Banner KNP Detail Top

ស្ដ្រីម្នាក់ យកមាស១ដំឡឹងទៅលក់យកលុយចាយ ដោយខ្លាច

ស្ដ្រីម្នាក់ យកមាស១ដំឡឹងទៅលក់យកលុយចាយ ដោយខ្លាចប្តីស្តីបន្ទោសក៏ខលទូរសព្ទ័ ទៅប្តឹងសមត្ថកិច្ចថា ចោរចូលប្លន់ដល់ក្នុងផ្ទះ ចុងក្រោយ…

ខេត្តព្រៃវែង៖ អធិការដ្ឋាននគរបាលស្រុកបាភ្នំ ឱ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ ជាច្រើនរូប បើកការចុះស្រាវជ្រាវស៊ើបអង្កេតទាំងយប់ទាំងថ្ងៃ ២៤ម៉ោង លើ ២៤ម៉ោង អស់រយៈពេលជាច្រើនថ្ងៃមក ជាលទ្ធផល ករណីក្រុមចោរចូលប្លន់ផ្ទះ របស់ស្រ្តីឈ្មោះ ផេង សាវឿន អាយុ ៤៣ឆ្នាំ យកមាសអស់ ០១ ដំឡឹង នៅភូមិត្រោក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជារឿងប្រឌិតទាំងស្រុង មិនមែនជាការពិតឡើយ ។

គួរបញ្ជាក់ថា កន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមជាច្រើន ពាក់ព័ន្ធនឹងករណីក្រុមចោរចូលប្លន់ផ្ទះ របស់ស្រ្តីឈ្មោះ ផេង សាវឿន អាយុ ៤៣ឆ្នាំ យកមាសអស់ ០១ ដំឡឹង នៅភូមិត្រោក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ។
អធិការដ្ឋាននគរបាលស្រុកបាភ្នំ សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ដ្រីឈ្មោះ ផេង សាវឿន បានទូរស័ព្ទមកប្ដឹងនគរបាលថា មានក្រុមចោរចូលផ្ទះរបស់ខ្លួនប្លន់យកទ្រព្យសម្បត្តិ ។ ក្រោយទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ឯក មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ បានដឹកនាំកម្លាំងជំនាញ ចុះពិនិត្យស្រាវជ្រាវ ស៊ើបអង្កេតដល់ទីតាំងកើតហេតុ ។
ករណីនេះ កម្លាំងការិយាល័យជំនាញទាំង ៣ នៃផែននគរបាលព្រហ្មទណ្ឌ សហការណ៍ ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ ស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទាំងយប់ទាំងថ្ងៃ ទើបបានរកឃើញតម្រុយឈានដល់ការសន្និដ្ឋានថាមិនមែនជាករណីប្លន់នោះឡើយ ។ បន្ទាប់មកទៀត កម្លាំងនគរបាល ក៏បានអញ្ជើញស្ត្រីជាម្ចាស់ផ្ទះ និងសាក្សីមួយចំនួន មកធ្វើការសួរនាំ និងបំភ្លឺ នៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ ។
ដោយមានការសង្ស័យថាជាការប្រឌិត នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានសួរនាំស្រ្តីឈ្មោះ ផេង សាវឿន អស់ជាច្រើនលើក ទើបស្ដ្រីខាងលើ បានឆ្លើយសារភាពថា រូបខ្លួន មិនត្រូវបានក្រុមចោរប្លន់យកទ្រព្យសម្បត្តិអ្វីឡើយ គឺរូបខ្លួនយកមាស ១ដំឡឹងនោះ ទៅលក់យកលុយមកសងគេ និងចាយវាយប្រចាំថ្ងៃ ដោយសាររូបខ្លួនជំពាក់លុយគេច្រើន ប៉ុន្តែខ្លាចប្ដីខឹង និងស្ដីបន្ទោស ទើបរូបខ្លួនក្លែងបន្លំប្រឌិតរឿង ធ្វើជាមានក្រុមចោរប្លន់ ហើយក៏ប្ដឹងទៅនគរបាល ដើម្បីជួយអន្តរាគមន៍ ។ ស្ដ្រីនេះ កម្លាំងនគរបាលជំនាញ កំពុងបំពេញនីតិវិធីតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង