Banner KNP Detail Top

បង្ហាញពីមូលហេតុ នៃការកកស្ទះ ការរង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន និងកំពុងដោះស្រាយ

បង្ហាញពីមូលហេតុ នៃការកកស្ទះ ការរង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន និងកំពុងដោះស្រាយ

បន្ទាយមានជ័យ ៖ ក្រោយមានការកកស្ទះ បណ្តាលឲ្យប្រជាពលរដ្ឋ និងភ្ញៀវចេញចូលប្រទេស ឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន និងលិខិតឆ្លងដែនផ្សេង ៗ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នគរបាលច្រកទ្វារអន្តរប៉ោយប៉ែត បានបង្ហាញពីមូលហេតុនៃការកកស្ទះ ដែលបណ្តាលមកពីបញ្ហា ៣ចំណុច និងកំពុងត្រូវបានរកដំណោះស្រាយ ។


យោងតាមការជូនដំណឹង របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានជម្រាបជូន បងប្អូនប្រជាពលរដុ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ ជាពិសេសម្ចាស់គណនីឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” ដែលបានបង្ហោះរូបភាពប្រជាពលរដ្ឋឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែនឱ្យបានជ្រាបថា នៅបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនចេញពីប្រទេសមានការកកស្ទះរយៈពេលប្រហែលជា៣០ ទៅ៤០នាទី មូលហេតុបណ្ដាលមកពី ៖ ១-ប្រជាពលរដ្ឋ និងអាជីវករខ្មែរ ចេញទៅប្រកបរបរអាជីវកម្ម រួមទាំងពលករ កម្មករ និងសិស្សានុសិស្សជាដេីម ។ ២-បច្ចុប្បន្នប័ណ្ណព្រំដែនមានបិទ QR CODE សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរចេញ-ចូល មានពេលខ្លះអុីនធឺណេតមានការរអាក់រអួល ធ្វើឱ្យមានការយឺតយ៉ាវក្នុងការស្គេនប័ណ្ណព្រំដែនចូលក្នុងប្រព័ន្ធ ។ ៣-ចាប់ពីវេលាម៉ោង១៨:០០នាទីដល់ម៉ោង២១:០០នាទីយប់ ប្រជាពលរដ្ឋខ្មែរ-ថៃធ្វេីដំណេីរចេញពីប្រទេសថៃចូលមកកម្ពុជាមានចំនួនច្រើន ម៉្យាងវិញទៀតអនុវត្តតាមជំនាញអន្តោប្រវេសន៍តម្រូវឱ្យមន្ត្រីប្រថាប់ត្រាលេខកូដសម្គាល់លើប័ណ្ណព្រំដែនបន្ថែមទៀត ទើបបណ្ដាលឱ្យមានការកកស្ទះម្ដងម្កាល ។


ករណីនេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរាយការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពិភាក្សារកដំណោះស្រាយជាមួយភាគីថៃ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការកកស្ទះជូនប្រជាពលរដ្ឋចេញ-ចូលបានឆាប់រហ័សជាងមុនតាមតែអាចធ្វើទៅបាន ៕

អត្ថបទដែលជាប់ទាក់ទង