Banner KNP Detail Top

អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខស្នើសុំទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា

អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខស្នើសុំទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា កោះហៅស្ត្រីម្នាក់ដែលតាំងខ្លួនថា «មានបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត»

ភ្នំពេញ ៖ តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខស្នើសុំទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា កោះហៅស្ត្រីម្នាក់ដែលតាំងខ្លួនថា «មានបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត» ដែលកំពុងត្រូវបានគេចែកចាយពេញបណ្តាញសង្គម។ ស្ត្រីម្នាក់រូបនោះត្រូវគេស្គាល់ពីមុនថា «គឺជាអ្នកលក់ឱសថបុរាណមួយរូបតាមអនឡាញ» បានបញ្ចេញសកម្មភាពជាបន្តបន្ទាប់ ហើយត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយបានតាំងខ្លួន គឺជាព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត យាងមកដើម្បីជួយជាតិ ។

មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកជាច្រើននាក់ហាក់មិនសប្បាយ និងនាំគ្នារិះគន់យ៉ាងព្រោងព្រាតផងដែរ ។ ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានស្នើសុំទៅកាន់ក្រសួងពាក់ព័ន្ធចំនួន២ អោយជួយអន្តរាគមន៍ចំពោះករណីនេះផងដែរ។
ដោយឡែក ក្នុងពេលដែលអ្នកនាងទើបតែចូលរួមសម្តែងតួអង្គព្រះនាងឥន្ទ្រទេវី នៅកម្មពិធីរាត្រីចងចាំ ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរកាលពីពេលថ្មីៗនេះ អ្នកនាងបានគូសបញ្ជាក់ថា «ពេលដែលសម្លៀកបំពាក់នេះមកស្ថិតលើខ្លួនខ្ញុំភ្លាម គឺខ្ញុំសែនគោរពប្រតិបត្តិ រៀបឥរិយាបទ រៀបឫក រៀបពាឱ្យនឹងធឹង សមជាម្ចាស់ក្សត្រីប្រចាំព្រះមហានគរ»។


អ្នកនាងបន្តថា «ខ្ញុំឃើញទង្វើ និងសកម្មភាពរបស់អ្នកស្នងខ្លះ គឺមានកាយវិការរាំមិនសមរម្យទាល់ តែសោះ តាមការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ខ្ញុំថា ឥរិយាបទព្រះនាង កុំថាឡើយកាយវិការ សូម្បីតែកែវភ្នែកព្រះនាង មិនងាកមើលឆ្វេងស្តាំទេ។ តែមួយរយៈនេះ ខ្ញុំឃើញអ្នកកំពុងស្នងរូបព្រះនាង ប្រៀបដូចកាយវិការស្រីរបាំបែបទាក់ទាញកាមារម្មណ៍ បែបស្រ៊ើ.បស្រា.ល» ៕

អត្ថបទដែលជាប់ទាក់ទង