Banner KNP Detail Top

ទីបំផុត! បញ្ជាឲ្យស្វែងរកចាប់ខ្លួនអ្នកបើករថយន្ដបង្ក បុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក

ទីបំផុត! បញ្ជាឲ្យស្វែងរកចាប់ខ្លួនអ្នកបើករថយន្ដបង្ក បុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក តុលាការចេញដីកាបញ្ជាឲ្យចូលខ្លួនមុនថ្ងៃទី០៩ ខែមករា


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវជ្រាវ និងស្វែងរកជនបង្កដែលបើករថយន្ដបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គមគ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួនក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរជាមួយលុយ១០០០ដុល្លារដើម្បីបញ្ចប់រឿង។


លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់»។
រំលងបានប៉ុន្មានម៉ោងក្រោយ លោក ជិន ម៉ាលីន បានបញ្ជាក់ជាថ្មីថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះស្ថាប័នអយ្យការបានចេញដីកាបញ្ជាឲ្យចូលខ្លួន បង្គាប់ឲ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
លោកបន្ដទៀតថា ដីកាបញ្ជាឲ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឲ្យចូលខ្លួននេះ លោកនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង