Banner KNP Detail Top

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ១នាក់ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ពាក់ព័ន្ធ ករណី

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ១នាក់ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស


ខេត្តបន្ទាយមានជ័យ ÷ កាលពី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោករវសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សូយ សារី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ព្រមទាំងដកហូតវត្ថុតាងរួមមាន១-កាំបិតខ្វែវដងឈើប្រវែង៦៣ សង់ទីម៉ែត្រ ចំនួន០១ដើម,២-កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ប្រវែង២៩សង់ទីម៉ែត្រ ចំនួន០១ដើម។ ការចុះឃាត់ខ្លួនជនសង្ស័យខាងលេី យោងតាមពាក្យបណ្ដឹងឈ្មោះ ហូ ស្រីភូត ហៅ កយ ភេទស្រី អាយុ៤២ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ន ភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោករវសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យខាងលើបានយកកាំបិតខ្វែវ និងកូន កាំបិតចុងស្រួចកាប់ និងចាក់ទៅលើជនរងគ្រោះឈ្មោះ លឿង សាលៀង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបន្ទាយឆ្មាខាងលិច ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមិនដឹងមូលហេតុបណ្ដាលឱ្យរងរបួសចំនួន០៣កន្លែង គឺត្រូវចំផ្ទៃមុខចំនួន០១កន្លែង(របួសធ្ងន់), ចំក្រោមក្លៀកខាងស្តាំចំនួន០១កន្លែង និងត្រូវចំកដៃខាងស្ដាំចំនួន០១កន្លែង។
លោកបន្តថា ក្រោយកើតហេតុភ្លាម ប្រជាពលរដ្ឋបានចូលឃាត់ ស្រាប់តែជនសង្ស័យតដៃ ហេីយប្រជពលរដ្ឋតបតដេីម្បីការពារខ្លួន បណ្តាលឱ្យជនសង្ស័យដួលរបួសក្បាលផ្នែកខាងក្រោយចំនួន០២កន្លែង។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានបញ្ជូនជនសង្ស័យទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដេីម្បីលាងរបួស ហើយនាំខ្លួន រួមនឹងវត្ថុតាង មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតខ្វែវ និងកូនកាំបិតចុងស្រួច កាប់និងចាក់ទៅលើជនរងគ្រោះពិតប្រាកដមែនហើយកន្លងមកនៅពេលខ្លួនដើរតាមផ្លូវ ឱ្យតែជួបមនុស្សជិះម៉ូតូ ឬដើតាមផ្លូវ ខ្លួនតែងតែដេញកាប់គេ និងស្រែកគំរាមទៀតផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង