Banner KNP Detail Top

ក្មេងស្រីតូចមួយរូប កំពុងតែអង្រួនបេះដូងមហាជន

ក្មេងស្រីតូចមួយរូប កំពុងតែអង្រួនបេះដូងមហាជន ដោយសារតែនាង គឺជាក្មេងដែលមានកតញ្ញូចំពោះអ្នកមានគុណ

ខេត្តកំពត ៖ នេះហើយ ទើបជារសជាតិជីវិត ដែលពើបប្រទះការខ្វះខាតពិតប្រាកដ ហើយឱ្យតែទំនេរពីការសិក្សា នាងតូចរូបនេះ ជារឿយៗនឹងទៅរើសកួរស្រូវដែលគេប្រមូលផលរួច ដោយយកមកហាល បុក រែង និងអន្សែអន្សំ ដើម្បីបានអង្គរខ្លះគ្រាន់ដោះស្រាយមួយពេលៗ ក្នុងពេលដែលថ្ងៃណាមានការខ្វះខាតនោះ។


គួរបញ្ជាក់ផងដែរថា នាងតូចរូបនេះ ពិតជាក្មេងស្រីម្នាក់ដែលឧស្សាហ៍ ព្យាយាម ហើយជាមនុស្សដែលស្រឡាញ់ការរៀនសូត្រណាស់ ដោយឆ្នាំនេះ នាងរៀនថ្នាក់ទី៧ ហើយមានក្តីស្រមៃចង់រៀនអោយបានចប់ចុងចប់ដើម ខណៈពេលនេះ គ្មានសូម្បីតែអង្គរច្រកឆ្នាំងក៏ដោយនោះ។
នាងតូចដែលរើសកួរស្រូវ ដើម្បីចិញ្ចឹមដូនចាស់រូបនេះ មានឈ្មោះថា ចេង គន្ធា អាយុ១១ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដោយនាងតូចគន្ធា ដ៏កម្សត់រូបនេះ បានប្រាប់ឱ្យដឹងថា «ឱ្យតែពេលទំនេរ នាងនឹងទៅរើសកួរស្រូវយកមកហាល រែង បុ.ក ទុក ខណៈពេលដែលគ្មានលុយទិញអង្ករដាំបាយហូប។ ក្នុងនោះ នាងត្រូវមើលថែទាំងយាយអាយុ៨៨ឆ្នាំ ដែលស្នាក់នៅលើគ្រែ ហើយនាងក៏ឆ្លៀតទៅរៀនសូត្របន្តិចបន្តួចផងដែរ ដោយឆ្នាំនេះ នាងរៀនថ្នាក់ទី៧ហើយ«។


នាងតូច ចេង គន្ធា បានឱ្យដឹងបន្តថា «ថ្ងៃណាដែលខ្វះខាត ពេលខ្លះបានអ្នកភូមិ អ្នកផងរបងជាមួយឱ្យចំណីអាហារ និងជួនកាលបើអត់ទេ ក៏ត្រូវទៅសន្សំកួរស្រូវមកទុក ដើម្បីទុកដាំបាយហូប»។ នាងតូច គន្ធា បានឱ្យដឹងបន្តថា «នាងចង់រៀន ដោយចង់រៀនឱ្យបានចប់ចុងចប់ដើម ទោះបីជានាងខ្វះខាតក៏ដោយនោះ»។ ចំពោះសម្រាប់សម្លៀកបំពាក់ដែលនាងស្លៀកពាក់ នាងបានប្រាប់ឱ្យដឹងថា «គឺបានពីអ្នកភូមិអោយ ព្រោះគ្មានលទ្ធភាពក្នុងការទិញសម្លៀកបំពាក់ថ្មីៗនោះឡើយ ដោយឪពុកម្តាយនាងទៅធ្វើការនៅឆ្ងាយ គឺចុះសមុទ្រ ហើយរយៈពេល១ឆ្នាំអី ទើបមកផ្ទះម្តង ដូច្នេះនាងត្រូវស្នាក់នៅជាមួយយាយក្នុងផ្ទះប្រក់ស្លឹកដាច់រហែក និងពើបប្រទះភាពក្រខ្សត់ជាមួយយាយ និងចៅ»។
នាងតូច ចេង គន្ធា បានបន្តទៀតថា «ឱ្យតែពេលទំនេរ ពេលអ្នកភូមិប្រមូលផលស្រូវរួច នាងនឹងទៅរើសកួរស្រូវដែលអ្នកភូមិប្រមូលរួច ដោយរើសម្តងបាន១គីឡូក្រាម ដោយទុកគ្រាន់ដាំបាយ ដាំបបរអោយដូនចាស់បានហូប»។
គួរបញ្ជាក់ផងដែរថា ទោះបីជាគ្មានសូម្បីតែអង្ករដាំបាយហូបក៏ដោយ តែនាងតូច គន្ធា ដែលជាក្មេងស្រីខ្វះភាពកក់ក្តៅរូបនេះ ពុំដែលចុះចាញ់នឹងវាសនានោះឡើយ ពោលគឺមានតែការតស៊ូប្រឹងប្រែងជាមួយការសិក្សា និងនិយាយថា នាងចង់រៀនឱ្យចប់ចុងចប់ដើម ខណៈពេលឪពុកម្តាយក៏រស់នៅឆ្ងាយ គ្រួសារក៏អត់៕

អត្ថបទដែលជាប់ទាក់ទង