Banner KNP Detail Top

ឃាត់ខ្លួនស្ត្រី ២នាក់ បន្លំលួចខ្សែ ក និងលូកហោប៉ៅ

ឃាត់ខ្លួនស្ត្រី ២នាក់ បន្លំលួចខ្សែ ក និងលូកហោប៉ៅ ក្នុងពេលព្រះធម្មវនវាសី ចន្ទ មុនី សម្ដែងព្រះធម៌ទេសនា នៅស្រុកព្រៃនប់


ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចាត់កម្លាំងការពារ រៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងឈានទៅបង្ក្រាបបានជនឆ្លៀតឳកាស ក្រុមចោរដៃស្អិត មួយក្រុម ក្នុងករណីលួចខ្សែ.ក លួចកាបូប និងលូកហោប៉ៅ ក្នុងពិធីនិមន្តមកសម្តែងធម្មទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន ៖

១. ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង ឃុំព្រែកតា ស្រុកស្អាង ខេត្តកណ្ដាល។
២. ឈ្មោះ លក្ខណ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ (រត់គេចខ្លួន)។
ដោយជនសង្ស័យទាំង០២នាក់នេះ បានធ្វើសកម្មភាពលួចដោះខ្សែក របស់ក្មេងប្រុសម្នាក់ឈ្មោះ មិត ពិសាល អាយុ៤ឆ្នាំ ក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។ ក្រោយពីធ្វើសកម្មភាពរួច កម្លាំងនគរបាលស្រុកព្រៃនប់ ដែលកំពុងប្រចាំការយាមនៅគោលដៅ បានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង ។


៣.ឈ្មោះ កង ស្រីលក្ខណ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា១ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ បានធ្វើសកម្មភាពលូកដៃចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីលួចយកសម្ភារៈ ។ ពេលកំពុងធ្វើសកម្មភាព កម្លាំងនគរបាលយាមនៅគោលដៅ បានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង ។
វត្ថុតាងចាប់យក ៖ ខ្សែក ផ្លាកទីន ចំនួន០១ខ្សែ (មានតំលៃ២០០ដុល្លារ ជារបស់ជនរងគ្រោះ) និងទូរសព្ទដៃ ចំនួន០១គ្រឿង ម៉ាកOppo ពណ៌ខៀវ (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងតាមនីតិវីធិច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង