Banner KNP Detail Top

តវ៉ាកម្មករ-កម្មការិនីរោងចក្រអំពូលភ្លើង សុំឱ្យថៅកែគោរពសិទ្ធិ

តវ៉ាកម្មករ-កម្មការិនីរោងចក្រអំពូលភ្លើង សុំឱ្យថៅកែគោរពសិទ្ធិ

ខេត្តស្វាយរៀង ៖ កម្មករ-កម្មការិនីផលិតអំពូលភ្លើងអគ្គិសនីជិត១ពាន់នាក់បាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការ បានកើតឡើងកាលពី ថ្ងៃទី០២ កុម្ភៈ២០២៤ នៅត្រង់ចំណុចខាងមុខរោងចក្រផលិតអំពូលភ្លើងអគ្គីសនី TY នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសត ស្ថិតនៅភូមិដើមពោធិ ឃុំកណ្តៀងរាយស្រុកស្វាយទាប ។

ក្រុមកម្មករ-កម្មការិនីដែលនាំគ្នាតវ៉ាចំនួន៣ចំណុច៖
ទី១-សុំឲ្យថៅកែបន្ថយចំនួនខ្សែអំពូលភ្លើងនៅដូចដើម ។ កម្មករកម្មការិនីមិនពេញចិត្តដែលថៅកែដំឡើងចំនួនច្រើន (ខ្សែអំពូលភ្លើង) គ្រប់តាមតម្រូវការរបស់ថៅកែ ហើយត្រូវឲ្យមានគុណភាព បើធ្វើមិនទាន់តាមថៅកែដាក់ឲ្យធ្វើត្រូវបញ្ឈប់កុងត្រា និងបញ្ឈប់ការងារកម្មករកម្មការិនី មិនថាបុគ្គលិកចាស់ឬថ្មីទេ ។
ទី២-សុំឲ្យថៅកែគោរពសិទ្ធិកម្មករ កុំបញ្ឈប់កម្មករតាមទំនើងចិត្ត
ទី៣-សុំឲ្យលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បង្កើតសហជីពកម្មករដើម្បីការពារផលប្រយោជន៍ជូនកម្មករកម្មការិនី ។

បើតាមតំណាងកម្មករ-កម្មការិនីបានប្រាប់អ្នកសារព័ត៌មានថា ថៅកែរោងចក្រផលិតអំពូលភ្លើងអគ្គិសនី ដាក់កម្រិតឲ្យកម្មករកម្មការិនីចងខ្សែអំពូលភ្លើងក្នុងម្នាក់២០ខ្សែក្នុង១ថ្ងៃធ្វើឲ្យទាន់គ្រប់ចំនួន ហើយត្រូវមានគុណភាព ពេលកម្មករ-កម្មការិនីធ្វើបាន គឺបន្ថែម៥ខ្សែទៀត គឺដំឡើងចំនួនកាន់តែច្រើនរហូត ប្រសិនបើកម្មករកម្មការិនីណាម្នាក់ធ្វើមិនទាន់ មិនគ្រប់ចំនួន ត្រូវបញ្ឈប់កុងត្រា បញ្ឈប់ការងារតែម្តងគ្មានការតវ៉ាទេ មិនថាកម្មករកម្មការិនីចាស់ឬថ្មីទេ ហើយគ្មានការគោរពសិទ្ធិកម្មករ-កម្មការិនីទេ បិទសិទ្ធិសេរីភាពកម្មករមិនឲ្យកម្មករកម្មការិនី បង្កើតសហជីព ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករទេ ។
ប្រភពបានបញ្ជាក់ថា កម្មករ-កម្មការិនីធ្វើកូដកម្មតវ៉ាទាមទារឲ្យថៅកែបន្ថយចំនួនមកដូចពីមុនវិញ មិនត្រូវបង្ខំឲ្យកម្មករធ្វើការគ្មានពេលសម្រាកនោះទេ។ សុំឲ្យថៅកេគោរពសិទ្ធិកម្មករកម្មការិនី កុំបញ្ឈប់ការងារកម្មករតាមទំនើងចិត្ត ។ សុំឲ្យលោកប្រធានមន្ទីរការងារខត្តស្វាយរៀង មេត្តាបង្កើតសហជីពជូនកម្មករ ដើម្បីការពារសិទ្ធិកម្មករ និងកាពារផលប្រយោជន៍របស់កម្មករ ស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង