Banner KNP Detail Top

យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ និង៤៦នាក់ផ្សេងទៀត បានរងរបួស

យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ និង៤៦នាក់ផ្សេងទៀត បានរងរបួស

អន្តរជាតិ ៖ យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ និង៤៦នាក់ផ្សេងទៀត បានរងរបួស នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យទី២៤ ខែធ្នូ ក្នុងហេតុការណ៍ផ្ទុះរោងចក្រកែច្នៃនីកែលមួយកន្លែង ដែលផ្តល់មូលនិធិដោយចិន។ គឺជាមជ្ឈមណ្ឌលសម្រាប់ការផលិតនីកែលរបស់ប្រទេសសម្បូររ៉ែមួយនេះ ដែលជាលោហៈធាតុមូលដ្ឋានប្រើសម្រាប់អាគុយរថយន្តអគ្គិសនី និងដែកអ៊ីណុក។ ពិតជារន្ធត់ណាស់ ឧបទ្ទវហេតុនេះ បានកើតឡើងនៅរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនឥណ្ឌូណេស៊ី Tsingshan Stainless Steel នៅក្នុងរោងចក្រឧស្សាហកម្ម ម៉ូរ៉ូវ៉ាលី(Morowali) ស្ថិតនៅក្នុងខេត្តស៊ិនត្រលស៊ូឡាវ៉េស៊ី(Central Sulawesi) នេះបើតាមអ្នកនាំពាក្យរបស់រោងចក្រនេះ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ លើសពីនេះ អ្នកនាំពាក្យបានអះអាងថា«ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់គឺ១៣នាក់ ក្នុងនោះមានកម្មករឥណ្ឌូណេស៊ី៩នាក់និងកម្មករ ៤នាក់មកពីប្រទេសចិន ខណៈជនរងគ្រោះចំនួន៤៦នាក់ផ្សេងទៀតបានរងរបួស ដែលភាគច្រើនប៉ះរលាកនឹងចំហាយក្ដៅ»។ ជនរងគ្រោះប្រហែល២៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងស្រុកម៉ូរ៉ូវ៉ាលី ខណៈដែល១២នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការត្រួតពិនិត្យនៅគ្លីនិកក្នុងបរិវេណឧស្សាហកម្ម ហើយមនុស្ស៥នាក់កំពុងទទួលបានការថែទាំនៅមណ្ឌលថែទាំនៅខាងក្រៅ។

តាមការស៊ើបអង្កេតបានបង្ហាញថា ករណីផ្ទុះនេះបានកើតឡើងកំលុងពេលជួសជុល(ឡ) ដែលត្រូវបានបិទសម្រាប់មើលការថែទាំ បន្ទាប់មកសំណល់នីកែលក៏បានផុសចេញពីឡ រួចបានហូរចេញមក ហើយប៉ះនឹងសម្ភារដែលងាយឆេះនៅជុំវិញទីតាំង។ យ៉ាងណា ក្រុមហ៊ុនដែលដំណើរការរោងចក្រឧស្សាហកម្មនេះ បានបំភ្លឺថា ខ្លួនពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយនេះ ជាពិសេសសម្រាប់ក្រុមគ្រួសារដែលរងផលប៉ះពាល់។ ទន្ទឹមនឹងសាកសពជនរងគ្រោះជាច្រើននាក់ ត្រូវបានគេដឹកទៅផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។ សូមរំឭកថា កាលពីខែមិថុនា អគ្គិភ័យនៅរោងចក្រដដែលបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស នៅក្នុងឧបទ្ទវហេតុមួយទៀតដែលបានធ្វើឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅរោងចក្រដែលផ្តល់មូលនិធិ និងដំណើរការដោយក្រុមហ៊ុនចិនមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង