Banner KNP Detail Top

កម្ពុជាប្រយ័ត្ន! ប្រភេទស្ករគ្រាប់ក្រមួន (Wax Candies)

កម្ពុជាប្រយ័ត្ន! ប្រភេទស្ករគ្រាប់ក្រមួន (Wax Candies) ដោយសារវាអាចធ្វើឲ្យមានបញ្ហាក្រពះ និងពោះវៀន ខណៈដែលស្ករគ្រាប់បែបនេះ ក៏ទំនងជាមានលក់ និងចរាចរណ៍នៅកម្ពុជា

ស្ថាប័នជំនាញថៃ បានធ្វើការព្រមា.ន និងជំរុញឱ្យយកចិត្តទុកដាក់ ជាពិសេសចំពោះកុមារនៅក្នុងការទទួលទានស្ករគ្រាប់ម្យ៉ាង ដែលគេដឹងថា ជាប្រភេទស្ករគ្រាប់ក្រមួន (Wax Candies) ដោយសារវាអាចធ្វើឲ្យមានបញ្ហាក្រពះ និងពោះវៀន ខណៈដែលស្ករគ្រាប់បែបនេះ ក៏ទំនងជាមានលក់ និងចរាចរណ៍នៅកម្ពុជាផងដែរ ។

យោងតាមសារព័ត៌មាន the Nation បានអោយដឹងថា រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ បានចេញការព្រមានប្រឆាំងនឹងការប្រើប្រាស់ស្ករគ្រាប់ក្រមួន ដែលនាំចូលពីប្រទេសចិន និងលក់តាមប្រព័ន្ធអនឡាញ។
ទីភ្នាក់ងាររដ្ឋាភិបាលថៃនេះ បានព្រមា.នថា ផលិតផលអាហារបែបនេះ គឺខុសច្បាប់នៅក្នុងប្រទេសថៃ ហើយថា ខ្លួនបានណែនាំ ដើម្បីបញ្ឈប់ការលក់ ។
លោកវេជ្ជបណ្ឌិត ណារ៉ុង អាភិគុលវានិច ( Narong Aphikulvanich) អគ្គលេខាធិការស្តីទីរបស់ទីភ្នាក់ងារនេះ បាននិយាយថា «ការខកខានក្នុងការដក «ផលិតផលខុសច្បាប់» ចេញពីបញ្ជីលក់របស់ពួកគេ អាចនាំឱ្យមានការផាកពិន័យ ជាអតិបរមារហូតដល់ចំនួន ៣០.០០០ បាត ឬ ប្រមាណជា ៨៥០ ដុល្លារក្នុងមួយលើក»។


ប្រភពដដែលបានអោយដឹងថា «ស្ករគ្រាប់ក្រមួននេះ ត្រូវបានគេដឹងថា វាមានចម្រុះពណ៌ និងរសជាតិ ហើយអាចបង្កគ្រោះថ្នាក់ដល់អ្នកទទួលទាន ជាពិសេសគឺកុមារ ដោយសារផ្នែកក្រមួនរបស់ផលិតផលមិនអាចបរិភោគបាន»។
ស្ករគ្រាប់ទាំងនេះ ជាធម្មតាមានរូបរាងខុសៗគ្នា និងមានទឹកស៊ីរ៉ូរសជាតិផ្លែឈើ តែអ្នកជំនាញមិនលើកទឹកចិត្តអោយលេបវាឡើយ ទោះបីជាវាមិនមានជាតិពុលក៏ដោយចុះ ដោយសារតែក្រពះ និងពោះវៀន មិនអាចរំលាយវាបាន។
លោក វីរឆៃ ណាឡាវ៉ាឆៃ ( Veerachai Nalawachai) អគ្គលេខាធិការរងមួយរូបនៃទីភ្នាក់ងារដដែល បាននិយាយប្រាប់ថា «ក្រមួនមិនអាចបរិភោគបាន ហើយមិនគួរលេបឡើយ»។ លោកក៏បានបញ្ជាក់ដែរថា «ស្ករគ្រាប់ក្រមួនដែលលក់តាមអ៊ីនធើរណេតមិនមានស្លាកសញ្ញាអាហារជាភាសាថៃទេ ដូច្នេះអ្នកប្រើប្រាស់មិនមានព័ត៌មានលម្អិតអំពីដំណើរការផលិត ឬបើវាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់នោះទេ»។
លោកបានព្រមា.នថា «ដូច្នេះមនុស្សមិនគួរបរិភោគវាទេ»។ ដោយបន្ថែមថា ទីភ្នាក់ងារនេះនឹង អនុវត្តច្បាប់យ៉ាងតឹងរឹងប្រឆាំងនឹងនរណាម្នាក់ដែលលក់ស្ករគ្រាប់ក្រមួន ដោយគ្មានការអនុញ្ញាត។
ទន្ទឹមនឹងនេះ សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ លោកស្រី ចាវវ៉ានី ឈូភីរ៉ាច (Chaowanee Chupeerach ) នាយករងនៃវិទ្យាស្ថានអាហារូបត្ថម្ភនៃសាកលវិទ្យាល័យ ម៉ាហ៊ីឌុល បានព្រមា.នថា «ការលេបក្រមួនអាចមានគ្រោះថ្នាក់ ដោយសារវាអាចស្ទះបំពង់.ក ឬប្រព័ន្ធរំលាយអាហារ ដោយសាររាងកាយមនុស្សមិនអាចរំលាយក្រមួនបាន»។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា «យើងក៏មិនមានព័ត៌មានអំពីសំណល់គីមីនៅក្នុងផលិតផលដែរ។ យើងមិនដឹងថា តើទឹកស៊ីរ៉ូនៅក្នុងស្ករក្រមួនចេញពីជាតិស្ករ ឬជាតិផ្អែម? ឬថា តើវាមានសារធាតុគីមីអ្វីទេ?។ ដូច្នេះ យកល្អគួរតែចៀសវាងញ៉ាំវា។
ស្ករក្រមួនប្រភេទនេះ នៅថៃលក់នៅតាមហាងអនឡាញ ប៉ុន្តែនៅកម្ពុជា វាទំនងជាមិនមានលក់នៅតែអនឡាញទេ ហើយអាចមាននៅតាមហាងទំនើបមួយចំនួន ហើយក៏អាចនឹងមានលក់នៅតាមសាលារៀនផងដែរ ដូច្នេះសូមអាណាព្យាបាលលើកកម្ពស់ការប្រុងប្រយ័ត្ន ចៀសវាងទិញអាហារទាំងនេះអោយកូនបរិភោគ ដោយគិតថា វាគឺជាស្ករគ្រាប់ធម្មតា មិនប៉ះពាល់ដល់សុខភាព ។
ក្រៅពីនោះ អ្នកជំនាញ ជាពិសេសអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងសមត្ថកិច្ចពាក់ព័ន្ធ គួរតែប្រញាប់ធ្វើការស្រាវជ្រាវ និងសិក្សា ក្រែងមានករណីនេះកើតមានឡើង ដើម្បីបង្ការ និងការពារកុំអោយវាប៉ះពាល់ដល់សុខភាពសាធារណៈ ៕

 

អត្ថបទដែលជាប់ទាក់ទង