Banner KNP Detail Top

នារីម្នាក់ ស្ថិតនៅក្រោមឥទ្ធិពលនៃថ្នាំញៀន ដាច់ចិត្តវាយសម្លាប់ម្ដាយខ្លួនឯងនឹងអំបោស

នារីម្នាក់ ស្ថិតនៅក្រោមឥទ្ធិពលនៃថ្នាំញៀន ដាច់ចិត្តវាយសម្លាប់ម្ដាយខ្លួនឯងនឹងអំបោស


បាងកក៖ មានករណីភ្ញាក់ផ្អើល១កើតឡើងនៅប្រទេសថៃកាលពីពេលថ្មីៗនេះនៅពេលនារីម្នាក់ស្ថិតនៅក្រោមឥទ្ធិពលនៃថ្នាំញៀនដាច់ចិត្តវាយសម្លាប់ម្ដាយខ្លួនឯងនឹងអំបោស។ ហេតុការណ៍នេះកើតឡើងនៅខេត្តអាំងថង (Ang Thong) កាលពីថ្ងៃទី៦ ខែធ្នូ។ សាក្សីនិយាយថាស្ត្រីវ័យ៤៩ឆ្នាំឈ្មោះកនិដ្ឋា ថងឌី (Kanita Thongdee) ឃើញម្ដាយរបស់ខ្លួនវ័យ៧២ឆ្នាំមិនបានបោសសម្អាតផ្ទះដូចរាល់ដង។ ដោយសារបារម្ភខ្លាចគាត់កើតអី កនិដ្ឋាក៏ដើររកមើល និងឃើញម្ដាយដេកស្លាប់នៅក្នុងផ្ទះ។

ស្ត្រីចំណាស់រូបនេះពាក់អាវវៀលក្លៀកពណ៌ក្រហម និងសំពត់ក្រហម ដេកស្ដូកស្ដឹងបាត់ដង្ហើមនៅលើគ្រែ។ សាកសពមានស្នាមរបួសធ្ងន់ធ្ងរនៅលើផ្ទៃមុខ ហើយក៏មានស្នាមជាំពេញខ្លួនផងដែរ។ នៅក្បែរសាកសព គេប្រទះឃើញអំបោសប្រឡាក់ឈាម។ កនិដ្ឋាសង្ស័យថាប្រហែលជាបងស្រីរបស់គាត់ឈ្មោះសុនន្ថា ភីនថង (Sunantha Pinthong) វ័យ៥២ឆ្នាំជាជនដៃដល់ ព្រោះបងស្រីរូបនេះចំណាំតែនៅក្បែរម្ដាយ។ ដល់ពេលមានហេតុការណ៍នេះកើតឡើងស្រាប់តែបាត់បងស្រីតែម្ដង។

កនិដ្ឋាប្រាប់ថាបងស្រីរបស់គាត់ និងម្ដាយតែងតែឈ្លោះគ្នាសឹងតែរាល់ថ្ងៃពីព្រោះបងស្រីជាមនុស្សញៀនថ្នាំ។ កនិដ្ឋានជឿជាក់ថាគឺបងស្រីរូបនេះហើយដែលជាអ្នកសម្លាប់ម្ដាយខ្លួនឯងក្រោមឥទ្ធិពលនៃគ្រឿងញៀន។ អ្នកស្រីជំរុញឱ្យសមត្ថកិច្ចស្វែងរកជនសង្ស័យរូបនេះ។ សមត្ថកិច្ចរកឃើញបងស្រីរូបនេះ និងម៉ូតូមួយគ្រឿងនៅចម្ងាយប្រហែល១គីឡូម៉ែត្រពីផ្ទះ។

នៅពេលសួរនាំចុះឡើងៗ បងស្រីរូបនេះប្រកែកថាខ្លួនមិនបានសម្លាប់ម្ដាយទេ។ ប៉ុន្តែស្ត្រីរូបនេះនិយាយហាក់ដូចជាចាប់ចុងព្រយុងគល់រកស្ដាប់មិនយល់ទាល់តែសោះ។ សមត្ថកិច្ចឆែកឆេរនៅលើដងខ្លួនរបស់ស្ត្រីរូបនេះ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកបីកញ្ចប់។ សមត្ថកិច្ចក៏នាំខ្លួនស្ត្រីរូបនេះទៅប៉ុស្តិ៍ដើម្បីសាកសួរបន្ថែមទៀត។ សមត្ថកិច្ចចោទប្រកាន់ស្ត្រីរូបនេះពីបទសម្លាប់ម្ដាយខ្លួនឯង។ ទោសនេះធ្ងន់ណាស់។ បើតុលាការរកឃើញកំហុសដូចការចោទប្រកាន់ ត្រូវកាត់ទោសប្រហារជីវិត។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត មានករណីស្ត្រីជនជាតិថៃម្នាក់ទៀតដែលធ្លាប់ទទួលរងការវាយដំច្រំធាក់ពីសំណាក់កូនប្រុសរបស់ខ្លួនដែលញៀនថ្នាំដូចស្ត្រីខាងលើនេះដែរ។ ប៉ុន្តែស្ត្រីជាម្ដាយរូបនេះមិនចង់មានជោគវាសនាដូចស្ត្រីវ័យ៧២ដែលត្រូវកូនស្រីវាយសំពងនឹងអំបោសរហូតដល់ស្លាប់ទេ។ គាត់សម្រេចចិត្តថាជួលឃាតករម្នាក់បាញ់សម្លាប់កូនប្រុសរបស់គាត់ចោលតែម្ដង។

បន្ទាប់ពីដឹងថាកូនស្លាប់ហើយ ស្ត្រីរូបនេះក៏ចូលឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច និងឱ្យសមត្ថកិច្ចចាប់ខ្លួនតាមសម្រួល។ ចំណែកបងប្រុសរបស់ស្ត្រីរូបនេះ រួមជាមួយឃាតករដែលបាញ់សម្លាប់កូនញៀនថ្នាំនោះបានចូលសារភាពទាំងអស់គ្នាតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង