូក

រដ្ឋបាលរាជធានីភ្នំពេញ ៖ ពិធីបុណ្យអុំទូក មានទូកចូលរួមប្រណាំងជាង៣០០ទូក មានកីឡាករកីឡាការិនីជិត២ម៉ឺននាក់ និងប្រទីបជាង៣០


(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ,ស្នងការនគរបាលរាជធានី, មេបញ្ជាការរងអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ, លោកស្នើឲ្យកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមានសត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលមកលេងពិធីបុណ្យនេះ ដោយចាប់ពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីយប់នេះតទៅ ជាមួយនិងការដាក់វេនប្រចាំបញ្ជាឲ្យបានច្បាស់លាស់។


លោកបានស្នើអាជ្ញាធរខណ្ឌយកចិត្តទុកដាក់ ចំពោះទីតាំងសប្បាយភាព ពិសេសបៀរហ្គាឌិន ដែលអាចរំខានដល់ដំណេកប្រជាពលរដ្ឋ តែបើរំខានប្រជាពលរដ្ឋនៅតំបន់នោះយើងក៏មិនអាចទទួលយកបានដែរ។ ជាមួយគ្នានោះ លោកអភិបាលរាជធានី ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ច ដាក់កម្លាំងចុះឲ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមដានទប់ស្កាត់នូវការចោរឆក់ ចោរលូកហោពេលប្រជាពលរដ្ឋមកដើរលេង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ។
សូមឲ្យសហការគ្នា ជាប្រព័ន្ធលើបញ្ហាចរាចរណ៍ ទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងកម្លាំងសមត្ថកិច្ចនគរបាល ដើម្បីកាត់បន្ថយការការស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ពិសេសត្រូវតែយកចិត្តទុកដាក់ឲ្យ បានខ្ពស់បំផុត ចំពោះទីតាំងណាកកស្ទះខ្លាំង ត្រូវតែសម្រួល ឬបង្វែរមនុស្សចេញពីកន្លែងកកស្ទះ ដើម្បីចៀសវាងកុំឲ្យមានបញ្ហាមិនល្អកើតឡើង។
នាឱកាសនោះ លោកអភិបាលរាជធានី បានដាក់បញ្ជាអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជាគណៈកម្មការមួយរួចរាល់ ហើយគណៈកម្មការនេះយើងក៏បានរៀបចំបន្សីចូលគ្នារួចហើយដែរ ជាមួយកម្លាំងកងអង្គរក្ស និងអគ្គស្នងការនគរបាលជាតិ សំដៅធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។


ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីដំណឹងពីទីកន្លែងសប្បាយភាព កន្លែងប្រគុំតន្ត្រី ដើម្បីឲ្យប្រជាពលរដ្ឋបាលជ្រាបជាដំណឹង ពួកគាត់សម្រេចទៅទស្សនានៅទីតាំងណាមួយ។
ពាក់ព័ន្ធនឹងសំរាមនៅតាមទីតាំងប្រារព្ធពិធី និងកន្លែងសប្បាយភាព ត្រៀមកម្លាំងបោសសំអាតជាង៣០០នាក់ ដោយចាប់ពីម៉ោង១១យប់ ដល់៦ព្រឹក ដោយលោកអភិបាលរាជធានី ក៏បានក្រើនរំលឹកដល់អាជ្ញាធរខណ្ឌពាក់ព័ន្ឋ ត្រូវគិតគូរអោយបានម៉ត់ចត់បំផុត ចំពោះការប្រមូល ទុកដាក់សំរាម សំណល់រឹងនៅក្នុងពិធីនេះ។ ចំពោះការតុបតែងកែលម្អររាជធានីភ្នំពេញ និងការតុបតែងភ្លើងសម្រេចបានជាង៩០ភាគរយហើយ ក្នុងនោះ បានរៀបចំបន្ទប់ទឹកបង្គន់អនាម័យ ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈ និងសម្រាប់កីឡាករ។
តាមគម្រោងព្រះរាជពិធីឆ្នាំនេះ នឹងមានទូក «ង» ចូលរួមប្រណាំងជាង៣០០ទូក (រាជធានីភ្នំពេញ មានប្រមាណជាង៤០ទូក) មានកីឡាករកីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់ និងមានប្រទីបចូលរួមជាង៣០ប្រទីប។
ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវ មួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCICខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារ មួយទីតាំងទៀត ហើយទីតាំងទាំង២នេះ នឹងការរៀបចំបណ្តាញទឹក ភ្លើង និងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង