Banner KNP Detail Top

ប្រដឹសឬស្សីមានប្រវែងមិនដល់ ១០០០ម៉ែត្រនោះទេ ដោយតភ្ជាប់ពីក្រុងកំពង់ចាម ទៅឆ្នេរខ្សាច់កោះប៉ែនទឹកដី

ប្រដឹសឬស្សីមានប្រវែងមិនដល់ ១០០០ម៉ែត្រនោះទេ ដោយតភ្ជាប់ពីក្រុងកំពង់ចាម ទៅឆ្នេរខ្សាច់កោះប៉ែនទឹកដី ស្រុកកំពង់សៀមហើយ សម្រាប់បុណ្យចូលឆ្នាំសកលខាងមុខ

ខេត្តកំពង់ចាម÷ លោកតាហួរ ហៀង អាយុ៧៧ឆ្នាំ រស់នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាមមានប្រសាសន៍ឲ្យដឹងថា នេះជារដូវខ្យល់ធ្លាក់មកពីទិសខាងជើងហើយគាត់បានឆ្លៀតមកអង្គុយលេងក្រោមដើមម្លប់ពោធិ៍មុខវត្តដីដុះក្រុងកំពង់ចាម នៅមាត់ទន្លេដោយបានចោលកន្ទុយភ្នែក មើលទៅត្រើយម្ខាងឃើញឆ្នេរខ្សាច់កោះប៉ែននិងប្រដឹសឬស្សីដែលក្រុមកម្មករកំពុងតែនាំគ្នាសម្រុកស្ថាបនាឲ្យបានឆាប់រួចរាល់ជាមួយនោះក៏មានខ្យល់អាកាសធម្មជាតិត្រជាក់បក់ផាត់លើកាយាធ្វើឲ្យរូបគាត់ហាក់បីដូចជាបំភ្លេចនៅទុក្ខកង្វល់មួយចំនួនផងដែរ។
លោកតាមានប្រសាសន៍បន្តថា ស្ទើរតែរាងរាល់ថ្ងៃគាត់បានជិះម៉ូតូតាមផ្លូវមាត់ទន្លេក្នុងក្រុងកំពង់ចាម ដើម្បីមើលទេសភាព ជាមួយនោះគិតមកដល់ថ្ងៃទី១៥ធ្នូឆ្នាំ ២០២៣ ឃើញថា ប្រដឹសឬស្សីឆ្លងពីក្រុងកំពង់ចាមមកឆ្នេរខ្សាច់កោះប៉ែន ដែលមានបណ្ដោយមិនដល់ ១០០០ម៉ែត្រ ឃើញថាមិនដល់រយៈពេលមួយខែផងគឺក្រុមកម្មករបានសម្រុកស្ថាបនាជិតរួចរាល់ទៅហើយ។


លោកតាបានរំលឹកថា មានពេលមួយនោះកូនៗរស់នៅភ្នំពេញ បាននាំគាត់ដើរឆ្លងប្រដឹសឬស្សីទៅលេងឆ្នេរខ្សាច់កោះប៉ែនគឺបានក្រាលកន្ទេលអង្គុយលេងទទួលទានអាហារជួបជុំសមាជិកក្រុមគ្រួសារគឺពិតជាសប្បាយក្នុងចិត្តក្រៃលែង។ក្នុងគ្រាដែលពីអតីតកាលរដូវឬស្សីនេះគឺមានទំហំធំអាចឱ្យអ្នកដំណើរថ្មើជើង កង់ ម៉ូតូ រថយន្តធុនតូច អាចបើកឆ្លងកាត់ប្រដឹសឫស្សីពីក្រុងកំពង់ចាមទៅកោះប៉ែននិងពីកោះប៉ែនមកក្រុងកំពង់ចាមវិញដោយត្រូវចំណាយថវិការៀងច្រើនបន្តិច តែក្រោយពីស្ពានបេតុងកោះប៉ែនបានស្ថាបនារួចរាល់ក្រោមការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីសម្ដេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានជួយសម្រួលយ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋរស់នៅលើទឹកដីឃុំកោះមិត្តនិងមួយផ្នែកឃុំកោះសូទិន ស្រុកកោះសូទិន ដោយអាចធ្វើដំណើរបានទាំងយប់ទាំងថ្ងៃមិនចំណាយថវិកាឡើយ។
នេះបង្ហាញឲ្យឃើញពីការគិតគូរ របស់ប្រមុខរាជរដ្ឋាភិបាលជួយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលកំពុងតែជួបការលំបាក។រាល់ថ្ងៃអ្នកដែលមានរថយន្តចង់ទៅលេងឆ្នេរខ្សាច់កោះប៉ែន ត្រូវបើកវៀងតាមស្ពានបេតុងកោះប៉ែនហើយបើកបន្តឆ្លងតាមផ្លូវបេតុងខ្វាត់ខ្វែងមកឆ្នេរខ្សាច់កោះប៉ែន ជាមួយនោះក៏គេសង្កេតឃើញមានគ្រួសារខ្លះបានទិញក្រូចថ្លុង ផ្លែខ្នុរ និងផ្លែឈើហូបផ្លែមួយចំនួនទៀតដែលដាំដុះតាមបែបធម្មជាតិយកទៅទទួលទានផងដែរ ។
លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថា សម្រាប់គោលដៅចូលឆ្នាំសកលមនុស្សដែលមកលេងច្រើនជាងគេគឺនៅតំបន់រមណីយដ្ឋានកែច្នៃឆ្នេរខ្សាច់កោះប៉ែនស្ថិតនៅក្នុងស្រុកកំពង់សៀមនិងរមណីយដ្ឋានទឹកឆា ស្ថិតនៅក្នុងស្រុកព្រៃឈរ ចំណែកតំបន់ទេសចរណ៍ផ្សេងទៀតគឺភ្ញៀវជាតិនិងអន្តរជាតិបានមកលេងជាបន្ទាប់បន្សំ ។ ជាមួយនោះនៅតំបន់ឃុំកោះមិត្ត ត្រូវបានឯកឧត្តមអភិបាលខេត្តយកចិត្តទុកដាក់ដែលគ្រោងបង្កើតភូមិមួយផលិតផលមួយទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង