Banner KNP Detail Top

អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថា អយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយ ត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀន….. បញ្ឈប់គ្រូចាស់ ដាក់គ្រូក្មេង?

អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថា អយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយ ត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀន….. បញ្ឈប់គ្រូចាស់ ដាក់គ្រូក្មេង?


ខេត្តបន្ទាយមានជ័យ៖ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថា អយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
អ្នកគ្រូឈ្មោះ អឿ មុន្នី ដែលជាគ្រូបង្រៀនសាលាបឋមសិក្សាសុខសាន្តបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកអាខោនផ្ទាល់ខ្លួននិងមានរូបភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់ប័ណ្ណសសើរនិងរូបភាពអ្នកគ្រូថតមុខការិយាល័យអប់រំក្រុងប៉ោយប៉ែតនិងសិស្សក្នុងសាលារៀននិងសំណេរដែលមាន ខ្លឹមសារថា សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដ៏ខ្ពង់ខ្ពស់ នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្តចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយនិងកម្លាំងចិត្តដែលបានស្ម័គ្រចិត្តជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាបឋមសិក្សាសុខសាន្តចាប់ពីឆ្នាំ២០០៦ដល់២០២៣នេះមានរយៈពេល១៦ឆ្នាំហើយ។


អ្នកគ្រូបានបញ្ជាក់ថា កាលពីឆ្នាំ២០០៦អ្នកគ្រូបង្រៀនទទួលបានប្រាក់ខែ១ខែចំនួន១៣ម៉ឺនរៀល នៅឆ្នាំ២០២៣នេះទទួលបានប្រាក់ខែ១ខែចំនួន១.១២០.០០០រៀល ស្រាប់តែនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោកនាយកសាលានិងមន្ត្រីការិយាល័យអប់រំក្រុងប៉ោយប៉ែតបានអោយនាងខ្ញុំបញ្ឈប់បង្រៀននៅសាលាបឋមសិក្សាសុខសាន្តហើយលោកនាយកសាលាបឋមសិក្សាសុខសាន្តដាក់ប្អូនប្រុសរបស់គាត់២នាក់មកបង្រៀនជំនួសដែលជាគ្រូជាប់កិច្ចសន្យាហើយប្រាប់គាត់ថាចាស់ហើយឈប់ទៅបើគ្រូបង្រៀនមានក្របខ័ណ្ឌចូលមិនបានតវ៉ាទេ។
អ្នកគ្រូបានបញ្ជាក់ថា ចំណែកអ្នកគ្រូរស់នៅក្នុងភូមិសុខសាន្តតែគ្រូបង្រៀនជាប់កិច្ចសន្យា២នាក់ដែលជាសាច់ញាតិលោកនាយកមិនមែនជាអ្នកស្រុកនេះឡើយអ្នកគ្រូពោលពាក្យថាដូចបទចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវ៉ន ច្រៀងពិតជាមិនខុសទេ កាលនៅគ្រាក្រគ្រូល្អនោះនៅឯណាលោកនាយកធ្វើបែបនេះវាដូចជាអយុត្តិធម៌ពេកហើយចំពោះខ្ញុំធ្វើបែបនេះដូចជាកាច់បំបាក់ដៃទាំងសងខាងរបស់ខ្ញុំ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថាតាមពិតអ្នកគ្រូ អឿ មុន្នី គាត់មានវ័យចំណាស់ហើយមានធ្វើកិច្ចសន្យានៅការិយាល័យអប់រំក្រុងប៉ោយប៉ែត សុំបង្រៀនរយៈពេល១ឆ្នាំពេលនេះដល់កិច្ចសន្យាទើបសុំអោយអ្នកគ្រូឈប់សម្រាក ដើម្បីអោយក្មេងៗជំនាន់ក្រោយបានបង្រៀនជួយលើវិស័យអប់រំ។


សូមបញ្ជាក់ថា ៖ ពាក់ព័ន្ធករណី អង្គភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបាន ជ្រាបថា៖ នាពេលថ្មីៗ កន្លងមកនេះមានគេហទំព័រទំនាក់ទំនងសង្គមគណនីហ្វេសបុក ឈ្មោះ អឿ មុន្នី បានចុះផ្សាយ អំពីការមិនពេញចិត្តករណីមិនបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សា សុខសាន្ត សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តា ជ្រាបថា ជាគោលការណ៍ដែលបានកំណត់ដោយក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា គឺជាបេក្ខជន ឬជាប្រជាពលរដ្ឋ ដែលត្រូវមានអាយុចាប់ពី ១៨ ឆ្នាំដល់ ៤០ ឆ្នាំ ។ ករណីជាក់ស្តែងចំពោះអ្នកគ្រូ អឿ មុន្នី ដែលមានអាយុលើសច្រើន រហូតទៅដល់ ៥៧ ឆ្នាំ ជាហេតុធ្វើឱ្យការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ពុំបានទទួលពាក្យសុំធ្វើជាគ្រូ បង្រៀនជាប់កិច្ចសន្យារបស់គាត់ឡើយ ។ សម្រាប់ឆ្នាំ២០២២ កន្លងមក អ្នកគ្រូ អឿ មុន្នី បានទទូចស្នើសុំ ប្រធាន ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងប៉ោយប៉ែត ដោយបានធ្វើជាគ្រូកិច្ចសន្យា ស្នើសុំជួយសម្របសម្រួល ឱ្យបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យារយៈពេលមួយឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំក្រោយទៀតទេ (កិច្ចសន្យាជូនភ្ជាប់) ។

អាស្រ័យហេតុដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន។
សូមជម្រាបថា ទោះជាខាងអង្គភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ក៏ពិតមែន ប៉ុន្តែហាក់មិនបកស្រាយត្រង់ចំណុចអ្នកគ្រូលើកឡើងថា «លោកនាយកសាលានិងមន្ត្រីការិល័យអប់រំក្រុងប៉ោយប៉ែតបានអោយនាងខ្ញុំបញ្ឈប់បង្រៀននៅសាលាបឋមសិក្សាសុខសាន្តហើយលោកនាយកសាលាបឋមសិក្សាសុខសាន្តដាក់ប្អូនប្រុសរបស់គាត់២នាក់មកបង្រៀនជំនួសដែលជាគ្រូជាប់កិច្ចសន្យាហើយប្រាប់គាត់ថាចាស់ហើយឈប់ទៅបើគ្រូបង្រៀនមានក្របខ័ណ្ឌចូលមិនបានតវ៉ាទេ។» នេះចំណុចរសើបមួយ ដែលត្រូវបញ្ជាក់ការពិតជូនសាធារណជនផង ។
សូមបញ្ជាក់ថា លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានស៊ែរ ព័ត៌មាន នេះ ហើយ សរសេរយ៉ាងខ្លីថា «បញ្ឈប់គ្រូចាស់ ដាក់គ្រូក្មេង?» ….! ៕

អត្ថបទដែលជាប់ទាក់ទង