Banner KNP Detail Top

ផ្ទុះជំងឺប៉េស្ត៍ បណ្តាលអោយជ្រូកជាច្រើនក្បាលងាប់ នៅស្រុកកំពង់រោទ៌

ផ្ទុះជំងឺប៉េស្ត៍ បណ្តាលអោយជ្រូកជាច្រើនក្បាលងាប់ នៅស្រុកកំពង់រោទ៌

ស្វាយរៀង៖ មានករណីផ្ទុះជំងឺប៉េស្តជ្រូកងាប់ជាបន្តបន្ទាប់ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារម្ចាស់អ្នកចិញ្ចឹមជ្រូក ពេលមានជ្រូកងាប់មិនព្រមយកទៅកប់ គឺពួកគាត់បែជាកាប់ប្រលះសាច់លក់ នៅតាមភូមិបណ្តាលឲ្យជ្រូកអ្នកភូមិផ្សេងទៀត ឆ្លងងាប់ជាបន្តបន្ទាប់ដែរ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៌។
ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូកនៅភូមិកណ្តាល ឃុំខ្សែត្រ បានសំណូមពរសុំឲ្យមន្ត្រីជំនាញ ជាពិសេសលោករដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយផ្តល់វ៉ាក់សាំងការពារជំងឺសត្វជ្រូក និងថ្នាំព្យាបាលសត្វជ្រូកផង បច្ចុប្បន្នប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូក ឃុំខ្សែត្រកំពុងផ្ទុះជំងឺធ្ងន់ធ្ងរ និងងាប់ជាច្រើនក្បាលផងដែរ។

មន្រ្តីការិយាល័យពេទ្យសត្វស្រុកកំពង់រោទ៌ បានឲ្យដឹងថា ម្ចាស់អ្នកចិញ្ចឹមជ្រូកឈ្មោះពេជ្រ យោ នៅភូមិកណ្តាលឃុំខ្សែត្រ ស្រុកកំពង់រោទ៌ មានចញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ហើយកន្លងមក សត្វជ្រូកមានជំងឺ គាត់ពុំបានរាយការណ៍ជូនមន្ត្រីពេទ្យសត្វភូមិឃុំទេ គាត់ព្យាបាលដោយខ្លួនឯង ក្រោយមកមានផ្ទុះជំងឺប៉េស្តជ្រូកងាប់ច្រើនទើបដឹងដល់មន្ត្រីពេទ្យសត្វចុះទៅពិនិត្យទើបដឹងថា ការផ្ទុះជំងឺប៉េស្តជ្រូកនេះកើតឡើងតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤មក និងមានសភាពធ្ងន់ធ្ងរ ឈានទៅងាប់ជាច្រើនក្បាល។
មន្ត្រីពេទ្យសត្វស្រុករូបនេះបានបន្តថា តាមការអង្កេតវិភាគបឋម គឺ៖ ទី១, សង្ស័យជាជំងឺប៉េស្ត៍ជ្រូកធម្មតា និងទី២, សង្ស័យជា ជំងឺប៉េស្ត៍ជ្រូកអាហ្វ្រិក ដែលជំងឺកាចសាហាវ បំផុត បង្កឡើងដោយពពួកវីរុស បច្ចុប្បន្នពុំទាន់មានវ៉ាក់សាំង ការពារនិងព្យាបាលទេ។
ប្រភពបន្តទៀតថា ក្រោយការពិនិត្យ អង្កេតជាបឋមឃើញសំណាកសង្ស័យបែបនេះ មន្ត្រីជំនាញពេទ្យសត្វឃុំស្រុក បានចុះធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូកឲ្យពួកគាត់យល់ដឹង៖ ទី១, ត្រូវចាក់វ៉ាក់សាំងការពារតាមប្រតិទិន្ន ទី២, បាញ់ថ្នាំសម្លាប់មេរោគ ក្នុងទ្រុងនិងជុំវិញទ្រុង៧ថ្ងៃម្តងឬ១៤ថ្ងៃម្តង តាមលទ្ធភាពជាក់ស្តែង ទី៣, ត្រូវធ្វើអនាម័យជាប្រចាំ ទី៤, ពេលសត្វមានជំងឺត្រូវរាយការណ៍ទៅពេទ្យសត្វឃុំនិងអាជ្ញាធរភូមិ ឃុំ ដើម្បីជួយអន្តរាគមន៍។


មន្ត្រីពេទ្យសត្វបានលើកឡើងថា បញ្ហាប្រឈម គឺពេលសត្វជ្រូកឈឺងាប់ ពួកគាត់មិនព្រមកប់ចោល គឺពួកគាត់កាប់សាច់លក់ នៅតាមមូលដ្ឋានបណ្តាលឲ្យ ឆ្លងជំងឺដល់សត្វជ្រូកគ្រប់ទីកន្លែង។ ពេលសត្វជ្រូកមានជំងឺ កសិករអ្នកចិញ្ចឹមជ្រូកមួយចំនួន បានព្យាបាលខ្លួនឯង មិនព្រមរាយការណ៍ផ្តល់ព័ត៌មានឲ្យមន្ត្រីពេទ្យសត្វឃុំទេ។
មន្ត្រីពេទ្យសត្វបានបញ្ជាក់ថា ទោះយ៉ាងណានៅរងចាំការយកសំណាកទៅពិសោធន៍ឡាបូនៅភ្នំពេញ ទើបដឹងថាជាប្រភេទជំងឺអ្វីឲ្យពិតប្រាកដ ហើយជំហានដំបូងមន្ត្រីជំនាញពេទ្យសត្វកំពុងតែចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្រុងរបស់កសិករដែលចិញ្ចឹមជ្រូក៕

 

អត្ថបទដែលជាប់ទាក់ទង