ចោរជំនាញជិះម៉ូតូកាច់កុងទ័រទឹក តាមផ្ទះ ចាប់ខ្លួនបានហើយ
ចោរជំនាញជិះម៉ូតូកាច់កុងទ័រទឹក តាមផ្ទះ ចាប់ខ្លួនបានហើយ
ខេត្តកណ្ដាល ៖ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចោរជំនាញជិះម៉ូតូកាច់កុងទ័រទឹក តាមផ្ទះ យកទៅលក់ក្នុង១គ្រឿងបានមួយម៉ឺនរៀល ត្រូវបានកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលដើមមៀន របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាប់ខ្លួនបានហើយ ។
ករណីចោរកាច់កុងទ័រទឹក បណ្តាលអោយបែកធ្លាយទឹកហូរសាច់ពេញផ្លូវ ក្រោមមកលោកវរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់អោយកម្លាំងជំនាញចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ។
ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ៖
១- ឈ្មោះ គុយ វ៉ាន់ដូ ហៅក្តូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលាងម៉ូតូ, (អ្នកលួច) ។
២- ឈ្មោះ សាន សាវ៉ាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរទិញអេដចាយ (អ្នកទិញផលចោរកម្ម) ។
វត្ថុតាង ចាប់យក ៖
១- ម៉ូតូ០១គ្រឿង ម៉ាក ស៊ុយហ្ស៊ុយគី ស្មាស់ ពណ៌ខ្មៅក្រហម ស្លាកលេខកណ្តាល 1I-5721 (របស់ជនសង្ស័យឈ្មោះ គុយ វ៉ាន់ដូ) ។
២- កុងទ័រទឹក ចំនួន០៧គ្រឿង ។
កាលពីវេលាម៉ោង២២និង៣៤នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះគុយ វ៉ាន់ដូ បានជិះម៉ូតូ ដើរលួចកុងទ័រទឹករបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមគរ និងមន្ទីរបក្សសង្កាត់ដើមមៀន បាន០៧គ្រឿង ហើយយកទៅលក់អោយអ្នកទិញអេដចាយម្នាក់ឈ្មោះ សាន សាវ៉ាត ក្នុងកុងទ័រទឹក១គ្រឿង បានប្រាក់មួយម៉ឺនរៀល រួចយកលុយទិញថ្នាំញៀនជក់អស់ទៅ ។ លុះមកដល់វេលាម៉ោង០១និង០០នាទីយប់ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ជនសង្ស័យក៏បានជិះម៉ូតូដើររកលួចកុងទ័រទឹករបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិម្តងទៀត តែក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឃាត់ខ្លួនបានតែម្តង ។ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕