Banner KNP Detail Top

ចាំអ៊ុតមើលទៀត! បែកពាងប្រហុកធុំក្លិនមិនសូវល្អ តើជាសម្លកំពឹសមែនឬអត់?

ចាំអ៊ុតមើលទៀត! បែកពាងប្រហុកធុំក្លិនមិនសូវល្អ តើជាសម្លកំពឹសមែនឬអត់?

ខេត្តស្វាយរៀង ៖ បែកពាងប្រហុកធុំក្លិនមិនសូវល្អក្នុងករណីឈ្មួញលួចនាំសាច់បង្កក (ជើងមាន់) ដោយខុសច្បាប់ពីប្រទេសវៀតណាមចូលមកតាមក្រុងបាវិត ហើយត្រូវសមត្ថកិច្ចក.ប.ប ខេត្តស្វាយរៀងសហការជាមួយកងរាជអាវុធហត្ថខេត្តឃាត់ និងបង្ក្រាបបាននោះត្រូវបានកោះហៅ ប្រធានក្រុមហ៊ុន Sambath Logistic Co.Ltd មកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅដល់ដៃលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងរួចហើយ កាលពីថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ម្ចាស់ក្រុមហ៊ុន Sambath Logistic Co.Ltd (SBL) ឈ្មោះ សម្បត្តិ មានអាស័យដ្ឋាននៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ចំណែកអ្នកបើកបររថយន្តល្មើស០៤នាក់ និងអ្នកអះអាងថាជាម្ចាស់រថយន្តកុងតឺន័រម្នាក់ក៏ត្រូវឃាត់ខ្លួនជាមួយ និងរថយន្តកុងតឺន័រ០៤គ្រឿងរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា ករណីក្រុមហ៊ុនSBL នាំសាច់បង្កក(ជើងមាន់)បួនកុងតឺន័រ គឺសង្ស័យជាប់ពាក់ព័ន្ធមន្ត្រីជំនាញមួយចំនួនដូចសម្លរកំពឹស ។
ក្រោយពីការបង្រាប ករណីនាំចូលសាច់បង្កក (ជើងមាន់)ដោយខុសច្បាប់នេះ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបាន បង្កើតគណៈកម្មការចម្រុះ ដោយមានឯកឧត្តមអភិបាលខេត្តស្វាយរៀង ចូលរួមដុតបំផ្លាញចោលរួចហើយ ។ ចំពោះជនសង្ស័យ ត្រូវឯកឧត្តមព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងកំពុងចាត់ការបន្តតាមនិតិវិធីច្បាប់ ។


សូមរំលឹកផងដែរថា សាច់បង្កក ចំនួន១០២តោន៦០០គីឡូក្រាម ដែលឈ្មួញដឹកពីប្រទេសវៀតណាមឆ្លងដែនចូលមករដ្ឋបាលខេត្តស្វាយរៀង ចំនួន០៤រថយន្តកុងតឺន័រ បម្រុងដឹកឆ្ពោះទៅរាជធានីភ្នំពេញនោះត្រូវសមត្ថកិច្ចដុតបំផ្លាញចោលហើយកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី០៤ កុម្ភៈ២០២៤នៅចំណុចទីលានចាក់សំរាមស្ថិតនៅភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀង ។ ដោយមានការអញ្ជើញជាអធិបតីពីឯកឧត្តមប៉េង ពោធិសា អភិបាលនៃគណអភិបាលខេត្ត និងលោកស្រីប្រធានមន្ទីរពាក់ពន្ធ័នានាជាច្រើនកុះករ ។
បើតាមមន្ត្រីក.ប.ប សាខាខត្តស្វាយរៀងបានឲ្យថា សាច់បង្កកប្រភេទជើងមាន់ ដែលសមត្ថកិច្ចបង្ក្រាបបានចំនួន០៤រថយន្តកុងតឺន័រនេះស្មើរ១០២,៦០០គីឡូក្រាម ។ ត្រូវយកមកទម្លាក់នៅទីលានចាក់សំរាម ដើម្បីធ្វើពិធីដុតកម្ទេចចោល ។ ប្រភពបង្ហើបឲ្យដឹងថា សាច់បង្កក០៤រថយន្តកុងតឺន័រនេះ ដឹកពីប្រទេសវៀតណាមចូលមកតាមក្រុងបាវិត ដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នសមត្ថកិច្ចជំនាញ ហើយជាពិសេសក្រោយពីពិនិត្យគុណភាពគឺឃើញថា ការដាក់ក្នុងទូរបង្កក សីតុណ្ហភាពមិនគ្រប់តាមស្តង់ដា១២អង្សាសេទៅបានត្រឹមតែ២អង្សាសេ ទី៤ អង្សាសេប៉ុណ្ណោះ ។ ហើយរយៈពេល០៣ថ្ងៃ មិនឃើញម្ចាស់ក្រុមហ៊ុននាំសាច់បង្កកណាម្នាក់ចូលមកដោះស្រាយឡើយ ទើបក្រុមការងារសម្រេចដុតកម្ទេចចោល ។
សមត្ថកិច្ចជំនាញ ក.ប.ប ខេត្តស្វាយរៀងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងស្ទាក់ឃាត់រថយន្តកុងតឺន័រចំនួន០៤គ្រឿង ដែលសង្ស័យដឹកបទល្មើស កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៣១ មករា ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិ អកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
សមត្ថកិច្ចបានបង្ហើបថា មានគេរាយការណ៍ថា មានរថយន្តកុងតឺន័រដឹកសាច់បង្កកចំនួន០៤កុងតឺន័របានធ្វើចរាចរណ៍ចេញពីក្រុងបាវិត តាមផ្លូវជាតិលេខ១ មកដល់ចំណុចផ្លូវបំបែកជាបួនភូមិបាក់រនាស់ក្រុងស្វាយរៀង រួចបត់ស្តាំឆ្ពោះទៅទិសខាងជើងលើកំណាត់ផ្លូវជាតិលេខ១៣ លុះមកដល់ចំណុចភូមិ អកនាគ សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ទើបសមត្ថកិច្ចឃាត់សួរនាំពិនិត្យឃើញថា រថយន្តកុងតឺន័រទាំង០៤គ្រឿងដឹកសាច់បង្កក ពិតប្រាកដមែន ។
ក្រោយពីមន្ត្រីជំនាញឃាត់រថយន្តទាំង០៤គ្រឿងនោះដោយមានការសម្របសម្រួលពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានកាត់ស៊ីលបើកទូរកុងតឺន័រពិនិត្យបានរកឃើញជើងមាន់បង្កកជាច្រើនពាន់កេះក្នុងទូរកុងតឺន័រ ។


សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ៤នាក់ ទី១, ឈ្មោះ ផាត ជាតិ កាន់អត្តសញ្ញាណបណ្ណ័លេខ ០៥០៨៦៤០៩៩(០១) បើកកុងតឺន័រលេខSZLU9415762(40) ដែលមានលេខក្បាលឡាន ភ្នំពេញ3E-7413 ។ ២-ឈ្មោះម៉ុំសូត្រ បើកកុងតឺន័រលេខ HMMU5490786(40)ស្លាកលេខភ្នំពេញ3F-0648 ដោយមានអត្តសញ្ញាណបណ្ណ័លេខ០៩០៨២៥៨២ ។ ៣,ឈ្មោះសោមរិទ្ធី បើកកុងតឺន័រលេខ SZLU9430540(40)រថយន្តពាក់ស្លាកលេខភ្នំពេញ 3F-9610 ។,ឈ្មោះសេង សុវណ្ណដេត បើកបរកុងតឺន័រលេខ HDMU5591398(40)រថយន្តពាក់ស្លាកលេខភ្នំពេញ3B-6322 កាន់អត្តសញ្ញាណបណ្ណ័លេខ០៩០៩១៨៩៤៧ ។
សារភាព អ្នកបើកបររថយន្ត បានបញ្ជាក់ប្រាប់ថា ទំនិញសាច់បង្កកទាំងអស់នេះ គឺបាននាំចូលពីប្រទេសវៀតណាម ឆ្លងដែនចូលមកចំណុចសូន្យនៃច្រកទ្វាព្រំដែនអន្តរជាតិក្រុងបាវិត រួចហើយបានផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យមកកម្ពុជា តាមមាត់ច្រកទ្វាព្រំដែនអន្តជាតិបាវិត ហើយដឹកទៅមាត់ច្រកទ្វាតំបន់ព្រំដែនដូងស្រុករមាសហែក ។ ហើយទំនិញទាំងអស់នេះ គឺជារបស់ក្រុមហ៊ុនSBL ដែលមានទីតាំងនៅក្រុងបាវិត ។

ពាក់ព័ន្ធនឹងករណីនេះលោក ហៀង ដារ៉ា ប្រធាន (ក.ប.ប )ខេត្តបានផ្តល់ព័ត៌មាន យើងថា សាច់បង្កក (ជើងមាន់) ចំនួនជាង១០២តោននេះត្រូវដុតកម្ទេចចោលនៅថ្ងៃទី០៤ កុម្ភៈ ២០២៤ កន្លងទៅ ។ ចំណែកតៃកុងរថយន្ត៤នាក់ និងបុរសម្នាក់ដែលអះអាងថា ជាម្ចាស់រថយន្តកុងតឺន័រទាំង៤គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនព្រមទាំងរថយន្តយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ មកដល់ថ្ងៃទី៦ កុម្ភៈ ២០២៤ លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀងបានកោះហៅ ម្ចាស់ក្រុមហ៊ុនSBL ឈ្មោះសម្បត្តិឲ្យចូលខ្លួនមកដោះស្រាយនៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីបំភ្លឺករណីនេះហើយលទ្ធផលយ៉ាងណា សូមរង់ចាំអ៊ុតនៅពេលក្រោយ ដោយធុំក្លិនមិនសូវល្អ សង្ស័យមានមន្ត្រីជំនាញមួយចំនួនជាប់ពាក់ព័ន្ធដូចសម្លរកំពឹស? ៕

អត្ថបទដែលជាប់ទាក់ទង